(ព្រះសីហនុ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបសំណាក ព្រះស្កន្ទគង់លើក្ងោក ស្ថិតនៅភូមិចំណុចប្រសព្វវិថី ២ធ្នូ និងវិថីសម្តេចតេជោ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា រូបសំណាក «ព្រះស្កន្ទគង់លើក្ងោក» ធ្វើពីស្ពាន់ ព្រះនេត្រធ្វើពីត្បូងនិល ដៃស្តាំកាន់ត្រីសូរ ដៃឆ្វេងកាន់ឈូក មានកម្ពស់សរុប ១២,៣៦ម៉ែត្រ ដែលគូរ និងកសាងដោយវិចិត្រករខ្មែរ ដែលរចនាឡើងស្ថាបត្យកម្មសិប្បកម្មរបស់ខ្មែរវីរសិង្ហ ចំណាយពេលគូរ និងចាក់ស្ពាន់ ក្នុងប្រទេសកម្ពុជាប្រមាណ ៧ខែ ហើយការដំឡើងនេះ គឺដើម្បីបង្ហាញពីវប្បធម៌ និងសុខសន្តិភាព។ 

រូបសំណាកនេះ ជាឥរិយាបថ ដែលព្រះអង្គយាងពីធ្វើសង្រ្គាម បន្ទាប់ពីឈ្នះសង្គ្រាម ព្រះអង្គបានគង់លើសត្វក្ងោក។  រូបសំណាកនេះ ក៏បានក្លាយជារូបសំណាកទី៤ បន្ទាប់ពីរូប សំណាកធំៗចំនួន៣ផ្សេងទៀតដែលត្រូវ បានកសាងលើទឹកដី ខេត្តព្រះសីហនុ បន្ទាប់ពីរូប ព្រះថោងនាងនាគ ដែលកំពុងទទួល បានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យមកទស្សនាទស្សនា និង ថតផ្តិតយករូបភាព យ៉ាងច្រើនកុះករនាពេលបច្ចុប្បន្ន ម៉្យាងទៀត រូបសំណាកនេះ ក៏បាន ចូលរួមចំណែកក្នុងការលើកកម្ពស់សោភណភាព បរិស្ថានខេត្តព្រះសីហនុកាន់តែស្រស់ បន្ថែមមួយកម្រិតទៀត។

បន្ទាប់មកទៀត សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជា នៅកន្លែង រូបសំណាកតោពីរ ក្រុងព្រះសីហនុ, បដិមាព្រះថោងនាងនាគ ឃុំបិតត្រាំង ស្រុកព្រៃនប់, បដិមាព្រះឧមាមហេសូ ស្ថិតនៅ ឃុំរាម ស្រុកព្រៃនប់ បន្ទាប់មកនិមន្ត សម្តេចសង្ឃ និងព្រះសង្ឃ ប្រោះព្រំ «ថ្មសុភមង្គល» ផងដែរ៕