(ភ្នំពេញ)៖ ឧបនាយរដ្ឋមន្ដ្រី ហោ ណាំហុង អតីតប្រមុខការទូតកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានឧបត្ថម្ភដល់សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ១០លានរៀល សម្រាប់ការទ្រទ្រង់ដំណើរការ ហើយឧបនាយករដ្ឋមន្ដ្រីសម្ដែងការអរគុណ ដែលបានបង្កើតសហព័ន្ធនេះ ឡើងដើម្បីការពារសេរីភាពសារព័ត៌មាននៅកម្ពុជា។

ការឧបត្ថម្ភ និងសម្ដែងការអរគុណ របស់ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង​ បែបនេះត្រូវបានធ្វើឡើង នៅខណៈដែលសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានចូលជួបសំណេះសំណាល​សម្ដែងភារៈកិច្ច ​​នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលដឹកនាំដោយលោក ហ៊ុយ វណ្ណៈ ប្រធាន ស.ស.ស.ក ជាមួយសមាជិក ស្ថាបនិកជាច្រើនរូប។

ក្នុងនោះដែរឧបនាយករដ្ឋមន្ដ្រី​ បានលើកឡើងថា អ្នកសារព័ត៌មានជាអំណាចទី៤ សម្រាប់អំណាចផ្នែកសតិអារម្មណ៍ ហើយសារព័ត៌មានមានសារៈសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយដំណឹងផ្សេង​ដល់ប្រជាពលរដ្ឋ កែលម្អនូវភាពខ្វះខាតនៅក្នុងសង្គម ដោយរិះគន់ក្នុងន័យស្ថាបនាផ្សេងៗផងដែរ។

ជាមួយគ្នានោះដែរ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ក្នុងនាម ស.ស.ស.ក ទាំងមូល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការឧបត្ថម្ភរបស់ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ហើយបានចាត់ទុកការឧបត្ថម្ភនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ ទៅលើអ្នកសារព័ត៌មានកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រាជរដ្ឋាភិបាល​កម្ពុជា៕