(បន្ទាយមានជ័យ)៖ សាលាឆាន់តម្លៃជាង២ម៉ឺនដុល្លារ ស្ថិតនៅវត្តសំរោង ឃុំសំរោង ស្រុកអូរជ្រៅ ដែលបានមកពីការរៃអង្គាសគ្នារវាង ថ្នាក់ដឹកនាំនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកស្នងការ ក្រុមអាជីវករ ពុទ្ធបរិស័ទ ព្រមទាំងសប្បរសជនជាច្រើននាក់ ផ្សេងទៀត ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ។
ពិធីកាត់ខ្សែបូដាក់សម្ពោធឲ្យប្រើប្រាស់សាលាឆាន់ ដើម្បីចូលរួមលើកតម្កើនវិស័យពុទ្ធចក្រខាងលើនេះ បានធ្វើឡើង ក្រោមវត្តមាន លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ និងកងកម្លាំងនគរបាល ជាច្រើននាក់ផ្សេងទៀត។ នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំនូវថវិកាជាង៤លានរៀល ដែលជាការរៃអង្គាស ពីសំណាក់ស្នងការរង នាយការិយាល័យ នាយរងការិយាល័យ អធិការក្រុង-ស្រុក និងមេវរដើម្បីប្រគេនព្រះចៅ អធិការវត្ត សម្រាប់ប្រើប្រាស់បន្ថែមលើការងារកសាងវត្ត ព្រមទាំងយកប្រេងកូឡាចំនួន៥០០ដប ទៅចែកជូនដល់ប្រជាពលរដ្ឋនៅទីនោះ ផងដែរ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំយកស៊ីម៉ង់តិ៍ចំនួន៥តោន ដែលអំណោយរបស់លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ទៅប្រគេនព្រះសង្ឃ ផងដែរ។ នៅចំពោះមុខប្រជាពលរដ្ឋ ដែលបានចូលរួមស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវឲ្យនាំគ្នា ទៅចូលរួមបោះឆ្នោតបានគ្រប់ៗគ្នា ដែលមានរយៈពេល៩០ថ្ងៃ ពោលផុតកំណត់នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីមានឈ្មោះ បោះឆ្នោត នាឆ្នាំក្រោយ។ លោកស្នងការក៏បានជំរុញទៅកម្លាំងនគរបាលទាំងអស់ត្រូវបន្ត រក្សាសន្តិសុខ សណ្តាប់ធ្នាប់តាមមូលដ្ឋាន ជូនប្រជាពលរដ្ឋកាន់តែខ្លាំងឡើងជាពិសេស បង្ក្រាបបទល្មើស ដូចជាលួច ប្លន់ និងគ្រឿងញៀនជាដើម។

លោកក៏បានលើកឡើងនូវការរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយក៏អំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់កុំជឿតាមការឃោសនារបស់បក្សប្រឆាំង ដែលនាំឲ្យសង្គមជួបគ្រោះភ័យ និងអសន្តិសុខ៕