(កំពង់ធំ)៖ លោក ណៃ ស៊ីណេង អតីតសកម្មជនបក្សប្រឆាំង, អនុប្រធានចលនាប្រជាធិបតេយ្យប្រចាំប្រទេសកូរ៉េខាងត្បូង សមាជិកក្រុមការងារអតីតគណបក្សសង្គ្រោះជាតិ, អនុប្រធានគណបក្សភ្លើងទៀន​ខេត្តកំពង់ធំ និងជាស្ថាបនិកបង្កើតគណបក្សកម្លាំងជាតិ បានប្រកាសចាកចេញពីអតីតបក្សប្រឆាំងមួយនេះហើយស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។

សកម្មក្រុមប្រឆាំងនេះ បានលើកឡើងថា សម្រាប់លោកផ្ទាល់បច្ចុប្បន្ននេះ គ្មានគណបក្សប្រឆាំងណាមួយល្អជាងគណបក្សប្រជាជនកម្ពុជានោះទេ ដូច្នេះលោកគោរពសុំសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមធ្វើនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រឆាំងបានធ្វើនយោបាយមិនច្បាស់លាស់ បែកបាក់ផ្ទៃក្នុង បែកបាក់សាមគ្គី ដូច្នេះក្រោយលង់ខ្លួនចាញ់បោកនយោបាយបក្សប្រឆាំងជាច្រើនឆ្នាំ ទើបលោកយល់ថាគណបក្សប្រឆាំងនេះ មិនបានធ្វើអ្វីដើម្បីជាតិនោះទេ។

តាមរយៈវីដេអូដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ លោក ណៃ ស៊ីណេង បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទសូមគោរពដល់សម្តេចពុក ដោយសារពីមុនខ្ញុំធ្វើការប្រឆាំង ជាមួយសម្តេចដោយមិនបានគិតគ្រប់ជ្រុងជ្រោយ ហេតុដូច្នេះ បានជាខ្ញុំប្រឆាំងទាំងងងឹតងងុល ក៏ប៉ុន្តែបច្ចុប្បន្ននេះ ទើបខ្ញុំបានត្រឹះរិះពិចារណា ខ្ញុំគិតថាមានតែគណបក្សប្រជាជនមួយទេ ដែលអាចធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើន ទើបខ្ញុំសម្រេចចិត្តផ្តាច់ខ្លួនចេញពីគណបក្សប្រឆាំង និងគោរពស្នើសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា»

លោកបានបន្ថែមថា បន្ទាប់ពីតាមដានយ៉ាងយកចិត្តទុកដាក់អំពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងវាយតម្លៃខ្ពស់ថាគណបក្សប្រជាជនកម្ពុជាមានឧត្តមគតិស្នេហាជាតិ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ និងប្រជាជន ហើយបានសម្រេចនូវសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិកម្ពុជា៕