(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ បានលើកឡើងថា រាល់ពេលជួបជាមួយមិត្តភក្តិបទេស សម្តេចតែងរំលឹកពួកគេកុំឱ្យប្រព្រឹត្តកំហុសលើកទី៣ លើប្រទេសកម្ពុជា និងសូមបញ្ឈប់បង្កការឈឺចាប់ដល់ប្រជាជនកម្ពុជាតទៅទៀត។

ការលើកឡើងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបិទសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មាន អំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ។

បើតាមសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេរៀនពីប្រវត្តសាស្ត្រចំពោះកំហុសទាំង២ ដែលបរទេសបង្កើតឡើងលើដីកម្ពុជា បង្កជាវិនាសកម្ម គឺទី១៖ បរទេសគាំទ្ររដ្ឋប្រហារទម្លាក់សម្ដេច សីហនុ រហូតឈានមានសង្គ្រាមប្រល័យពូជសាសន៍ និងទី២៖ ការគាំទ្ររបស់បរទេសដល់អាសនៈរបស់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិ និងដាក់ទណ្ឌកម្មការទូតលើរដ្ឋាភិបាលស្របច្បាប់ បង្កទុក្ខលំបាកដល់កម្ពុជា។ ដូច្នេះសុំកុំសាងកំហុសលើកទី៣ លើកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «ខ្ញុំគួរតែបញ្ជាក់ចំណុចនេះខ្ញុំតែងបានជួបជាមួយអ្នកកាទូត ឬអ្នកនយោបាយនៃប្រទេសមួយចំនួន ខ្ញុំតែងរំលឹកពួកគេថា សូមអ្នកកុំកសាងកំហុសទី៣ ព្រោះពួកអ្នកធ្លាប់បានកសាងកំហុស២លើករួចមកហើយ។ លើកទី១ ជាអ្វី? អស់លោកគិតមើលតើមានប្រទេសប៉ុន្មានទៅដែលបានគាំទ្រ លន់ នល់ ធ្វើរដ្ឋប្រហារ ក្នុងពេលដែលគេតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ គេធ្វើរដ្ឋប្រហារទម្លាក់ សម្តេច ព្រះនរោត្តម សីហនុ ជារដ្ឋប្រហារយោធា​ ក្នុងពេលដែលគេតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ...»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើអន្តរជាតិប្រកាន់យកឥរិយាបថដាក់ទណ្ឌកម្មលើពួករបប លន់ នល់ ដូចធ្វើដាក់របបយោធារបស់មីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន ប្រហែលជាប្រទេសកម្ពុជា មិនធ្លាក់ដល់ដៃពួកខ្មែរក្រហមកាន់កាប់អំណាចរហូតសម្លាប់អាយុជីវិតប្រជាជនស្លូតត្រង់រាប់លាននាក់នោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានចោទជាសំណួរ និងបង្ហាញការសោកស្តាយថា តើប្រទេសទាំងនោះធ្លាប់បានកត់ត្រានូវក្នុងកំណត់ផ្ទៃក្នុងរបស់ខ្លួនថា ការទទួលស្គាល់របប លន់ នល់ គឺជាកំហុស ព្រោះវាមិនមែនជាដំណើរការប្រជាធិបតេយ្យទេ? ប៉ុន្តែ ជាអកុសលកម្ពុជា រដ្ឋប្រហារយោធាមួយត្រូវបានប្រទេសដែលប្រកាសខ្លួនឯងជាបិតាប្រជាធិបតេយ្យទទួលស្គាល់។ សម្រាប់បរទេសទាំងនោះមិនដែលទទួលស្គាល់ថាពួកគេបានសាងកំហុសដ៏ធ្ងន់ធ្ងរនៅកម្ពុជានោះទេ។

«ទី២៖ ការទទួលស្គាល់ឱ្យខ្មែរក្រហមអង្គុយ១២ឆ្នាំ នៅអង្គការសហប្រជាជាតិហើយមកដាក់ទណ្ឌកម្ម អ្នកដែលបានប្រឹងប្រែងងើបឡើង ដើម្បីប្រឆាំង ប៉ុល ពត ស៉ីអត់ ស៉ីឃ្លាននៅទីនេះ អ៊ឹចឹងសូមកុំសាងកំហុសលើកទី៣ ចំពោះកម្ពុជា ព្រោះអ្នកបានកសាងកំហុស២លើករួចមក ហើយចំពោះកម្ពុជា»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីឈឺចាប់ពីពេលដែលប្រទេសមួយចំនួនបានបន្តគាំទ្រតំណាងរបប់ប្រល័យពូសាសន៍ ខ្មែរក្រហម ដែលបានកាប់សម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់រាប់លាននាក់ឱ្យបន្តអង្គុយនៅអង្គការសហប្រជាជាតិ រយៈពេល១២ឆ្នាំ ហើយបែរជាងាកមកដាក់ទណ្ឌកម្មការទូត និងការហ៊ុំព័ទ្ធសេដ្ឋកិច្ចរយៈពេល១២ឆ្នាំ ដល់រដ្ឋាភិបាលដែលរំដោះប្រជាជនឱ្យរស់រានមានជីវិតពីរណ្តៅមរណៈ ក្រោមក្រញាំដៃ ពួកខ្មែរក្រហមទៅវិញ។

ត្រង់ចំណុចនេះ អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្នខ្ពស់ ដោយមិនអនុញ្ញាតឱ្យមានសមាសភាពណាមួយក្នុងសង្គមបណ្តុះពន្លក នៃវប្បធម៌នយោបាយជ្រុលនិយម ម្តងទៀតបានឡើយ តាមរយៈការសាបព្រួសមនោគមន៍វិជ្ជា ​និងការជំរុញចលនាតស៊ូវណ្ណៈ ការស្អប់ខ្ពើមប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ការប៉ុនប៉ងផ្លាស់ប្តូរដែលផ្ទុយនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការរើសអើងពូជសាសន៍ឡើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ជាយោបល់ដល់សហគមន៍អន្តរជាតិ ចាំបាច់ត្រូវតែរួមគ្នាដាក់របាំងប្រឆាំងរាល់ការប៉ុនប៉ងណាមួយដែលអាចបង្កឱ្យមានការកើតឡើងនូវសង្គ្រាមត្រជាក់សារជាថ្មី ហើយចុងក្រោយរុញច្រានឱ្យជម្លោះ ឬសង្គ្រាមក្តៅជារូបវន្តផ្អែកលើការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលជាយថាហេតុបង្កនូវការបាត់បង់ទ្រព្យសម្បត្តិ និងកាលានុវត្តភាពនៃការអភិវឌ្ឍ ជាពិសេសការបាត់បង់អាយុជីវិតរបស់ប្រជាជនដូចអ្វីដែលកំពុងកើតឡើងនៅតំបន់មួយចំនួននៅលើពិភពលោក៕