(អាល្លឺម៉ង់)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្ដីពី «ភាតរភាព និងសាមគ្គីភាព» នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំដោយ សហគមន៍ឥស្លាមទស្សនៈជាតិ IGMG  (Islamic Community Milli‌ Go‌ru‌s‌) សម្របសម្រួលដោយ អង្គការ Hasene International e.V ដែលជាអង្គការមួយស្ថិតនៅក្រោម IGMG ហើយមានអ្នកចូលរួមជិត៣ម៉ឺននាក់ មកពីបណ្តាប្រទេសចំនួន៤៣នៅលើសកលលោក។

ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ ទន្ទឹមគ្នានេះ កម្ពុជា បានយកចិត្តទុកដាក់ខ្ពស់បំផុត អំពីបញ្ហាសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលជាហេតុធ្វើឱ្យកម្ពុជាគ្មានជម្លោះជាតិសាសន៍ សាសនា និងការរើសអើងនោះទេ។

ជាពិសេស សហគមន៍ឥស្លាម ក៏ទទួលបាននូវការយកចិត្តទុកដាក់ និងការផ្តល់ជូនជាច្រើន មានដូចជា រាជរដ្ឋាភិបាលបានអនុញ្ញាត ឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម មានតួនាទីក្នុងជួររាជរដ្ឋាភិបាល ដូចជាក្នុងស្ថាប័ននិតីប្រតិបត្តិ នីតិប្បញ្ញត្តិ រដ្ឋបាលថ្នាក់ជាតិ និងក្រោមជាតិ ជាច្រើនរូបផងដែរ។ អ្នកចូលរួមក្នុងកិច្ចប្រជុំនេះ បានបង្ហាញការកោតសរសើរពីសុខដុមនីយកម្មជាតិសាសន៍ និងសាសនា និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។

នាឱកាសចូលរួមកិច្ចប្រជុំនេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានជួបពិភាក្សាការងារជាមួយលោក Kemal Ergün ប្រធានសហគមន៍ឥស្លាមទស្សនៈជាតិ (IGMG) និងលោក Bekir Altaş ប្រធានអង្គការ Hasene ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើកិច្ចការមនុស្សធម៌ និងការងារផ្សេងៗទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍ សង្គមជាតិទាំងមូល។

ក្នុងជំនួបនេះ លោកបណ្ឌិត បានស្នើប្រធាន IGMG ពិនិត្យលទ្ធភាពក្នុងការបញ្ជូនអង្គការ Hasene មកបង្កើតសាខា នៅកម្ពុជា  ដើម្បីរឹតចំណងមិត្តភាពរវាងគ្នា ផ្តល់ជំនួយ ក៏ដូចជាធ្វើការងារមនុស្សធម៌ឱ្យកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា ខណៈអង្គការHasene នេះ បានធ្វើការងារមនុស្សធម៌ជាច្រើននៅកម្ពុជា នាពេលកន្លងមក។​

ជាការឆ្លើយតប ប្រធាន IGMG  បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើតសាខាអង្គការ Hasene នៅកម្ពុជាផងដែរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើការងារមនុស្សធម៌ ខណៈសហគមន៍ដ៏ធំមួយនេះបានធ្វើសកម្មភាពជាច្រើន នៅលើសាកលលោក។

អង្គការអន្តរជាតិ Hasene កំពុងធ្វើកិច្ចសហប្រតិបត្តិការជិត ១០០ ប្រទេស ក្នុងនោះក៏មានកម្ពុជាផងដែរ ដែលបានផ្តល់ជំនួយជាច្រើន តាមរយៈអង្គការមូនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) ដែលមាន ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ជាប្រធាន និងសមាគមគ្រូពេទ្យឥស្លាមកម្ពុជា (IMAC) មានដូចជា ជំនួយសង្គ្រោះបន្ទាន់ ជំនួយកញ្ចប់អាហារខែរ៉ាម៉ាឌន ជំនួយគោគួរពាន គម្រោងជំនួយបរិច្ចាក(ហ្សាកាត់) ចិញ្ចឹមកុមារកំព្រា ផ្តល់អាហារូបករណ៍ សាងសង់ផ្ទះជូនជនក្រីក្រ និងផ្តល់គោចិញ្ចឹម សរុបជាថវិកាជាង ២លានដុល្លារអាមេរិក។

សូមជម្រាបថា IGMG គឺជាសហគមន៍ដ៏ធំមួយនៅតំបន់អឺរ៉ុប ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ ដែលមានសាខាជាង ២៥០០កន្លែង ជួយគាំទ្រអង្គការផ្សេងៗជាច្រើន ក្នុងនោះមាន អង្គការស្រ្តី អង្គការយុវជន និស្សិតសាកលវិទ្យាល័យ និងអង្គការយុវនារី។ អង្គការដ៏ធំមួយនេះ ត្រូវបានគេទទួលស្គាល់ច្រើន ដែលធ្វើសកម្មភាពនៅតំបន់អឺរ៉ុប ក្នុងនោះមាននៅបណ្តាប្រទេសមួយចំនួន មានដូចជា ស្កាតឌីណាវៀន (Scandinavian) បាល់កង់ អូស្ត្រាលី ជប៉ុន អាមេរិក តួកគី កៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) និងកាណាដា។ បច្ចុប្បន្នអង្គការនេះ បន្តជួយប្រជាជននៅបណ្តាជាង៤០តំបន់ ហើយមានអ្នកគ្រប់គ្រងជាង ២០ពាន់នាក់៕