(ភ្នំពេញ)៖ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី លោក តាន់ ហ្សង់ហ្រ្វង់ស័រ តាមរយៈសន្និសីទសារព័ត៌មានបង្ហាញលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) នាយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ កូរ៉េខាងត្បូង បានបង្ហាញការយល់ឃើញថា កម្ពុជាជាប្រទេសដែលអំណោយផលជាងគេបង្អស់សម្រាប់ការវិនិយោគ ក្នុងចំណោមបណ្ដាប្រទេសអាស៊ានទាំង១០។

លោក តាន់ ហ្សង់ហ្រ្វង់ស័រ បានគូសបញ្ជាក់ថា ជាការពិតក្រុមហ៊ុនកូរ៉េ បានចូលមកដាក់ទុនរកស៉ីនៅកម្ពុជាជាយូរឆ្នាំកន្លងមកហើយ ប៉ុន្ដែយ៉ាងណាក៏ដោយលើកនេះ រាជរដ្ឋាភិបាលកម្ពុជា ចង់បានរលកថ្មីនៃការវិនិយោគរបស់កូរ៉េ ដោយទាក់ទាញខ្លាំងជាអាទិ៍ សហគ្រាសធុនតូច និងធុនមធ្យមរបស់កូរ៉េ ព្រមទាំងឧស្សាហ៍កម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ សម្រាប់បម្រើការនាំចេញ ដូចជាឧស្សាហ៍កម្មបង្គុំ និងតម្លើងរថយន្ដ, ឧស្សាហកម្មអេឡិចត្រូនិច ឬឧស្សាហកម្មបរិក្ខាអគ្គិសនី និងគ្រឿងម៉ាស៉ីនជាដើម។

រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រីរូបនេះ ក៏បានបង្ហាញនូវការយល់ឃើញមួយចំនួន ដែលជាមូលហេតុចម្បងនាំឲ្យថ្នាក់ដឹកនាំ និងអ្នកវិនិយោគយល់ថា កម្ពុជាជាប្រទេសអំណោយផលសម្រាប់ការវិនិយោគនៅពេលនេះ៖

*ទី១៖ គ្រប់ស្ថាប័នហរិញ្ញវត្ថុអន្ដរជាតិ សុទ្ធតែបានព្យាករណ៍ថា នៅឆ្នាំ២០២៤នេះកំណើនសេដ្ឋកិច្ចកម្ពុជា នឹងមានកម្រិតខ្ពស់ជាងគេក្នុងចំណោមបណ្ដាប្រទេសអាស៊ានទាំង១០ អាចលើស៦ភាគរយ

*ទី២៖ វិនិយោគិននៅកូរ៉េ ថៅកែកូរ៉េ សុទ្ធតែបានថ្លែងប្រាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូអមដំណើរ សរសើរពលករខ្មែរថា ស្វិតស្វាញ ស្លូតបូត មានចរិកល្អ មិនសំចៃកម្លាំង។ ថៅកែកូរ៉េក៏អាចយល់ឃើញថា នៅកម្ពុជាមានប្រជាជនក្មេង មានថាមពល ហើយអាចទាក់ទាញពួកគាត់មករកស៉ីបណ្ដាក់ទុននៅកម្ពុជា

*ទី៣៖ អ្នកវិនិយោគទុន ត្រូវការស្ថិរភាពនយោបាយ និងសន្ដិភាពយូរអង្វែង ព្រោះអ្នកវិនិយោគមិនយកលុយមកបណ្ដាក់ទុននាំឲ្យខាតលុយ ខាតបង់ពេលវេលានោះទេ។ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាស្គាល់ស្ថេរភាពនយោបាយពិតប្រាកដ ហើយសន្ដិភាពយូរអង្វែងច្រើនឆ្នាំតទៅមុខទៀត

*ទី៤៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ ហេដ្ឋារចនាសម្ព័ន្ធសំបូរបែបបានលេចចេញជារូបរាងនៅលើទឹកចិត្តនៅកម្ពុជា ដូចជាអាកាសយានដ្ឋានអន្ដរជាតិថ្មីៗ នៅខេត្តសៀមរាប, ភ្នំពេញ, ផ្លូវល្បឿនលឿន ហើយនៅពេលខាងមុខនឹងមានព្រែកជីកហ្វូណនតេជោ

*ទី៥៖ ក្នុងពេលនេះទឹកដីកម្ពុជា ត្រូវបានគ្របដណ្ដប់ដោយការចូលជាធរមានសឹងដំណាលគ្នានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ, អាស៊ាន-កូរ៉េ និងអាសិប (RCEP)។

សូមជម្រាបថា តាមរយៈដំណើរទស្សនកិច្ចនៅពេលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក យូន ស៊កយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ បានពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយគ្របដណ្តប់លើវិស័យសំខាន់ៗ រួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ និងវិស័យផ្សេងៗទៀត។

ជាលទ្ធផល ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្រ្ត» ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការឲ្យកាន់តែជិតស្និទ្ធ និងប្រកបដោយវិបុលភាព៕