(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹង​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃ «ទិវាជាតិនៃការចងចាំ» សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើក​សន្និ​សីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍»។

សន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ ២២ ខែឧសភា។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីតនេះនៅថ្ងៃទី២២ ខែឧសភា។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីបើកសន្និសីទ ស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជួបគ្នាថ្ងៃនេះ ជាការបង្ហាញនូវការទទួលស្គាល់ចំពោះតួនាទីរបស់សាលាក្តីខ្មែរក្រហម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំសន្និសីតចំពោះថ្ងៃនៃទិវាចងចាំ មិនមែនជារឿងចៃដន្យនោះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា ការចងចាំនូវអំពើប្រល័យពូជសាសន៍ ជាការដាស់ស្មារតីដល់ប្រជាជាតិខ្មែររួមគ្នាទប់ស្កាត់អំពើនេះ កុំឱ្យត្រឡប់មកវិញ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃទី៧ មករា ១៩៧៩ ជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋខ្មែរ ពីរបបប្រល័យពូជសាសន៍។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការឯកភាពគ្នាក្នុងការចងក្រងឯកសាពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍ជាកិច្ចការដ៏សំខាន់ សម្រាប់ការអប់រំដល់កូនខ្មែរជំនាន់ក្រោយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការស្វែងរកយុត្តិធម៌ដែលមានការទទួល​ស្គាល់ជាអន្តរជាតិ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបង្កើតប្រវត្តិសាស្ត្ររួម នៃអំពើប្រល័យពូជសាសន៍សម្រាប់ទាំងអស់គ្នា ដោយមិនប្រកាន់និន្នាការនយោបាយ ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឈរលើមូលដ្ឋាននៃយុត្តិធម៌, សង្គមទាំងមូលត្រូវតែបន្តក្រើនរំលឹកជានិច្ចអំពី ឫសគល់នៃសោកនាដកម្មពីអតីតកាល ដើម្បីអនុញ្ញាតឱ្យបទពិសោធន៍ដ៏លំបាកបំផុតពីអតីតកាល អាចចូលរួមចំណែកក្នុងការការពារកម្ពុជា បានកាន់តែប្រសើរឡើងនាអនាគត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គមត្រូវតែក្រើនរំលឹកជាដរាបអំពីមេរៀនទាំងឡាយ ដើម្បីធានាថា កម្ពុជា មិនដើរលើផ្លូវដដែលនោះទេ។ លើសពីនេះ ត្រូវតែកែសម្រួល ឬ សម្របស្ថានភាព សង្គម, នៅពេលណាដែលចាំបាច់, ដើម្បីការពារកុំឱ្យមនោគមវិជ្ជាជ្រុលនិយមចាប់ ផ្តើមកកើត និងចាក់ឫសក្នុងសង្គមកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនអាចអនុញ្ញាតឱ្យសមាសធាតុណាមួយនៃសង្គម បណ្តុះពន្លកនៃវប្បធម៌នយោបាយជ្រុលនិយមម្ដងទៀតបានឡើយ តាមរយៈការជំរុញការតស៊ូវណ្ណៈ, ការស្អប់ខ្ពើមប្រឆាំងនឹងអាជ្ញាធរ, ការផ្លាស់ប្ដូររបបដោយផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ និង ការរើសអើងពូជសាសន៍។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំហុសអតីតកាល បានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរ ឱ្យបានរឹងមាំ និង ជំរុញឱ្យយើងកសាងសង្គម ឱ្យកាន់តែប្រសើរ ប្រកបដោយបរិយាប័ន្ន សម្រាប់ទាំងអស់គ្នា។ នេះ គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និង យុត្តិធម៌សង្គម ដើម្បីធានានូវបរិយាប័ន្នភាព នៅក្នុងប្រព័ន្ធគ្រប់គ្រង ក៏ដូចជាការអភិវឌ្ឍ
ជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវទទួលស្គាល់ថា ការអប់រំអំពីអំពើប្រល័យពូជសាសន៍ គឺជាយន្តការទប់ស្កាត់អំពើប្រល័យពូជសាសន៍។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវបន្តនិយាយរឿងទាំងនេះពីមួយជំនាន់ទៅមួយជំនាន់ទៀត ទោះបីជាការនិយាយរឿងទាំងនេះ បង្កឱ្យមានការឈឺចាប់ក៏ដោយ។ នេះគឺជាវិធីដ៏មានប្រសិទ្ធភាពបំផុត ព្រោះមានតែអ្នកដែលធ្លាប់បានឆ្លងកាត់ប៉ុណ្ណោះ ទើបអាចរៀបរាប់ពី បទពិសោធន៍របស់ពួកគេបានល្អបំផុត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់ត្រឹមតែមេរៀនប្រវត្តិសាស្តនោះទេ។ យើងក៏អាចបញ្ចូលទៅក្នុងមុខវិជ្ជាគ្រប់ប្រភេទ ចាប់ពីសីលធម៌ និង អក្សរសាស្ត្រខ្មែរ រហូតដល់ការសិក្សាពីភាពជាអ្នកដឹកនាំ និង ការអភិវឌ្ឍជំនាញទន់ផ្សេងទៀតផងដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែទ បានបន្ថែមថា យើងក៏អាចស្វែងរកវិធីច្នៃប្រឌិតផ្សេងៗ ដើម្បីរៀបរាប់រឿងរ៉ាវពិបាកទាំងនេះ ទៅកាន់មនុស្សដែលមានវ័យ និងជំនាន់ផ្សេងគ្នា រួមមាន តាមរយៈសិល្បៈ, មាតិកាឌីជីថល ឬ គំនូរជីវចលជាដើម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្និសីទថ្ងៃនេះគឺជាគំរូដ៏ប្រសើរ នៃកិច្ចសហប្រតិបត្តិការល្អ និងសាមគ្គីភាព រវាងតួអង្គពាក់ព័ន្ធផ្សេងៗ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីទប់ស្កាត់របបប្រល័យពូជសាសន៍ ត្រូវតែការពារសន្តិភាពឱ្យបាន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលមានសង្គ្រាមកើតឡើងហើយ គ្មានឡើយសិទ្ធិមនុស្ស គ្មានឡើយលទ្ធិប្រជាធិបតេយ្យ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មេដឹកនាំអនាគតរបស់កម្ពុជាទាំងអស់ ត្រូវតែជៀសវាងពីការចូលរួមក្នុងផែនការនយោបាយ ដែលជំរុញការផ្លាស់ប្តូររបបដោយវិធីសាស្ត្រមិនប្រជាធិបតេយ្យ ហើយត្រូវត ប្រកាន់ខ្ជាប់មនសិការនៃការទទួលខុសត្រូវ ក្នុងការការពារសន្តិភាពឱ្យខាងតែបាន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា បន្តការពារខ្លួនប្រឆាំងការប្រឌិតដែលមានចេតនាអាក្រក់ ក្នុងគោលដៅបង្អួចកេរ្តិ៍ឈ្មោះរបស់កម្ពុជា និងប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយ ដែលចង់ធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ហើយប្រែក្លាយកម្ពុជាឱ្យទៅជាសមរភូមិសង្គ្រាមត្រជាក់ថ្មី។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៨៖៣៥នាទី, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕