(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នកាន់តំណែងជាប្រធានព្រឹទ្ធសភា ហើយជាបិតាស្ថាបនិកនយោបាយឈ្នះឈ្នះនៅកម្ពុជា បានរំលឹករឿងបែបចំអកទៅកាន់បរទេសខ្លួនថា នៅពេលរបបខ្មែរក្រហមខ្លាំង គ្មានបរទេសណាម្នាក់ចេញមកមុខឈប់ទទួលស្គាល់របបនេះនៅក្នុងអង្គការសហប្រជាជាតិនោះទេ លុះរបបខ្មែរក្រហមខ្សោយ ទើបនាំគ្នាឈប់ទទួលស្គាល់។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រៀបឥរិយាបថបរទេសខ្លួនទៅនឹងពាក្យស្លោករបស់ខ្មែរថា «ក្របីស៉ីស្រូវបងមិនសូវហ៊ានដេញ ក្របីដើរចេញបងដេញឲ្យស្រីមើល» និងពាក្យ «ក្រពើក្នុងទឹកបងមិនហ៊ានចាប់ ក្រពើងាប់ស្រាប់បងចាប់ឲ្យស្រីមើល»។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «តើនេះស្រដៀងគ្នានឹងពាក្យថា «ក្របីស៉ីស្រូវបងមិនសូវហ៊ានដេញ ក្របីដើរចេញបងដេញឲ្យស្រីមើល, ក្រពើក្នុងទឹកបងមិនហ៊ានចាប់ ក្រពើងាប់ស្រាប់បងចាប់ឲ្យស្រីមើល»? នៅពេលដែលខ្មែរក្រហមនៅខ្លាំងគ្មានអ្នកណាមួយអើតក្បាល មកនិយាយអំពីបញ្ហាទាក់ទិនជាមួយរឿងកាត់ទោសខ្មែរក្រហម ឬឈប់ទទួលស្គាល់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិនោះទេ»។

បើទោះបីអតីតកាលកន្លងផុតទៅ ប៉ុន្ដែបានបន្សល់នូវរឿងរ៉ាវឈឺចាប់ និងបទពិសោធន៍សម្រាប់ប្រជាជ​នកម្ពុជា ដែលត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន គ្រាន់តែចង់ឲ្យបរទេសខ្លះភ្ញាក់ខ្លួន ចំពោះកំហុសឆ្គងរបស់ខ្លួនមកលើកម្ពុជាកាលពីអតីតកាល ពោលនៅពេលដែលពួកគេគាំទ្រអាសនៈរបស់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិ ហើយបង្ហាញពីការខ្វះភាពយុត្តិធម៌ និងសុគតភាពនៅពេលនោះ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា កំហុសឆ្គងនេះគ្រាន់តែចង់ឲ្យបរទេសមួយចំនួនដឹងខ្លួនប៉ុណ្ណោះ ហើយសម្ដេចមិនទាមទារឲ្យបរទេសនោះប្រកាសពីការដឹងកំហុសរបស់ខ្លួននោះទេ។ សម្ដេចចាត់ទុកថា ពិសោធន៍នៃកំហុសដ៏ធ្ងន់មួយនេះ មិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះទេ ពោលជារឿងដែលពាក់ព័ន្ធប្រទេសជាច្រើនទៀត ដែលជាអ្នករៀបចំគោលនយោបាយដំណាក់កាលនោះ។

សម្ដេចតេជោប្រធានព្រឹទ្ធសភា និងជាបិតាស្ថាបនិកនយោបាយឈ្នះឈ្នះបញ្ចប់សង្គ្រាមនាំមកនូវការអភិវឌ្ឍដូចសព្វថ្ងៃនេះ បានទាញការចាប់អារម្មណ៍រឿងរ៉ាវមួយទៀត ដែលបានកើតឡើងកាលពីពេលនោះ នៅអង្គការសហប្រជាជាតិ ដោយនៅពេលលន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​ ពី​ព្រះប្រមុខរដ្ឋ​ នៅឆ្នាំ១៩៧០ ភាពជាតំណាងត្រូវបានប្រគល់ឲ្យលន់ នល់។

លុះក្រោយមកនៅពេលក្រុម លន់ នល់ ចុះខ្សោយទៅៗ គ្រប់គ្រងទឹកដីមិនដល់១០ភាគរយផងនោះ អាសនៈនៅអង្គការសហប្រជាជាតិ នៅតែរក្សាទុកសម្រាប់ពួក លន់ នល់ ដដែល ក្រោមហេតុផលថា លន់ នល់ កាន់កាប់រដ្ឋធានី ទាំងដែលទឹកដីប្រមាណ៩០ភាគរយទៀត ត្រូវគ្រប់គ្រងដោយភាគីរដ្ឋកម្ពុជា។ ត្រង់ចំណុចនេះ សម្ដេចលើកឡើងថា ហេតុផលនៃការសម្រេចបែបនេះ គ្រាន់តែតម្រូវតាមអ្វីដែលគេចង់បានប៉ុណ្ណោះ ពោលមិនភាពយុត្តិធម៌ឡើយ។

យ៉ាងណាមិញ រឿងរ៉ាវនេះគ្រាន់តែជារឿងប្រវត្តិសាស្ដ្រកម្ពុជា ពីមួយដំណាក់កាលទៅមួយដំណាក់កាល ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បង្ហើបផ្ញើសារទៅកាន់បរទេសខ្លះ និងចង់ឲ្យកូនខ្មែរជំនាន់ក្រោយចង់ចាំទុកនូវរឿងប្រវត្តិសាស្ដ្រជូរចត់មួយនេះ នៅពេលកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាម។ សម្ដេចអះអាងថា សម្តេចក៏បានមានប្រសាសន៍ពីប្រវត្តិសាស្ត្រកម្ពុជា ដោយថតទុករយៈពេល៤៨ម៉ោងរួចហើយ តែ១០ឆ្នាំក្រោយទើបអនុញ្ញាតឲ្យផ្សព្វផ្សាយ៕