(ភ្នំពេញ)៖ ដោយទទួលបានបញ្ជាដឹកនាំពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០៨នាក់ ជាក្រុមក្មេងទំនើង ដែលមានឈ្មោះថា «សប្បាយបោះគេ (SBK)» នៅចំណុចហាងណាតកាហ្វេ សង្កាត់កាកាប១ ខណ្ឌពោធីសែនជ័យ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន០៤ករណី។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឱ្យដឹងពាក់ព័ន្ធការបង្ក្រាបករណីនេះថា

ករណីទី១៖ ព្រួតគ្នាដេញវាយ និងយកកាំបិតកាប់បណ្តាលរងរបួសជាទម្ងន់​ ​ប្រព្រឹត្តនៅចំណុចមុខហាងកាហ្វេរ៉ូលលើ ផ្លូវលេខ៥៦៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។

ករណីទី២៖ ​ព្រួតគ្នាដេញវាយ និងយកកាំបិតកាប់បណ្តាលឲ្យខូចខាតម៉ូតូចំនួន០២គ្រឿង ប្រព្រឹត្តនៅចំណុចតូបកាហ្វេដូងយីហោណាណាមុខផ្ទះលេខ៧ ផ្លូវលេខ៥៣៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។

ករណីទី៣៖ ព្រួតគ្នាដេញវាយ និងយកដាវកែច្នៃកាប់ ម៉ូតូបណ្តាលឲ្យខូចខាតចំនួន០១គ្រឿង​ ប្រព្រឹត្តចំណុចដីឡូតិ៍មួយកន្លែង ភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

ករណីទី៤៖ ព្រួតគ្នាដេញវាយ និងយកកាំបិតប៉័ងតោកាប់ ម៉ូតូបណ្តាលឲ្យរងការខូចខាត និងលួចយកមួកសុវត្ថិភាព និងទូរសព្ទ័ដៃ ប្រព្រឹត្តនៅចំណុចតូបកាហ្វេដូងយីហោណាណាមុខផ្ទះលេខ៧ ផ្លូវលេខ៥៣៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងការិយាល័យ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕