(វ៉ាស៊ីនតោន)៖ អ្នកសារព័ត៌មានមួយរូប របស់ស្ថានីយ៍ទូរទស្សន៍ ​MSNBC បាននិយាយថា គណបក្ស ប្រជាធិបតេយ្យអាចនឹងបើកកិច្ចប្រជុំមួយ ដើម្បីរកអ្នកមកជំនួសដំណែងជាបេក្ខជនប្រធានាធិបតី របស់ លោកស្រី ហ៊ីលឡារី គ្លីនតុន ដោយសារតែពួកគេមានការព្រួយបារម្ភថា សុខភាពមិនល្អរបស់អតីត រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ នឹងអាចជះឥទ្ធិពលអាក្រក់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និង នៅពេលដែលកាន់តំណែង ជាមេដឹកនាំពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Russia Today (RT) នៅរសៀលថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ ២០១៦។

យោងតាមលោក David Shuster ជាអ្នកសារព័ត៌មាន និង ពិធីករ ទូរទស្សន៍ Al-Jazeera American និង MSNB ឲ្យដឹងថា គណបក្សប្រជាធិបតេយ្យ ទំនងជានឹងអាចរៀបចំកិច្ចប្រជុំមួយ ដើម្បីរកអ្នកជំនួស លោកស្រី គ្លីនតុន បន្ទាប់ពីលោកស្រី ត្រូវបានគេរាយការណ៍មានជំងឺរលាកសួត និង បញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ ខណៈពេលកំពុងចូលរួមក្នុងពិធីរំលឹកខួប នៃការវាយប្រហារ ដោយភេរវកម្ម ថ្ងៃទី១១ ខែកញ្ញា ២០០១ ដែលបានប្រារព្ធឡើង កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ។

អ្នកសារព័ត៌មានខាងលើនេះបានបញ្ជាក់ទៀតថា នៅពេលឆ្លើយនឹងសំណួរ ពាក់ព័ន្ធនឹងសុខភាពរបស់ លោកស្រី គ្លីនតុន  មន្រ្តីគណបក្សប្រជាជាធិបតេយ្យម្នាក់ បាននិយាយថា «ពួកយើង​ហាក់ដូចជាកំពុង ដើរចូលក្នុងដែនដីមួយដែលយើងមិនស្គាល់»។ ប៉ុន្តែទោះជាយ៉ាងណាក៏លោកស្រី គ្លីនតុន បានអះអាងថា សុខភាពរបស់លោកស្រីបានប្រសើរឡើងវិញហើយ។

គួររំលឹកថា កាលពីឆ្នាំ២០១២ លោកស្រី ហ៊ីលឡារី គ្លីនតុន ក៏ធ្លាប់មានបញ្ហាសុខភាពផងដែរ ខណៈលោកស្រី ត្រូវបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាការមួយ របស់សភាអាមេរិកដើម្បីឆ្លើយនឹងសំនួរ ជុំវិញការវាយប្រហារភេរវកម្ម ប្រឆាំងនឹងស្ថានកុងស៊ូលអាមេរិក ប្រចាំទីក្រុង Benghazi​ ប្រទេសលីប៊ី ហើយ នៅកាលណោះ អ្នកនំាពាក្យរបស់លោកស្រី អះអាងថា លោកស្រីមានមេរោគនៅក្នុងពោះវៀន។

ក៏ប៉ុន្តែនៅរយៈពេលពីរសប្ដាហ៍ក្រោយមក លោកស្រីគ្លីនតុន បានចូលសម្រាកក្នុងមន្ទីពេទ្យសាជាថ្មី ដោយសារជំងឺស្ទះសសៃឈាមក្នុងខួរក្បាល ដែលអាចប៉ះពាល់ដល់អាយុជីវិត។ ​នេះបើយោងតាម ស្ថានីយ៍ទូរទស្សន៍អូស្ត្រាលី ABC៕