(សៀមរាប)៖ សម្រាប់តំបន់ទេសចរណ៍ល្បីៗ ជាច្រើន និងតំបន់បេតិកភណ្ឌពិភពលោក គឺតែងតែមានគេហទំព័រផ្ទាល់ ប្រចាំតំបន់ទាំងនោះ ដើម្បីផ្សព្វផ្សាយពីវិសាលភាព នៃតំបន់ទេសចរណ៍របស់ខ្លួនទៅកាន់ពិភពលោក។ ដូចគ្នានោះដែរ អាជ្ញាធរជាតិអប្សរា ដែលមានតួនាទីគ្រប់គ្រង អភិរក្ស និងរៀបចំតំបន់អង្គរដ៏ល្បីល្បាញ ក៏បានគ្រោងរៀបចំបង្កើតគេហទំព័រ www.angkor.com.kh សម្រាប់ផ្តល់ព័ត៌មានទូលំទូលាយ អំពីសក្តានុពលវិស័យទេសចរណ៍ ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានដឹងពីតំបន់អង្គរ។

គោលបំណង នៃការរៀបចំគេហទំព័រ www.angkor.com.kh គឺដើម្បីផ្តល់ព័ត៌មានបន្ថែមដល់ភ្ញៀវទេសចរទាក់ទងនឹងព័ត៌មាន សំខាន់លើផ្នែកទេសចរណ៍ក្នុងតំបន់ឧទ្យានអង្គរ ដែលជាតំបន់ទេសចរណ៍ ដ៏ល្បីល្បាញលើពិភពលោក និងជាកន្លែងកម្សាន្ត ប្រកបដោយសក្តានុពលផ្សេងៗទៀតក្នុងខេត្តសៀមរាប។ គេហទំព័រនេះ ក៏ជួយសម្រួលផងដែរ ដើម្បីឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ បានស្វែងយល់ព័ត៌មានជាមុនអំពីទីតាំងភូមិសាស្ត្រ ប្រាង្គប្រាសាទ ការកក់សំបុត្រ ការពិនិត្យមើលពីតម្លៃសំបុត្រ ក្នុងការទស្សនានៅក្នុងតំបន់ឧទ្យានអង្គរ សហគមន៍ ទំនៀមទម្លាប់អ្នកស្រុក រួមទាំងប្រវត្តិសាស្ត្រ សេវាកម្មដឹកជញ្ជូន និងអាកាសធាតុជាដើម។

លោក សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បញ្ជាក់ថា គេហទំព័រ www.angkor.com.kh ដែលគ្រោងនឹងដាក់ឱ្យដំណើរនាពេលខាងមុខនេះ គឺផ្តោតសំខាន់លើតំបន់ទេសចរនៅឧទ្យានអង្គរ និងក្នុងខេត្តសៀមរាបខ្លះៗ ដោយជាជំហានទី១នេះ ក្រុមការងារបានយកគេហទំព័រ www.angkor.com.kh គឺមកបង្ហាញដល់មន្ត្រី បុគ្គលិក និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាគ្រប់ជាន់ថ្នាក់ និងគ្រប់នាយកដ្ឋានដើម្បីសុំជាយោបល់ ក្នុងន័យស្ថាបនាឱ្យគេហទំព័រនេះ ដំណើរការទៅដោយរលូន មានព័ត៌មានប្រកបដោយសុក្រឹត្យភាព ក៏ដូចជាស្វែងរកចំណុចខ្វះខាតមកកែលម្អ ឱ្យបានកាន់តែប្រសើរ។

លោក បន្ថែមទៀតថា ជំហានបន្ទាប់នៅពេលបញ្ចប់ការកែសម្រួលផ្ទៃក្នុង អាជ្ញាធរជាតិអប្សរាគ្រោង នឹងយកគេហទំព័រនេះ ទៅស្នើសុំយោបល់ពីបណ្តាដៃគូពាក់ព័ន្ធ ទាំងវិស័យឯកជន និ​ងស្ថាប័នរដ្ឋផងដែរ ដើម្បីឱ្យគេហទំព័រនេះកាន់តែល្អ ពិសេសជួយសម្រួលក្នុងការផ្តល់ព័ត៌មាន ក៏ដូចជាជំរុញវិស័យទេសចរណ៍នៅតំបន់អង្គរ និងខេត្តសៀមរាប ឱ្យបានគ្រប់ជ្រុងជ្រោយថែមទៀត។

គួរបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរាក៏មានគេហទំព័រផ្លូវការ www.apsaraauthority.gov.kh និងបណ្តាញទំនាក់ទំនងសង្គម Facebook (អាជ្ញាធរជាតិអប្សរា Apsara Authority) រួចមកហើយ សម្រាប់ផ្សព្វផ្សាយព័ត៌មានទូទៅជូនសាធារណជន ដែលចង់ស្វែងយល់ពីការងារទាក់ទង នឹងការជួសជុល ការអភិរក្សប្រាសាទ និងសកម្មភាពនានា ប្រចាំថ្ងៃរបស់ស្ថាប័ន អាជ្ញាធរជាតិអប្សរាទាំងមូល៕