(តាកែវ)៖ ស្ដ្រីម្នាក់ត្រូវបានគេស្គាល់ជាអាជីវករលក់មាសនៅផ្សារថ្នល់បត់ ស្ថិតនៅក្នុងឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោងខេត្តតាកែវ បានចាក់ដីលោភយកចំណីផ្លូវជាតិលេខ៣ ហើយយកបង្គោលថ្នទៅដាំលើដីដែលគេមានប្លង់ កម្មសិទ្ធិស្របច្បាប់ ដែលប្លង់បានកំណត់ច្បាស់ថា ដីជាប់ និងជាតិលេខ៣។ បើទោះបីជាមានការឃាត់ពីសំណាក់មន្រ្តីអាជ្ញាធឃុំបឹងត្រាញ់ខាងត្បូង និងអាជ្ញាធរស្រុកសំរោង យ៉ាងណាក៏ស្រ្តីរូបនោះ មិនព្រមស្ដាប់តាមការណែនាំឡើយ។

លោក គឹម ណន មេឃុំបឹងត្រាញ់ខាងត្បូង បានថ្លែងឲ្យដឹងថា ដីដែលស្ដ្រីឈ្មោះ ងាវ តង ទៅបោះបង្គោលថ្មនេះ ជាដីចំណីផ្លូវរបស់រដ្ឋ ហើយអាជ្ញាធឃុំមិនដែលបានបោះត្រា ឬទទួលដឹងលឺពីការទិញដូនោះទេ ព្រោះជាទង្វើខុសច្បាប់ក្នុងការទិញលក់ដីចំណីផ្លូវរបស់រដ្ឋ។ ពាក់ព័ន្ធការដាំបង្គោលថ្មនេះ ខាងអាជ្ញាធឃុំ និងមន្រ្តីសូរីឲិយោដីស្រុកសំរោង បានចុះទៅហាមឃាត់ តែបុគ្គលខាងលើមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធនោះទេ។

ដោយឡែក ការសាងសង់បង្គោលមុខដីកម្មសិទ្ធិរបស់គេ ប្រធានសូរិយោដីស្រុកសំរោង លោក ហុង ឡាក់ បានបញ្ជាក់ថា បញ្ហានេះលោកបានហាមឃាត់ហើយ ដើម្បីឲ្យភាគីដាំបង្គោលឈ្មោះ ងាវ តង ចុះរុះរើចេញក្នុងពេលឆាប់ៗនេះ។

លោកបានបញ្ជាក់បែបនេះថា «បញ្ហានេះ ខ្ញុំបានចុះធ្វើកំណត់ហេតុហាមឃាត់ និងបានណែនាំឲ្យភាគីដាំបង្គោល រុះរើបង្គោលចេញក្នុងពេលឆាប់ៗនេះហើយ»

លោក ម៉ូន សម្បត្តិ ម្ចាស់ដីដែលគេរំលោភបំពានដោយសាងសង់មុខដីរបស់ខ្លួន បានលើកឡើងថា ដីរបស់គាត់ដែលមានលេខក្បាលដី១៣៣៧ ទំហ៊ំទទឹងចំនួន២៥ម៉ែត្រ និងបណ្ដោយជាង៣០ម៉ែត្រ ស្ថិតនៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ត្រូវបានចេញប្លង់កម្មសិទ្ធស្របច្បាប់តាំងពីឆ្នាំ២០១៥មកម្លេះ ដោយប្លង់កម្មសិទ្ធបានកំណត់ច្បាស់លាស់ដោយដីជាប់ផ្លូវជាតិលេខ៣។

ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុនស្រាប់តែមានបុគ្គលម្នាក់ឈ្នោះ ងាវ តង ជាអាជីវករលក់ដូមាសនៅផ្សារថ្នល់បត់ បានមកដាំបង្គោលថ្មនៅមុខដីរបស់គាត់ ដោយអះអាងថា ដីនេះគេទិញពីអ្នកផ្សេង។ ក្រោយបុគ្គលនេះធ្វើសកម្មភាព រំលោភបំពានទាំងកម្រោលបែបនេះ លោកបានប្ដឹងទៅអាជ្ញាធរឃុំ និងមន្រ្តីសូរិយោដី ហើយមន្រ្តីឃុំនិងសូរិយោដីរួមទាំងអភិបាលរងស្រុកសំរោង បានចុះមកសម្របសម្រួល និងហាមឃាត់ការសាងសង់ តែបុគ្គលនេះនៅតែរំលោភបំពាន៕