(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការដណ្តើមអំណាចតាមមធ្យោបាយដែលប្រាសចាកប្រជាធិបតេយ្យ គឺជាឫស្សគល់បំផ្លាញសន្តិភាព និងនាំឱ្យមានអំពើប្រល័យពូជសាសន៍ ដូច្នេះត្រូវតែទប់ស្កាត់និងកម្ចាត់ឱ្យបាននូវចលនាទាំងឡាយដែលប្រាសចាកលទ្ធិប្រជាធិបតេយ្យ ដូចជាការធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល ការធ្វើបដិវត្តពណ៌ជាដើម។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបិទសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅសាលយុត្តិតេជោ ឬជាអតីតសាលាជំនុំជម្រះក្ដីអតីតមេដឹកនាំខ្មែរក្រហម។

នាឱកាសនោះ សម្ដេចតេជោបានឱ្យដឹងថា មធ្យោបាយដើម្បីការពារកុំឱ្យមានរបបប្រល័យពូជសាសន៍ ដំបូងបំផុតគឺត្រូវការពារសន្តិភាពឱ្យបាន បើការពារសន្តិភាពបានហើយ មិនចាំបាច់ព្រួយបារម្ភពីរឿងមានអំពើប្រល័យពូជសាសន៍ទេ ហើយក៏ត្រូវការពារដូចគ្នាដែរនូវការដណ្ដើមអំណាចដោយមធ្យោបាយមិនប្រជាធិបតេយ្យ។

សម្ដេចតេជោថ្លែងយ៉ាងដូច្នេះថា «សូមកុំធ្វើរដ្ឋប្រហារផ្ដួលរំលំ សូមកុំដណ្ដើមអំណាចដោយមធ្យោបាយមិនប្រជាធិបតេយ្យ ដែលជាឫសគល់នៃសង្គ្រាម ហើយក៏ជាឫសគល់នៃអំពើប្រល័យពូជសាសន៍ដែរ» សម្ដេចតេជោបានបន្តថា មុននេះមានប្រទេសមហាអំណាចបានលើកទ័ពចូលទៅប្រទេសក្បែរខាងខ្លួន នោះគឺជាគ្រោះថ្នាក់មួយបែប ប៉ុន្តែអ្វីដែលគ្រោះថ្នាក់ទៀត គឺដូចករណីប្រទេសកម្ពុជាអីចឹង គឺមានការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ។ សូមកុំភ្លេចថា ប្រសិនបើគ្មានរដ្ឋប្រហារ១៨ មីនា ១៩៧០ ទេនោះ ក៏គ្មានអំពើប្រល័យពូជសាសន៍កលតឡើងនោះដែរ។

សម្ដេចតេជោបន្តទៀតថា ពីមុនមានបរទេសញុះញង់ឱ្យធ្វើរដ្ឋប្រហារ ឥឡូវនេះគេមិនធ្វើរដ្ឋប្រហារទៀតទេ គឺគេធ្វើបដិវត្តពណ៌តែម្ដង អីចឹងគួរតែកម្ចាត់ចលនាបដិវត្តពណ៌នេះឱ្យបានមុន ជៀសវាងការបំផ្លាញសង្គម និងសន្តិភាព ឬអាចនាំដល់សង្គ្រាម និងអំពើប្រល័យពូជសាសន៍។ សម្ដេចរំឭកទៀតថា នៅកម្ពុជាកាលពី២០១៣ ក៏ធ្លាប់កើតមានបដិវត្តនេះដែរ តែសម្ដេចតេជោ ហ៊ុន សែន រកឃើញគន្លឹះរបស់វា គឺអព្យាក្រឹត្យកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល។

សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើដល់កងកម្លាំងដែរថា កម្លាំងប្រដាប់អាវុធអព្យាក្រឹត្យបានតែជាមួយគណបក្សនយោបាយនិងគណបក្សនយោបាយទេ ប៉ុន្តែរវាងរាជរដ្ឋាភិបាលជាមួយគណបក្សនយោបាយ ឬជាមួយក្រុមធ្វើបដិវត្ត មិនអាចអព្យាក្រឹត្យបានឡើយ គឺត្រូវតែការពាររាជរដ្ឋាភិបាល កម្ចាត់ក្រុមបដិវត្តផ្ដួលរំលំ។ ដើម្បីការពារប្រជាជន១៧លាននាក់ សូមកុំខ្លាចនឹងការកម្ចាត់ចលនាបដិវត្តពណ៌ ឬអនុវត្តច្បាប់ជាមួយអ្នកធ្វើខុសច្បាស់មួយក្ដាប់តូច៕