(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញនូវសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីការដាក់ពិន័យបេក្ខជនចំនួន១៩​​​​​​​​នាក់ ដែលបាន ប្រព្រឹតិ្តខុសឆ្គង និងផ្ទុយពីបទប្បញ្ញត្តិ និងកម្រិតវិន័យ ត្រូវកំណត់ឲ្យធ្លាក់ដោយស្វ័យប្រវត្តិ។

ក្រសួងអប់រំបានឲ្យដឹងថា ករណីដែលបេក្ខជនធ្វើខុសរួមមាន ជូនលុយទៅអនុរក្សម្នាក់, ប្រើប្រាស់ទូរស័ព្ទម្នាក់, យកសំណៅនិងទូរស័ព្ទ ចូលម្នាក់,​​​​ យកសំណៅនិងម៉ាស៊ីនគិតលេខម្នាក់, យក Smart watch ចូលម្នាក់, យកម៉ាស៊ីនគិតលេខចូលម្នាក់, យកសំណៅចូល៥​​នាក់ និងយកទូរស័ព្ទចូលចំនួន៨នាក់ ករណីប្រព្រឹត្តិខុសឆ្គងទាំងនោះ​ ត្រូវបានកើតឡើងនៅមណ្ឌលខេត្តតាកែវ ចំនួន៦នាក់ ភ្នំពេញ៣នាក់ កណ្ដាល២នាក់ ពោធិ៍សាត់២នាក់ កែប២នាក់ ស្វាយរៀងម្នាក់ ក្រចេះម្នាក់ កំពង់ធំម្នាក់ និងមណ្ឌលគីរីម្នាក់។

សូមបញ្ជាក់ថា សម្រាប់បេក្ខជនដែលប្រព្រឹត្តិខុសបទប្បញ្ញត្តិ និងកម្រិតវិន័យ ត្រូវធ្លាក់ដោយស្វ័យប្រវត្តិ ដោយមានលំ​​ដាប់ពិន្ទុ 0.00 ក្នុងលទ្ធផលប្រឡង៕