(​ស៊ីរី)៖ យោធា​ស៊ីរីបានប្រកាសថា ខ្លួនបានបាញ់ទម្លាក់យន្ដហោះចម្បំាង និងយន្ដហោះគ្មានមនុស្សបើក របស់អ៊ីស្រាអែលសរុបពីរគ្រឿង នៅក្នុងប្រទេសស៊ីរី ហើយភ្លាមៗនោះ ក្រសួងការពារជាតិអ៊ីស្រាអែល ក៏បានចេញសេចក្តីថ្លែងការណ៍​ ទាត់ចោលព័ត៌មានខាងលើនេះដែរ។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០១៦។

យោងតាមសារព័ត៌មានរដ្ឋស៊ីរី SANA «យន្ដហោះចម្បាំងខាងលើ បានវាយប្រហារទៅលើទីតំាង របស់យោធាស៊ីរី នៅម៉ោងប្រមាណជា ១៖០០នាទីរំលងអធ្រាតឈានចូលថ្ងៃអង្គារ (ម៉ោងនៅក្នុងតំបន់) នៅឯភាគខាងត្បូងនៃតំបន់ Quneitra​ ខណៈយន្ដហោះគ្មានមនុស្សបើកមួយផ្សេងទៀតរបស់អ៊ីស្រាអែល ក៏ត្រូវបានកងទ័ពរដ្ឋាភិបាលបាញ់ទម្លាក់ផងដែរ»

គួរបញ្ជាក់តាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិ អ៊ីស្រាអែល ថាកងទ័ពស៊ីរីមិនបានបាញ់ ទម្លាក់យន្តហោះចម្បាំង ឬស៊ើបការណ៍របស់ខ្លួននោះឡើយ ហើយសម្រាប់យន្តហោះដែលខ្លួនតែងតែ ប្រើប្រាស់ដើម្បី ឈ្លបយកការណ៍ទៅលើទឹកដីស៊ីរីនោះ គឺមកទល់នឹងពេលនេះត្រូវ បានគេរាយការណ៍មក ថាមានសុវត្ថិភាពជាធម្មតា៕