(ភ្នំពេញ)៖ តារាចម្រៀងល្បីល្បាញ ប្រចាំក្នុងផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី បានបង្ហាញមហិច្ឆតា របស់ខ្លួនយ៉ាងមុតមាំ ដើម្បីលះបង់កម្លាំងកាយចិត្ត ចូលរួមជាមួយ​កម្មវិធីតន្រ្តី សប្បុរសធម៌ ជួយដល់មន្ទីរពេទ្យ​«គន្ធបុប្ផា» ព្រោះនេះ​ជាសកម្មភាពសង្គមមួយ ដែលមានតម្លៃ សម្រាប់នាង ក្នុងនាម​ជាខ្មែរដូចគ្នា ជាពិសេស​គឺការជួយសង្គ្រោះ​ជីវិតកុមារក្រីក្រ រាប់ម៉ឺននាក់ ដែលកំពុងតែរងគ្រោះ​ដោយជំងឺផ្សេងៗ និងសម្រាកព្យាបាល​នៅក្នុងមន្ទីរពេទ្យ «គន្ធបុប្ផា»។

តារាចម្រៀងសាច់ស​ខ្ចី សំដីផ្អែមត្រជាក់​អង្រួនចិត្ដ យុវវ័យរបស់កម្ពុជា កញ្ញា សុខ ពិសី បានបង្ហា​ញចំណាប់អារ​ម្មណ៍ និងការតាំងចិត្តខ្ពស់ ក្នុងសន្និសីទសាព័ត៌មានមួយ នៅវិទ្យាល័យន័រតុន នារសៀលម្សិលមិញនេះថា «ខ្ញុំ​សុខចិត្ត​លះបង់ការងារ​​គ្រប់យ៉ាង​​ មក​ចូលរួម​ក្នុង​កម្មវិធី​ប្រគំតន្ត្រី​ ដើម្បី​រក​ថវិកា​ជួយ​ពេទ្យ​គន្ធបុប្ផា ដែលនឹងប្រារព្ធធ្វើ នៅថ្ងៃទី​១៧-១៨ ខែក​ញ្ញា ឆ្នាំ​២០១៦ខាងមុខនេះ ​ព្រោះនេះ​ការងារមាន​តម្លៃ​​​សម្រាប់​សង្គម​ ពិសេស​ជួយដល់​កុមារ​​កម្ពុជា!»​

តារារូបស្រស់​សំដីផ្អែម​ មានពីរោះក្រអៅក្រអូន រូបនេះ បានបន្ថែមថា «មន្ទីរ​ពេទ្យគន្ធបុប្ផានេះ បាន​ជួយ​ព្យាបាល​កុមារកម្ពុជា ​ដោយ​មិន​យកប្រាក់ ដូច្នេះខ្ញុំ​ចង់​ចូល​រួម​ ជួយ​​​តាម​លទ្ធភាព​ គឺដោយមិន​យក​ប្រាក់ឡើយ ហើយបើលើកក្រោយ​​មាន​កម្មវិធីនេះទៀត ខ្ញុំក៏រីករាយ​នឹងបន្តចូលរួមផងដែរ ព្រោះជាការស្រឡាញ់ចូលចិត្ដរបស់ខ្ញុំ ទោះគ្មានអ្វីជួយគាត់ច្រើន តែខ្ញុំនឹងប្រឹងប្រែង ដើម្បីជួយដល់ពួកគាត់ឲ្យបានច្រើន តាមរយៈការរួមចំណែក ជាមួយមន្ទីរពេទ្យគន្ធបុប្ផា និងកម្មវិធីសប្បុរសផ្សេងៗទៀត!»

សុខ ពិសី បានបញ្ជាក់ទៀតថា «នេះមិនមែនជាលើកទី១​ សម្រាប់ខ្ញុំទេ គឺខ្ញុំតែងតែចូលរួមគ្រប់​កម្មវិធីសប្បុរសទាំងអស់ ដោយមិនយកប្រាក់កម្រៃឡើយ ឲ្យតែបានជួយដល់កុមារ និងប្រជាពលរដ្ឋ ដែលក្រខ្សត់គ្រប់ទីកន្លែង ឲ្យតែកម្មវិធីសប្បុរសធម៌ ដើម្បីជួយពួកគាត់ គឺខ្ញុំសុទ្ធចិត្ដលះបង់ ការងារ និងពេលវេលាដើម្បីជួយដល់បងប្អូន ខ្មែរយើង»។

អ្វីដែលកាន់តែ មិននឹកស្មានដល់នោះ តារា​ចម្រៀង​ល្បី​រូប​នេះ​ បានបញ្ជាក់ថា គ្រប់ពេលឲ្យតែមានកម្មវិធី ដើម្បីជួយដល់កុមារ ឬក​ម្មវិធីសប្បុរសធម៌ផ្សេងៗ នាងសុខចិត្ត​លុប​ចោល ​ការងារ​ផ្ទាល់​ខ្លួន​​ទាំងអស់ ទាំងការថត​ផ្សាយពាណិជ្ជកម្ម​ ​និង​ថត​ខារ៉ាអូខេ ​បទ​ថ្មី​របស់​នាង ដោយ​បានស្នើសុំឲ្យខាងក្រុមហ៊ុន​ថត​ស្ប៉ត​ និង​ខារ៉ាអូខេ​ លើក​ទៅ​ថ្ងៃ​ក្រោយ​ ដើម្បីយកពេលវេលានេះ​ ចូលរួមកម្មវិធី​ប្រគំ​តន្ត្រី​ដ៏​សំខាន់​ ជួយដល់កុមារកម្ពុជា ដែលជាការងារសង្គមមួយ មិនអាចឲ្យនាង​អវត្តមានបានឡើយ៕