(កណ្តាល)៖ អ្វីដែលជាការកត់សម្គាល់កាលពីកន្លងមក ផ្សារព្រែកតាមាក់ ស្ថិតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ធ្លាប់តែស្ងាត់ជ្រងំ គ្មានល្បែងស៊ីសង ជាពិសេសល្បែងកន្ទុយលេខ នោះទេ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ ល្បែងកន្ទុយលេខរបស់វៀតណាម ត្រូវបានបើកលេងយ៉ាងអនាធិបតេយ្យ គ្មានការបង្ក្រាបនោះឡើយ ដែលបញ្ហានេះប្រជាពលរដ្ឋខ្លះ បានធ្លាក់ខ្លួនក្រ ជំពាក់បំណុលវ័ណ្ឌក ឈ្លោះបែកបាក់ប្រពន្ធកូន និងពេលខ្លះល្បែងទាំងនេះ ហើយដែលជំរុញឲ្យកើត មានបទល្មើសទៀតផង។

ទ្រាំមិនបានចំពោះល្បែងស៊ីសងទាំងនេះ អាជីវករម្នាក់លក់ដូរ នៅក្នុងផ្សារព្រែកតាមាក់ សូមមិនបញ្ចេញឈ្មោះ បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះថា រាល់ថ្ងៃនេះ ប្រជាពលរដ្ឋមួយចំនួនមិនសូវអើពើនឹង ម្ហូបអាហារទេ តែបែរជាសន្សំប្រាក់ទៅលេងកន្ទុយលេខទៅវិញ ជាហេតុធ្វើឲ្យអាជីវករមួយចំនួនធំ មានការត្អូញត្អែថា លក់មិនដាច់ពេញៗមាត់។

គាត់បានបន្ថែមទៀតថា «សព្វថ្ងៃមានមេឆ្នោតល្បីឈ្មោះម្នាក់ដែលប្រចាំការនៅផ្សារព្រែកតាមាក់ មិនដឹងថា មានអ្នកមានអំណាច នរណាកាងនៅពីក្រោយខ្នងទេ ហើយមានកូនតូចៗ ដែលជាងអ្នកកត់កន្ទុយលេខ(កូនកញ្ច្រែង) ដើម្បីស៊ីក្បាលកាក់ពីមេឆ្នោតម្នាក់នោះផងដែរ។ ក្នុងមួយថ្ងៃៗ ពួកគេបានទទួលចំណូលយ៉ាងច្រើនពីប្រជាពលរដ្ឋ»។  

អាជីវករម្នាក់នោះបានលើកឡើងថា «មានគេលេងឆ្នោតនៅផ្សារព្រែកតាមាក់យ៉ាងច្រើន ហើយអ្នកទិញមិនសូវរវល់ នឹងការទិញ អាហារនោះទេ យកលុយទៅទិញឆ្នោតទៅវិញ.... រាល់ថ្ងៃខ្ញុំលក់មិនដាច់ទេ»

សម្រាប់អាជីវករម្នាក់ទៀត បាននិយាយស្រដៀងនឹងអាជីវករទី១ដែរថា ប្រជាពលរដ្ឋភាគច្រើនសម្រុកយក លុយទៅលេងកន្ទុយលេខ មិនសូវខ្វល់នឹងចំណីអាហារទេ ហើយថែមទាំងមានអាជីវករ មួយចំនួនតូច ក៏លេងកន្ទុយលេខផងដែរ មួយវិញទៀតមិនមានសមត្ថកិច្ច អើពើនឹងការលេងកន្ទុយលេខនេះទេ។

រូបគាត់បានធ្វើការសំណូមពរឲ្យមានការ បិតល្បែងកន្ទុយមួយនេះ នៅផ្សារព្រែកតាមាក់ នេះតែម្តងទៅ ដើម្បីជួយសម្រួលដល់ សេដ្ឋកិច្ចផ្សារព្រែកតាមាក់ទាំងមូល។ គាត់បាននិយាយថា «មានអ្នកទិញ និងអ្នកលក់គ្នាឯងផង នាំគ្នាទៅលេងឆ្នោតពេញផ្សារតែម្តង តែមិនមានពីណាគេអាចមក បញ្ឈប់បានសោះ ខ្ញុំសូមឲ្យប៉ូលីសខាងផ្នែកហ្នឹងជួយផង កុំឲ្យមានទៀតអី»

រឿងដែលនឹកស្មានមិនដល់ទៅទៀតនោះគឺ អ្នកកត់ឆ្នោតរបស់មេឆ្នោត (កូនកញ្ច្រែង) បាននិយាយតៗគ្នាថា «គ្មានអ្នកណាអាចធ្វើមេឆ្នោតនៅព្រែកតាមាក់បែកនោះទេ ព្រោះគេមានខ្នងធំ» ការនិយាយមិនដាច់ពីមាត់របស់ (កូនកញ្ច្រែង) ទាំងអស់នោះវាហាក់បីដូចជា មើលស្រាលទៅលើសមត្ថកិច្ច ជាពិសេស អភិបាល និងអធិការស្រុកខ្សាច់កណ្តាលតែម្តង។

អ្វីដែលជាសំណូមពរបស់ប្រជាពលរដ្ឋ ក៏ដូចជា អាជីវករក្នុងផ្សារព្រែកតាមាក់ គឺចង់ឲ្យសមត្ថកិច្ចដែលពាក់ព័ន្ធ ពិនិត្យជួយ អន្តរាគមន៍ ដល់ល្បែងកន្ទុយលេខ ដែលត្រូវបានលេង យ៉ាងអនាធិបតេយ្យ​ជារៀងរាល់ថ្ងៃនេះ។ សូមបញ្ជាក់ថា នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាលនេះ មិនមែនត្រឹមតែល្បែងកន្ទុយលេខ​ រីកសុះសាយនោះទេ សូម្បីល្បែងបៀ អាប៉ោង ជាពិសេសថ្នាំញៀន កំពុងតែកក្រើក ជាខ្លាំងដោយគ្មានអាជ្ញាធរ មានសមត្ថកិច្ចណាមួយ ចេញមុខមកបង្រ្កាបនោះទេ៕