(កណ្តាល)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បានរិះគន់យ៉ាងខ្លាំង ដល់អាជ្ញាធរ ដែលបានបណ្ដោយឲ្យ ក្រុមរថយន្តដឹកត្រីមួយចំនួន បើកកាត់ទៅវិញទៅមក បំផ្លាញផ្លូវទាំងយប់ទាំងថ្ងៃ ធ្វើឲ្យផ្លូវដ៏សកម្មនេះ រងការខូចខាត់យ៉ាងដំណំ ហើយពួកគាត់ទទួលរងទុក្ខលំបាក ធ្វើដំណើរទៅណាមកណាក៏មិនរួចទេ។

ប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវមួយខ្សែភ្ជាប់ពីផ្លូវជាតិលេខ២១បេ ចូលតាមខ្លោងទ្វារវត្តព្រែកស្បូវ ឆ្ពោះទៅកាន់ព្រំដែនវៀតណាម ជាច្រករបៀងរវាង កម្ពុជា-វៀតណាម ត្រូវបានរងការខូចខាត យ៉ាងដំណំធ្វើដំណើរមិនរួចទេ កុំថាឡើយជិះម៉ូតូ ឬកង់ សូម្បីតែធ្វើដំណើរដោយថ្មើរជើង ក៏មិនអាចធ្វើដំណើររួចដែរ ដោយសារតែរថយន្ត ដឹកត្រីធុនតូចធំជាច្រើនគ្រឿង ដឹកជញ្ជូនត្រីទាំងយប់ទាំងថ្ងៃ ចេញពីយឿត្រីដ៏ធំមួយ នៅព្រំដែន កម្ពុជា-វៀតណាម ដឹកកាត់តាមមុខវត្តព្រែកស្បូវ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ២១បេ បង្កឲ្យបែកល្បាប់រអិលដូចខ្លាញ់ ជង្ហុកលិចក្បាលជង្គង់។

តាមរយៈអង្គភាព Fresh News នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋ បានបន្តថា «ទីវត្តអារាមគឺជាទីកន្លែងស្ងប់ស្ងាត់សម្រាប់ពុទ្ធបរិស័ទធ្វើបុណ្យ និងបូជាទៀនធុប ប៉ុន្តែទាំងយប់ទាំងថ្ងៃ គេឃើញមានក្រុមឈ្មួញដឹកជញ្ជូនត្រីគ្រប់ប្រភេទ ចេញទៅកាន់ទីផ្សារនានា ក្នុងប្រទេសកម្ពុជា ដោយដឹកកាត់តាមមុខវត្តព្រែកស្បូវ ធ្វើប៉ះពាល់ដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ វត្តព្រែកស្បូវផងដែរ»

មួយវិញទៀតវត្តព្រែកស្បូវ គឺវត្តនៅតំបន់ព្រំដែន គួរណាតែយើងនាំគ្នាលើកស្ទួយឲ្យបានល្អ ប៉ុន្តែក្រុមឈ្មួញបែរជាដឹកត្រីកាត់មុខវត្តឥតឈប់ឈរ ធ្វើឲ្យពុទ្ធបរិស័ទ ឬមហាជននានា លាន់មាត់ថា វិស័យព្រះពុទ្ធសាសនា និងអាចធ្លាក់ចុះដោយសារក្រុមឈ្មួញដឹកត្រីទាំងនេះ។ ដោយមើលឃើញក្រុមឈ្មួញធ្វើសកម្មភាព តាមតែអំពើចិត្តបែបនេះហើយ ទើបប្រជាពលរដ្ឋបានរិះគន់ ទៅលើអាជ្ញាធរខេត្តកណ្តាល យ៉ាងចាស់ដៃថា មិនគិតគូរពីទុក្ខលំបាករបស់ពលរដ្ឋរស់នៅក្នុងភូមិព្រែកស្បូវ ជាពិសេសវិស័យព្រះពុទ្ធសាសនា។

ប្រជាពលរដ្ឋបានបន្តថា ឈ្មួញនាំត្រីពីវៀតណាម ចូលទៅកាន់ទីផ្សារនានាក្នុងកម្ពុជានោះ ត្រូវបានគេស្គាល់ថាឈ្មោះ យូ ដែលជាឈ្មួញដ៏ធំដឹកជញ្ជូនត្រីគ្រប់ប្រភេទ ចូលមកកាន់ទីផ្សារកម្ពុជា ជាច្រើនឆ្នាំមកហើយ ក្នុង១ថ្ងៃរាប់រយតោន ដោយដឹកតាមប្រភេទរថយន្តយីឌុប បង្ហៀរទឹកជោគជាំផ្លូវជាតិ បង្កឲ្យគ្រោះថ្នាក់កើតឡើងដល់អ្នកដំណើរជាបន្តបន្ទាប់ផងដែរ។ ពាក់ព័ន្ធនឹងការលើកឡើង របស់ប្រជាពលរដ្ឋនោះ អង្គភាព Fresh News មិនអាចធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរ និងឈ្មោះ យូ នោះបានទេ៕