(កំពង់ស្ពឺ)៖ ក្រោយមានការដង្ហោយរកអន្តរាគមន៍ ពីប្រជាពលរដ្ឋស្នើទៅអភិបាលខេត្តកំពង់ស្ពឺ ឲ្យទប់ស្កាត់ និងបង្ក្រាបការទន្ទ្រានកាន់កាប់ដីយ៉ាងអនាធិបតេយ្យ នៅឧទ្យានជាតិគីរីរម្យ និងបូកគោរួចមក ភ្លាមៗនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក វ៉ី សំណាង បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីជំនាញសហការគ្នាចុះ បង្ក្រាបចាប់ពីថ្ងៃទី១៣ ខែកញ្ញា ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ដែលមានរយះពេល១៥ថ្ងៃនេះ។

ជាមួយគ្នានេះលោកអភិបាលខេត្ត ក៏បានស្នើសុំកងកម្លាំងយោធាចំនួន១០នាក់ នៅបញ្ជាការកងពលតូចលេខ៣១ ដើម្បីចូលរួមសហការជាមួយមន្រ្តីជំនាញផងដែរ។

យោងតាមលិខិតស្នើសុំដែលផ្ញើជូនលោកឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការកងពល លោក វ៉ី សំណាង បានបញ្ជាក់ថា «មួយរយៈពេលកន្លងមកនេះ មានជនខិលខូចមួយចំនួនបាននឹងកំពុងចូលមកទន្ទ្រានរានយកដីឧទ្យានជាតិ «ព្រះសុរាម្រិត-កុសមៈគិរីរម្យ» និងឧទ្យានជាតិ «ព្រះមុនីវង្សបូកគោ» ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ យ៉ាងអនាធិបតេយ្យ។ ដូចនេះដើម្បីរក្សាការពារ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងភាពអនាធិបតេយ្យ ពីសំណាក់ជនខិលខូចទាំងនោះ រដ្ឋបាលខេត្តស្នើសុំកងកម្លាំងចំនួន១០នាក់ ដើម្បីចូលរួមសហការជាមួយមន្ដ្រីជំនាញ មន្ទីរបរិស្ថានខេត្ត ក្នុងប្រតិបត្តិការទប់ស្កាត់សកម្មភាពខាងលើ នេះដែរមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-២៨ ខែកញ្ញា ឆ្នាំ២០១៦»

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គេបានសង្កេតឃើញមានប្រជាជនពលរដ្ឋ មកពីតំបន់ផ្សេង មកចាប់ទន្ទ្រានដីយ៉ាងអនាធិតេយ្យ ក្នុងតំបន់ឧទ្យានជាតិគីរម្យ និងឧទ្យានជាតិបូកគោ ហើយភ្ញៀវទេសចរក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរពីភ្នំពេញ ទៅខេត្តព្រះសីហនុ និងចេញពីខេត្តព្រះសីហនុទៅភ្នំពេញវិញ ចេះតែឆ្ងល់ថា ហេតុអីក៏នៅម្តុំគីឡូម៉ែត្រលេខ១០២-១០៧ ខាងលិចទីសក្ការៈលោកយាយម៉ៅពេជ្រនិល ឃើញមានប្រជាជន សមត្ថកិច្ចចម្រុះ និងឧទ្យានុរក្សខាងបរិស្ថាននៅជុំៗគ្នាច្រើនម្ល៉េះ ក៏បាននាំគ្នាចុះមើលទើបដឹងថា មានមនុស្សកំពុងរំលោភយកដីឧទ្យាន យ៉ាងព្រហើនមិនញញើតច្បាប់ គ្រាដែលពួកគេធ្លាប់ទន្ទ្រាននៅតំបន់ផ្សេងទទួលបានជោគជយ័កន្លងមក។

នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ភ្នាក់ងារ Fresh News បានទៅយកព័ត៌មាននៅតំបន់នោះ ទើបដឹងថា តាមពិតថា មួយរយៈនេះមានប្រជាពលរដ្ឋនៅកំពង់ស្ពឺជាច្រើន បានប្រមូលគ្នាទៅធ្វើការចាប់ដីខុសច្បាប់ នៅតំបន់ឧទ្យានជាតិបូកគោ ដែលការរំលោភយកដីនេះ ចាប់ពីតំបន់គីឡូម៉ែត្រលេខ១០០-១០៧ ទាំងសង្ខាងផ្លូវជាតិលេខ៤តែម្តង តាមការដឹងចំណុចខាងលើ គឺជាតំបន់អភិរក្សរបស់ក្រសួងបរិស្ថានដែលមាន ឧទ្យានជាតិព្រះមុនីវង្សបូកគោ នៅខាងត្បូងផ្លូវជាតិលេខ៤ និងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គីរីរម្យ» នៅខាងជើងផ្លូវជាតិលេខ៤ ដែលកំពុងត្រូវគេរំលោភយកដីទាំងបំពាន។

បច្ចុប្បន្ននេះឧទ្យានជាតិទាំងពីរ ដែលកំពុងរងនូវការលួចចូលទន្ទ្រានយ៉ាងខ្លាំង ពីសំណាក់ប្រជាជននៅឃុំត្រែងត្រយឹង និងប្រជាជនមកពីឃុំផ្សេងៗទៀត នៃខេត្តកំពង់ស្ពឺ ព្រមទាំងមានប្រជាជនមកពីបណ្តាខេត្តផ្សេងៗទៀត ដែលទាមទារឲ្យសមត្ថកិច្ចដោះស្រាយ​ ជាបន្ទាន់មិនអាចបង្អង់យូរបានឡើយ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានលើកឡើងថា «សព្វថ្ងៃនេះមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានធ្វើការទប់ស្កាត់បទល្មើសខាងលើជាប្រចាំដែរ ដោយមន្ទីរបរិស្ថានបានចាត់ឲ្យមន្ត្រីទទួលបន្ទុកការងារអភិរក្ស នៃមន្ទីរបរិស្ថានខេត្ត ចុះដឹកនាំឧទ្យានុរក្សជាច្រើន ធ្វើការទប់ស្កាត់ ដោយសហការជាប់ជាមួយអជ្ញាធរភូមិ ឃុំ ស្រុក និងមានព្រះរាជអជ្ញា ខេត្តចុះអប់រំប្រជាពលរដ្ឋ នូវបញ្ហាច្បាប់ដល់ប្រជាជន នៅទីកន្លែងកំពុងទន្ទានដីទៀតផង»

លោកបន្តទៀតថា ប្រសិនបើប្រជាជនគ្មានដីពិតប្រាកដ ប្រជាជនអាចដាក់ពាក្យទៅរដ្ឋបាលខេត្តកំពង់ស្ពឺ ជាមុនដើម្បីស្នើសុំដីសម្បទានសង្គមកិច្ច និងឲ្យអាជ្ញាធរដោះស្រាយទើបបាន ហើយពួកគាត់មិនត្រូវមកធ្វើការកាន់កាប់រុករានដីរដ្ឋដូច្នេះទេ ព្រោះវាជាអំពើខុសច្បាប់។

លោកបញ្ជាក់ថា បច្ចុប្បន្ននេះមន្ទីរបរិស្ថានកំពុងស៊ើបរកមុខមេខ្យល់ដែលនៅពីក្រោយ និងមេខ្យល់ដែលបំផុស ឲ្យប្រជាជនមកកាប់ទន្ទ្រានរានយកដីព្រៃ នៃឧទ្យានជាតិមកធ្វើជាកម្មសិទ្ធិមកផ្តន្ទាទោសតាមច្បាប់។

សូមជំរាបថា បញ្ហារំលោភយកដី មិនជាលើកទីមួយទេ គឺបញ្ហានេះបានកើតជាញឹកញាប់ ដែលទាមទាឲ្យថ្នាក់ដឹកនាំចេញបទបញ្ជាឲ្យតឹងតែងបំផុត ចំពោះការទន្ទ្រានយកដីរដ្ឋយ៉ាងអនាធិបតេយ្យបែបនេះ កុំទុកឲ្យអង្ករក្លាយជាបាយ ទើបនាំគ្នាស្ទុះស្ទា បង្កើតគណៈកម្មាការចុះអង្កេត ខណៈដីរដ្ឋបានបាត់អស់រលីងហើយនោះ៕