(ភ្នំពេញ)៖ តំណាងឲ្យលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក គង់ សូលីដា អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងទេសចរណ៍ នៅថ្ងៃទី១៣ ខែកញ្ញ ឆ្នាំ២០១៦នេះ បានជំរុញលើកទឹកចិត្តឱ្យមន្រ្តីរាជការនៃក្រសួងទាំងអស់ ត្រូវអនុវត្តការងារ ដោយផ្ដោតលើមុំយុទ្ធសាស្រ្ត៤សំខាន់ៗ ដែលជាផែនការអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០១២-២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា។

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធី បើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការគ្រប់គ្រងមន្រ្តីរាជការ កិច្ចការរដ្ឋបាលទូទៅ និងបដិ សណ្ឋារកិច្ច» ដែលមានការចូលរួមពីមន្រ្តីរាជការ និងសិក្ខាកាមប្រមាណ១០០នាក់ មកពីទីស្ដីការក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ ខេត្តនានា ក្នុងទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

មុំយុទ្ធសាស្រ្តសំខាន់ៗទាំង៤ ដែលលោក គង់ សូលីដា បានលើកឡើងនោះ រួមមាន៖ ទី១.ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ បង្កើតឱ្យមានស្ដង់ដារលើគ្រប់សេវាកម្មទេសចរណ៍ «សេវាមួយ ស្ដង់ដារមួយ», ទី២.ការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ «បុគ្គលិកម្នាក់ ជំនាញមួយ», ទី៣.ការផ្សព្វផ្សាយ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិតថ្មី និងនវានុវត្ត, និងទី៤.ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងវិស័យទេសចរណ៍ (E-Torism)។

ជាមួយគ្នានេះ លោក គង់ សូលីដា បានឱ្យដឹងថា ក្រសួងទេសចរណ៍បានចេញសេចក្ដីណែនាំស្ដីពី ការពង្រឹងមន្រ្តីរាជការដោយគ្រប់ អង្គភាពទាំងអស់ត្រូវធ្វើបញ្ជីវត្តមានជាប្រចាំ និងត្រូវមានវិធានការម៉ឺងម៉ាត់ ចំពោះមន្រ្តីដែលអវត្តមាន និងមន្រ្តីអសកម្ម ទាំងមន្រ្តីរាជការ ស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា។ ជាក់ស្ដែងមកដល់ពេលបច្ចុប្បន្ន ក្រសួងបានចាត់វិធានការចំពោះមន្រ្តីអសកម្មចំនួន១២៣រូប ក្នុងនោះបាន លុបក្រខណ្ឌមន្រ្តីរាជការ ៦៦រូប, ប្រកាសឱ្យនៅក្នុងភាពទំនេរគ្មានប្រាក់បៀវត្សដោយស្ម័គ្រចិត្ត ៦៨រូប, បណ្ដេញចេញពីក្របខណ្ឌ ១រូប, សម្រួលភារកិច្ច និងបញ្ចប់មុខតំណែង ២រូប, ដាក់ទណ្ឌកម្មវិន័យ ផ្អាកការដំឡើងថ្នាក់ ៣រូប។

លោកក៏បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ ត្រូវព្យាយាមសិក្សាស្វែងយល់ ក្នុងវគ្គបណ្ដុះបណ្ដាលនេះ ព្រមទាំងជំរុញឱ្យមានលើកជា សំនួរ-ចម្លើយឱ្យបានច្រើន ដើម្បីទទួលបានបទពិសោធន៍ការងារឱ្យបានច្បាស់លាស់ ក្នុងការយកទៅបង្ហាត់បង្រៀន និងផ្សព្វផ្សាយបន្ត ក៏ដូចជាអនុវត្តការងារឱ្យមានលទ្ធផលល្អ និងប្រសិទ្ធភាពខ្ពស់។

ក្នុងចំណោមសិក្ខាកាមជាច្រើននាក់ សិក្ខាកាមម្នាក់កញ្ញា រ៉ា សុចេតនា បានសម្ដែងនូវការពេញចិត្តដែលបានចូលរួម ក្នុងវគ្គបណ្ដុះបណ្ដាល ខាងលើ និងបានលើកឡើងថា កញ្ញាបានចាប់អារម្មណ៍ទៅនឹងប្រធានបទបន្ថែមថ្មី គឺបដិណ្ឋារកិច្ច ព្រោះប្រធានបទនេះ នឹងផ្ដល់នូវ បទពិសោធន៍ល្អថ្មីៗ ដើម្បីឱ្យសិក្ខាកាមទាំងអស់បានយកទៅអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមស្ដង់ដារ។ កញ្ញាក៏បានគាំទ្រឱ្យមាន វគ្គបណ្ដុះបណ្ដាលនេះលើកក្រោយទៀត ដើម្បីឱ្យមន្រ្តីរាជការបានទទួលនូវបទពិសោធន៍ល្អៗពីលោកគ្រូ អ្នកគ្រូ ក៏ដូចជាថ្នាក់ដឹកនាំ មន្រ្តីក្រសួង។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះជាលើកទី៣ហើយ ដែលធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែកញ្ញា ឆ្នាំ២០១៦ និងមានការបណ្ដុះបណ្ដាលដល់មន្រ្តីរាជការ បានជាច្រើនរយនាក់ជាបន្តបន្ទាប់៕