(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋបានប្រទះឃើញ កាំភ្លើងធន់ធ្ងន់ប្រភេទ បេសែងកន្លះ១ដើម និងគ្រាប់មិនទាន់ផ្ទុះ​២គ្រាប់ ​ប្រគល់ឲ្យនគរបាល ស្រុកភ្នំក្រវាញ ដើម្បីទាក់ទងអង្គភាពស៊ីម៉ាក់យកទៅកម្ទេចចោល។ ហេតុការណ៍នេះកើតឡើង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចព្រៃត្រាំនង្គល ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក វង សាវ៉េត អធិការរងនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ប្រជាជនដែលបានប្រទះឃើញ កាំភ្លើងធនធ្ងន់ និងគ្រាប់មិនទាន់ផ្ទុះនោះ មានឈ្មោះ ប្រាក់ សំអៀក​ អាយុ ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបានប្រទះឃើញ កាំភ្លើងនេះ នៅក្នុងព្រៃត្រាំនង្គល ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ដែលកាំភ្លើង និងគ្រាប់ទាំងអស់នោះ មានគុណភាពចាស់ ​ហើយបានប្រគល់ឲ្យនគរបាលស្រុកភ្នំក្រវាញរក្សាទុក រងចាំអង្គភាពស៊ីម៉ាក់យកទៅកម្ទេចចោលនៅពេលក្រោយ។

ជាមួយគ្នានោះដែរ លោកអធិការស្រុក បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ នូវកាំភ្លើងធន់ធ្ងន់ និងគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះទាំងឡាយណា ដែលបន្សល់ពីសម័យសង្គ្រាមក្តី ឬផ្សេងក្តី ដែលបានមកពីគ្រប់មជ្ឈដ្ឋាន ត្រូវរាយការណ៍ជាបន្ទាន់ទៅកម្លាំងមានសមត្ថកិច្ច ឬអង្គភាពស៊ីម៉ាក់ដែលនៅជិតបំផុត ដើម្បីយកទៅកម្ទេចចោល ជៀសវាងកើតមានគ្រោះថ្នាក់ដល់មនុស្សជាយថាហេតុ៕