(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំកិច្ចប្រជុំរបស់ខ្លួន ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មនៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយកិច្ចប្រជុំត្រូវបានរៀបចំឡើង ដោយមានការរាយការណ៍ ពីវឌ្ឍនភាពការងារនៃអគ្គនាយកដ្ឋាន ទាំង០៥ និងថ្នាក់ដឹកនាំ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

ថ្លែងក្នុងឱកាសនៃកិច្ចប្រជុំ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានណែនាំឲ្យមន្ត្រីទាំងអស់ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវពង្រឹងភាសាអង់គ្លេសរបស់ខ្លួន ឲ្យបានខ្លាំងឡើង ព្រោះក្នុងបរិបទនៃសាកលភាវូបនីយកម្ម និងជាពិសេសក្នុងកាលៈទេសៈ នៃការចូលជាធរមាននៃសហគមសេដ្ឋកិច្ចអាស៊ាន កម្ពុជាត្រូវការជាចាំបាច់បំផុត នូវធនធានមនុស្ស ដែលអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ មិនថាក្នុងវិស័យឯកជន ឬវិស័យរដ្ឋ។ លោកទេសរដ្ឋមន្ត្រី បានណែនាំឲ្យនាយកដ្ឋានជំនាញ របស់ក្រសួង ត្រូវរៀបចំឲ្យបានច្រើន នូវវគ្គបណ្តុះបណ្តាលភាសាអង់គ្លេស ហើយត្រូវរៀបចំឲ្យមានការប្រឡង ដើម្បីវាស់ស្ទង់សមត្ថភាពភាសាអង់គ្លេស របស់មន្ត្រីនីមួយៗ ព្រមទាំងមានការលើកទឹកចិត្ត ចំពោះមន្ត្រីណា ដែលមានសមត្ថភាពខ្ពស់។

ក្នុងកិច្ចប្រជុំផងដែរ ថ្នាក់ដឹកនាំក្រសួង ក៏បានលើកឡើងពីឧបករណ៍ បច្ចេកទេសមួយប្រភេទ ដែលបង្កើតឡើងដោយសិស្សសាលាតិចណូ មួយក្រុម នោះ គឺអំពូលភ្លើងខ្នាតតូច ដែលដើរដោយថាមពលសូឡា។ អំពូលភ្លើងខ្នាតតូចនេះ ត្រូវបានបង្កើតឡើងដោយ ប្រើប្រាស់វត្ថុធាតុដើមសាមញ្ញៗ ដែលមានតម្លៃថោក និងអាចរកទិញបាន នៅតាមទីផ្សារ។ តាមការឲ្យដឹង អំពូលប្រភេទនេះ គឺបញ្ចេញពន្លឺដោយប្រើប្រាស់ ថាមពលសូឡា ដែលបានពីពន្លឺព្រះអាទិត្យ ដោយមិនចាំបាច់ចំណាយ លើការប្រើប្រាស់ថាមពលអគ្គិសនី។ ក្នុងអំពូលមួយគ្រឿង គឺអាចបំភ្លឺបានក្នុងបរិវេណបន្ទប់ ប្រហែល២០ម៉ែត្រការ៉េ ហើយអំពូលប្រភេទនេះ មានតម្លៃផលិតប្រហែល ៨ ទៅ ១០ដុល្លារ ក្នុងមួយគ្រឿង។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានជំរុញឲ្យក្រុមនិស្សិត ផ្នែកបច្ចេកទេស និងបច្ចេកវិទ្យាខិតខំបន្ថែមទៀត ក្នុងការស្រាវជ្រាវ និងបង្កើតនូវឧបករណ៍ បច្ចេកទេសនានា ដែលមានតម្លៃថោក ដើម្បីសម្រួលដល់ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាជននៅតាមទីជនបទ ហើយក៏ត្រូវខិតខំស្រាវជ្រាវបង្កើតផងដែរ នូវឧបករណ៍ដែលមានបច្ចេកវិទ្យាទំនើបៗ ដើម្បីត្រៀមប្រកួតប្រជែង ជាមួយផលិតផលនាំចូល និងទាក់ទាញទុនវិនិយោគ លើវិស័យបច្ចេកវិទ្យា។ ដើម្បីជាការលើកទឹកចិត្ត លោកទេសរដ្ឋមន្ត្រី បានបញ្ជាទិញអំពូលខ្នាតតូចនេះ ចំនួន ២០គ្រឿង សម្រាប់ចែកជូនប្រជាពលរដ្ឋមួយចំនួន នៅតាមទីជនបទបានប្រើប្រាស់ផង និងដើម្បីសាកល្បងគុណភាព ឧបករណ៍នេះផង៕