(ភ្នំពេញ)៖ មិនបានប៉ុន្មានម៉ោងក្រោយ ពីសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសបុគ្គល កឹម សុខា ឱ្យជាប់ពន្ធនាគារ៥ ខែនិងបង់ប្រាក់ពិន័យ ៨ សែនរៀល ពីបទបដិសេធក្នុងការចូលខ្លួន តាមការកោះរបស់តុលាការ គណបក្សសង្គ្រោះជាតិ បានប្រកាសអំពីគម្រោងធ្វើមហាបាតុកម្ម នៅទូទាំងប្រទេស។ 

គម្រោងនេះត្រូវបានសម្រេចជាផ្លូវការ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងអ្វីដែលគណបក្សសង្គ្រោះជាតិ សង្ឃឹមទាមទារឱ្យមានបរិយាកាសនយោបាយ ប្រក្រតីឡើងវិញ ដើម្បីធានាឱ្យបាននូវការបោះឆ្នោត ដោយសេរីត្រឹមត្រូវយុត្តិធម៌ និងស្មើភាពតាមរយៈ ដំណោះស្រាយនយោបាយរួម។ ដំណោះស្រាយរួម ដែលគណបក្សសង្គ្រោះជាតិ ចង់បានតាមរយៈគោលគំនិតបុគ្គលលោក កឹម សុខា គឺធ្វើនយោបាយ តូបនីយកម្មពីរឿងរ៉ាវផ្លូវភេទ និងការរំលោភបំពានច្បាប់របស់ខ្លួនផ្ទាល់ទៅជាបញ្ហាជាតិ ដោយយកប្រទេស និងប្រជាជនកម្ពុជាជាចំណាប់ខ្មាំងរបស់ខ្លួន ក្នុងបំណងលាក់បាំងកំហុសបុគ្គល ដែលជាប្រធានស្តីទីបក្សល្មោភកាម និងមេបក្សរំលោភច្បាប់ និយាយគ្មានការទទួលខុសត្រូវ។

ចំពោះមុខនៃការគំរាមកំហែងពីសំណាក់មេដឹកនាំបក្សប្រឆាំង ចំពោះស្ថេរភាពជាតិ តាមរយៈការរៀបចំធ្វើមហាបាតុកម្មដើម្បីទាមទារ របស់ដែលហៅថា ដំណោះស្រាយនយោបាយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ភ្លាមៗបានព្រមានខ្លាំងៗថា៖ «ខ្ញុំសុំប្រាប់ទៅវិញថាទេ! មិនមានដំណោះស្រាយ នយោបាយណា ដែលអាចរកឃើញតាមរយៈបក្សនយោបាយនោះឡើយ ព្រោះវាជាសមត្ថកិច្ចរបស់តុលាការ។ បុគ្គលដែលធ្វើខុសកុំយកប្រទេសជាតិ ធ្វើជាចំណាប់ខ្មាំង កុំយកបក្សនយោបាយធ្វើជាជម្រកបិទបាំង នូវកំហុសរបស់ខ្លួន»។ សម្តេចតេជោ បានគូសបញ្ជាក់ថា៖ «ខ្ញុំបញ្ជាដល់គ្រប់កម្លាំងមានសមត្ថកិច្ច ត្រៀមខ្លួនកម្ចាត់ចោលនូវរាល់សកម្មភាពខុសច្បាប់ទាំងអស់ ដើម្បីការពារនូវភាពសុខសាន្ត របស់ប្រជាជន។ ដោយតម្លៃណាក៏ដោយ គឺត្រូវការពារស្ថេរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យខាងតែបាន ព្រោះវាជាតម្រូវការរបស់ជាតិ និងប្រជាជន»

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា៖ «មេដឹកនាំបាតុកម្មកុំអាងលើសិទ្ធិបញ្ចេញមតិ ហើយភ្លេចគិតដល់សិទ្ធិអ្នកដទៃ រាប់ទាំងសិទ្ធិរបស់រាជរដ្ឋាភិបាលផងដែរ។ ឧទ្ទាមកម្មក្នុងទីក្រុង ដើម្បីបិទបាំងជន ដែលតុលាការកាត់ទោស មិនត្រូវបានអនុញ្ញាតទេ។ សុំអស់លោកលោកស្រីកុំញ៉ាម និងកុំអាងលើបាតុកម្ម។ វាយពស់ត្រូវវាយក្បាលមុន បើមិនជឿ សុំសាកមើល។ នេះមិនមែនជាការគំរាមទេ តែវាធ្ងន់ជាងគំរាមទៅទៀតព្រោះជា ប្រភេទនៃបទបញ្ជាកម្លាំងរបស់រាជរដ្ឋាភិបាលទាំងអស់ ត្រៀមខ្លួនកម្ចាត់ចោលរាល់កម្លាំងដែលធ្វើសកម្មភាពបំផ្លាញ សន្តិសុខជាតិ ហើយខ្ញុំមានសិទ្ធិ និងនិយាយរបៀបនេះ ព្រោះវាជាសិទ្ធិអំណាចនាយករដ្ឋមន្ត្រី»

តើមូលហេតុអ្វីបានជាគណបក្សសង្គ្រោះជាតិ សម្រេចជ្រើសរើសយកយុទ្ធសាស្ត្រមហាបាតុកម្ម ដើម្បីរំដោះ អ្នកនយោបាយជាប់ទោសចេញ ពីសំណាញ់ច្បាប់យ៉ាងដូច្នេះ?

គណបក្សសង្គ្រោះជាតិ ដែលកើតចេញពីការច្របាច់បញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី ដឹកនាំដោយលោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា គ្មានគោលនយោបាយច្បាស់លាស់ ក្រៅពីការធ្វើប្រជាភិថុតិ បោកបញ្ឆោតរាស្ត្រខ្មែរអ្នកគាំទ្រខ្លួន ដើម្បីសម្រេចមហិច្ឆតាអំណាចនោះឡើយ ដោយព្យាយាមបំផ្លើស និងបំភ្លៃ ការពិតទាំងឡាយ។ ដើម្បីផ្តល់ចំណីអារម្មណ៍ដល់អ្នកគាំទ្រខ្លួន កុំឱ្យបាត់បង់ជំនឿកាន់តែខ្លាំង ទើបគណបក្សនេះបានបង្កើតវេទិកាបីដង ក្នុងមួយសបា្តហ៍ និយាយពីបញ្ហាផ្សេងៗដើម្បីបំប៉នទស្សនៈនយោបាយ កុំឱ្យដាច់នៅក្នុងគោលដៅចុងក្រោយវាយប្រហារ មកលើបក្សកាន់អំណាច និងទាញយកប្រជាប្រិយភាព។ បក្សសង្គ្រោះជាតិបានអនុវត្តយុទ្ធសាស្ត្រមួយគឺ «ធ្វើខ្លួនជាជនរងគ្រោះ និងបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា គឺជាតួអង្គចិត្តអាក្រក់»។ ហេតុដូច្នេះហើយបានជានៅគ្រប់សកម្មភាពទាំងអស់ មន្ត្រីគណបក្សនេះតែងតែទាញយកធាតុ «ជនរងគ្រោះ» មកដាក់ខ្លួនយ៉ាងប៉ិនប្រសព្វជាទីបំផុតក្នុងបំណង បំភ័ន្តភ្នែករាស្ត្រ ទោះបីជាខ្លួនបានប្រព្រឹត្តខុស និងបំពានច្បាប់យ៉ាងណាក៏ដោយ ដើម្បីទាក់ទាញសមានចិត្តរបស់ពលរដ្ឋមួយចំនួន។ ពួកគេតែងតែពាក់អាវ «សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ» ទោះជាខ្លួនបានប្រព្រឹត្តកំហុសឆ្គង។ ប៉ុន្តែជម្រៅផ្ទៃក្នុងរបស់មេដឹកនាំបក្សនេះគឺបំពេញមហិច្ឆតាអំណាច និងការបម្រើ មនោគមវិជ្ជាបរទេសដោយបានគំរាមទៅលើស្ថេរភាព និងសន្តិភាព ជាតិតាមរយៈការប្រកាសធ្វើមហាបាតុកម្មទូទាំងប្រទេស។

មូលហេតុសំខាន់ៗ ដែលនាំឱ្យបក្សសង្គ្រោះជាតិសម្រេច យកយុទ្ធសាស្ត្រមហាបាតុកម្ម ត្រូវបានគេមើលឃើញថាដោយសារតែ៖

១៖ ដើរដល់ផ្លូវទាល់ច្រក៖ នៅពេលនេះ គណបក្សសង្គ្រោះជាតិ បានដើរដល់ផ្លូវទាល់ច្រកមួយ ដែលជាលទ្ធផលកើតចេញពីភាពមិនស្មោះត្រង់ក្នុងការដៃគូ វប្បធម៌សន្ទនាដោយនិយាយនឹងមាត់ លុបនឹងជើង មិនរក្សាសេចក្តីសុខ តែនាំគ្នាបង្កាត់ភ្លើង បង្កបញ្ហារំលោភ និងបំពានច្បាប់ទាំងងងើលក្រោមរូបភាព សិទ្ធិសេរីភាព និងប្រជាធិបតេយ្យបំណងឈានទៅរកការដណ្តើមអំណាចដោយទុច្ចរិត។ ដើម្បីរំដោះខ្លួនចេញពីសំណាញ់ច្បាប់គេចវេសពីការទទួលខុសត្រូវ ចំពោះទង្វើរបស់ខ្លួន ពួកគេព្យាយាមក្នុងការបិទបាំងការពិត មិនព្រមទទួលស្គាល់នូវកំហុស ប៉ុន្តែបានប្រែក្លាយទៅជា «ជនរងគ្រោះអាជីព» មួយរំពេចចំពោះទង្វើរបស់ខ្លួន។ ពួកគេបានពាក់អាវជនរងគ្រោះអាជីពនេះ ដើម្បីដើរកៀគរការគាំទ្រក្នុងស្រុក និងក្រៅស្រុកដើម្បីជួយខ្លួនក្រោមរូបភាព ដើម្បីសិទ្ធិសេរីភាព សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងបានធ្វើនយោបាយតូបនីយកម្ម ប្រែក្លាយពីបញ្ហាបុគ្គលទៅជាបញ្ហាបក្ស និងឈានដល់បញ្ហាជាតិទាំងមូល ហើយទាមទារឱ្យដោះស្រាយបញ្ហាតាមផ្លូវនយោបាយ។ ដោយសារតែការបញ្ចេញមតិមិនទទួលខុសត្រូវ និងការរំលោភបំពានច្បាប់ មេដឹកនាំបក្សសង្គ្រោះជាតិ និងសកម្មជនរបស់ខ្លួនបានជាប់ទោស និងបដិសេធមិនទទួលខុសត្រូវតាមច្បាប់ បន្តវប្បធម៌និរទណ្ឌភាព និងបានស្រែកថា អយុត្តិធម៌ ជាការបំបិទសិទ្ធិសេរីភាព និងថារដ្ឋាភិបាលផ្តាច់ការ។ ការអនុវត្តច្បាប់មិនរើសមុខឡើយ ហើយជាពិសេសចាប់ផ្តើមពីថ្នាក់ដឹកនាំ តំណាងរាស្ត្រ និងអ្នកនយោបាយដើម្បី ជាគំរូដល់ប្រជាពលរដ្ឋទូទៅ។

នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គណបក្សសង្គ្រោះជាតិ បានព្យាយាមស្វែងរកអន្តរាគមន៍ពីបរទេសមួយចំនួន ប៉ុន្តែសំឡេងជនរងគ្រោះអាជីពនេះ មិនត្រូវបានគេយកចិត្តទុកដាក់ឡើយ។ ដោយសារតែទាល់ច្រក គ្មានផ្លូវដើរទៀត ទើបសម្រេចប្រកាសធ្វើមហាបាតុកម្ម។

២៖ មហាបាតុកម្មដើម្បីស្ទង់កម្លាំងប្រជាប្រិយភាពបក្ស៖ នៅពេលក្បាលម៉ាស៊ីដឹកនាំបក្សប្រព្រឹត្តកំហុសឆ្គង ត្រូវបានតុលាការកាត់ទោស និងបានបង្ហាញពីទង្វើអាក្រក់របស់គណបក្សខ្លួន ការសន្យាខ្យល់ ប្រជាភិថុតិរួចមក គណបក្សសង្គ្រោះជាតិ ចង់ដឹងថាតើកម្លាំងរបស់ខ្លួនបច្ចុប្បន្នមានទំហំប៉ុនណា និងមានប្រជាប្រិយភាពក្នុងចំណោមអ្នកគាំទ្រដែរឬទេ? គណបក្សនេះក៏ចង់បង្ហាញកម្លាំងរបស់ខ្លួនផងដែរ ដើម្បីបង្ហាញដល់រដ្ឋាភិបាល និងគណបក្សប្រកួតប្រជែងថា ខ្លួនមានអ្នកគាំទ្រច្រើន គាំទ្រនូវទង្វើខុសច្បាប់របស់ខ្លួន។ ត្រង់នេះសបញ្ជាក់ឱ្យឃើញថាគណបក្សសង្គ្រោះជាតិគិតពីផលប្រយោជន៍ថ្នាក់ដឹកនាំមួយក្តាប់តូច និងទាញយកចំណេញនយោបាយពីពលរដ្ឋខ្មែរមួយចំនួន ដែលគេជឿថា បាននិងកំពុងងប់ងុលនឹងខ្លួន ដោយមិនគិតពីផលវិបាកផ្សេងរបស់ពួកគេ ព្រោះគណបក្សនេះ បានបញ្ចូលនូវមនោគមវិជ្ជាអវិជ្ជមានផ្សេងៗដើម្បីឱ្យពួកគាត់មើលមករាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាជាតួអង្គចិត្តអាក្រក់ និងយល់ថាគណបក្សសង្គ្រោះជាតិ និងមេដឹកនាំបក្សនេះគឺជាកូនចៀម។ តែតាមពិតគឺជាចចក ពាក់រោមចៀមសោះ។ ចចកពាក់រោមចៀម ព្រោះមេដឹកនាំនៃគណបក្សសង្គ្រោះជាតិនៅតែចិញ្ចឹមចិត្តសងសឹកតាទិសស្លោក «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» និងបានបង្កជម្លោះជាតិសាសន៍ និងបង្កើតនូវជម្លោះវណ្ណៈរវាងអ្នកក្រីក្រ និងអ្នកមាន។

ដើម្បីសម្រេចមហិច្ឆតាអំណាចរបស់ខ្លួន មេដឹកនាំបក្សសង្គ្រោះជាតិមិនបានខ្លាចញញើត សូម្បីតែបន្តិចក្នុងការបំពក់ភ្នក់ភ្លើងសង្គ្រាមចិត្តសាស្ត្រ និងជម្លោះជាតិសាសន៍ក្នុងប្រទេសឡើយ។ មេដឹកនាំខ្មែរក្រហមបានអូសទាញយុវជនខ្មែរជាច្រើនដើម្បីវាយប្រយុទ្ធជាមួយប្រជាជនកម្ពុជា និងរបបរដ្ឋកម្ពុជាក្រោយពី ខ្លួនបានដួលរំលំទៅដោយសារតែបានដុតកំហឹង ជាតិសាសន៍និយមប្រឆាំងនឹងវៀតណាម។ ឥឡូវនេះ មេដឹកនាំបក្ស សង្គ្រោះជាតិ ក្នុងបរិបទកម្ពុជាពោរពេញដោយសន្តិភាពនេះ បាននិងកំពុងដុតកំហឹងពលរដ្ឋខ្មែរឱ្យស្អប់រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា និងស្អប់នូវអ្វីដែលជាសមិទ្ធផល របស់រាជរដ្ឋាភិបាល និងអាជ្ញាធរ ទោះបីជាសមិទ្ធផលនោះ ផ្តល់ផលប្រយោជន៍ខ្លួនក្តី។

ការបញ្ឆេះកំហឹងនេះហើយ ដែលគណបក្សសង្គ្រោះជាតិ រំពឹងថា នឹងអាចទាក់ទាញ ការគាំទ្ររបស់អ្នកគាំទ្រខ្លួន និងធ្វើមហាបាតុកម្ម ដើម្បីជួយរំដោះខ្លួនចេញពីការទទួលខុសត្រូវផ្នែកផ្លូវច្បាប់។ នេះមិន គិតដល់ពលរដ្ឋមួយចំនួន ដែលត្រូវបានគេបោកបញ្ឆោតមកធ្វើបាតុកម្ម ដោយមិនបញ្ជាក់ពីមូលហេតុពិតប្រាកដ។ គោលបំណងសំខាន់គឺដើម្បីបង្ហាញកម្លាំងរបស់ខ្លួន សម្ញែងសាច់ដុំនយោបាយ។ ប៉ុន្តែមេដឹកនាំគណបក្សប្រឆាំងត្រូវ យល់ដែរថាអ្នកមានសិទ្ធិធ្វើបាតុកម្ម អ្នកដទៃក៏មានសិទ្ធិធ្វើបាតុកម្មដែរ។ តើនៅពេលដែលបាតុកម្មពីរក្នុងពេលតែមួយ មានគោលដៅខុសគ្នា តើបក្សប្រឆាំងអាចគ្រប់គ្រងស្ថានការណ៍បានទេ? ដូច្នេះ មេដឹកនាំបក្សប្រឆាំងត្រូវគិត ពិចារណាឱ្យគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចដាក់ចុះនូវគោលនយោបាយមួយ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់អាយុ ជីវិតពលរដ្ឋ និងប្រទេសជាតិ។

៣៖ សម្រេចគោលដៅខ្លួន និងចៅហ្វាយនាយខ្លួន៖ គណបក្សសង្គ្រោះជាតិបានប្រកាសចូលរួមពេញទំហឹងក្នុង «យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ» រួមនឹងគោលគំនិតនៃការបង្កើតរដ្ឋាភិបាលស្រមោល ដែលគេបានដឹងថាមានការរៀបចំនូវរចនាសម្ព័ន្ធច្បាស់លាស់ ក្នុងបុព្វហេតុឈានដល់ការដុតបញ្ឆេះបដិវត្តន៍ពណ៌ និងត្រៀមខ្លួនដឹកនាំប្រទេសជាយថាហេតុ។ គេចាំបានថា ពេលដែលប្រទេសនានា នៅមជ្ឈិមបូព៌ា កំពុងជួបព្យុះបដិវត្តន៍ពណ៌ មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ក៏បានអំពាវនាវឱ្យមានការធ្វើបដិវត្តន៍ ស្រដៀងគ្នានេះដែរ។ គំនិតនេះនៅតែបន្តមានរហូតមក។ ការប្រកាសឱ្យមានមហាបាតុកម្ម នៅទូទៅប្រទេសនេះគឺជារូបភាពចាប់ផ្តើមដំបូងដែលគណបក្សសង្គ្រោះជាតិ មិនត្រឹមតែប្រើដើម្បីតវ៉ាជួយខ្លួនទេ ប៉ុន្តែនឹងអាចឈានដល់ការបង្កចលាចល និងបញ្ចូលគោលគំនិតនៃ បដិវត្តន៍ពណ៌ថែមទៀត បំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់កម្ពុជា ដើម្បីបំពេញមហិច្ឆតាអំណាចផ្ទាល់ខ្លួន និងបំណងចៅហ្វាយនាយរបស់ខ្លួន ដែលមិនចង់ឱ្យប្រទេសកម្ពុជារស់ក្នុងសន្តិភាព និងការអភិវឌ្ឍ។ អ្នកស្និទ្ធនឹងលោក សម រង្ស៊ី ធ្លាប់បានលើកឡើងថា៖ «លោកសម រង្ស៊ី មិនបានខ្វាយខ្វល់នឹងជីវិតរបស់ប្រជាពលរដ្ឋ និងមន្ត្រីនៅជុំវិញខ្លួនឡើយ ទោះបីជាស្លាប់ខ្លួន ជាប់ពន្ធនាគារ និងខ្លះរងទុក្ខ វេទនាក្នុងជីវភាពគ្រួសារ ដោយសារតែបរិច្ចាកថវិកាជួយបក្ស។ លោកសម រង្ស៊ី មានចរិកដឹកនាំផ្តាច់ការ និងអត្តនោម័ត។ មហិច្ឆតារបស់លោក សម រង្ស៊ី គឺតែម្យ៉ាងគត់ធ្វើយ៉ាងណាបានកាន់តំណែងនាយករដ្ឋមន្ត្រីក្នុងមួយជីវិតនេះ»

ចំណែកលោក កឹម សុខា វិញចង់បានទាំងអំណាច និងស្រីស្អាត ពូកែធ្វើជាជនរងគ្រោះ។ ដូច្នេះមេដឹកនាំបក្សប្រឆាំងមិនខ្វល់ពីផលវិបាក ដែលកើតចេញពីការប្រឈមមុខគ្នារវាងបាតុករ និងកម្លាំងសន្តិសុខឡើយ។ អ្វីដែលពួកគេចង់បានគឺបាតុកម្មដែលមានហិង្សា មានអ្នករបួស និងមានអ្នកស្លាប់ នោះគឺជាជោគជ័យធំរបស់ខ្លួន ដើម្បីវាយប្រហារបន្ថែមលើរាជរដ្ឋាភិបាល និងកម្លាំងសមត្ថកិច្ចនិងចោទថាកម្ពុជា ជាប្រទេសផ្តាច់ការ ដូច្នេះត្រូវតែប្តូរ ដាក់បក្ខពួកខ្លួនដឹកនាំវិញម្តង។ ប្រសិនបើការតវ៉ា ដោយសន្តិវិធី គ្មានការប្រឈមមុខគ្នារវាងសមត្ថកិច្ច និងបក្សប្រឆាំងទេ នោះមិនមែនជាជោគជ័យឡើយ។

នេះគឺជាការបញ្ជាក់ ថាព្រោះតែអំណាច ក្រុមបក្សប្រឆាំងមិនខ្លាចញញើតក្នុងការយកពលរដ្ឋខ្មែរ មកធ្វើជាឧបករណ៍នយោបាយ និងយកប្រទេសជាតិទាំងមូល ធ្វើជាចំណាប់ខ្មាំងឡើយ។ ជាក់ស្តែង ក្រោយការបោះឆ្នោតឆ្នាំ ២០១៣ គណបក្សសង្គ្រោះជាតិ បានយកការលះបង់របស់សកម្មជនរបស់ខ្លួន ក្នុងការចរចាទាមទារអំណាចសម្រាប់បក្ខពួកខ្លួន តែប៉ុណ្ណោះ។ ដោយសារតែចរចា ដើម្បីអំណាចនេះហើយបានជាលទ្ធផលចរចារវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា គឺគណបក្សសង្គ្រោះជាតិចាញ់ប្រៀបខ្លាំង។ ប៉ុន្តែមេដឹកនាំគណបក្សសង្គ្រោះជាតិ គួរសិក្សាពីបទពិសោធដ៏ជូរចត់របស់កម្ពុជា នាអតីតកាលជាពិសេសរបបសាធារណរដ្ឋខ្មែរ។ លោកសេនាប្រមុខ លន់នល់ និង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ចុងក្រោយចុកឈាមដោយសារតែ ចៅហ្វាយនាយបរទេសរបស់ខ្លួន បោះបង់ចោល ព្រោះជា «ស្លឹកចេកដែលគ្មានតម្លៃពេលគេស៊ីនំអស់»

ប៉ុន្តែសម្រាប់កម្ពុជាពេលនេះ សម្តេចតេជោ ហ៊ុន សែន នឹងមិនបណ្តោយឱ្យស្ថានភាព នៅមជ្ឈិមបូព៌ាកើតឡើងនៅកម្ពុជាឡើយ។ ក្នុងនាមជាស្ថាបនិកនយោបាយឈ្នះ-ឈ្នះ បញ្ចប់ភ្នក់ភ្លើងសង្គ្រាមស៊ីវិល នៅកម្ពុជា នាំយកសន្តិភាព និងការអភិវឌ្ឍជូនជាតិ ដែលមិនដែលមានក្នុងរយៈពេលជាង៥០០ឆ្នាំ នៃប្រវត្តិសាស្ត្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានយល់យ៉ាងច្បាស់ថា តើការស្វែងរកសន្តិភាព ពីក្នុងភ្នក់ភ្លើងសង្គ្រាមពិបាកយ៉ាងណា។ ហេតុដូច្នេះហើយបានជាសម្តេចតេជោ បានប្រកាសនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ តបនឹងការប្រកាសធ្វើមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិថា៖ «ដោយតម្លៃណាក៏ដោយគឺត្រូវ ការពារស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យខាងតែបាន ព្រោះវាជាតម្រូវការរបស់ជាតិ និងប្រជាជន»

៤៖ បង្កើតឧទ្ទាមកម្មកណ្តាលរាជធានី៖ ដោយសារតែមេដឹកនាំគណបក្សសង្គ្រោះជាតិ ជាប់ជំពាក់វ័ណ្ឌកជាមួយនឹងបណ្តឹងនៅតុលាការ ធ្វើឱ្យមេដឹកនាំបក្សនេះ អសកម្មនៅតាមមូលដ្ឋាន ព្រោះខ្លះរត់ចោលស្រុក និងខ្លះទៀតខ្លាច ស្រមោលខ្លួនឯងដាក់ឃុំខ្លួនឯង ក្នុងទីស្នាក់ការបក្ស។ ដូច្នេះគណបក្សសង្គ្រោះជាតិ ត្រូវប្រើយុទ្ធសាស្ត្របាតុកម្ម ដើម្បីបើកសមរភូមិជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលដោយប្រមែប្រមូលអ្នកគាំទ្ររបស់ខ្លួនមករាជធានី ភ្នំពេញតែម្តង។ គណបក្សសង្គ្រោះជាតិ កំពុងតែប្រមូលអង្កត់អុស ដែលមានផ្កាភ្លើងមកផ្គុំគ្នាដុតនៅភ្នំពេញ បង្កើតឧទ្ទាមកម្មខុសច្បាប់ នៅកណ្តាលរាជធានីភ្នំពេញ។ មេដឹកនាំបក្សសង្គ្រោះជាតិកំពុងតែចង់ បំផ្លាញប្រជាជនដែលជាព្រៃ និងផែនដីទាំងមូលដែលជាប្រទេសកម្ពុជា។ គោលបំណងសំខាន់របស់មេដឹកនាំបក្សប្រឆាំង ដែលស្នេហាជាតិតែបបូរមាត់ ស្រឡាញ់ប្រជាជនតែបបូរមាត់ គឺប្រសិនបើខ្លួនមិនបានគ្រប់គ្រងអំណាចទេ នោះអ្នកដឹកនាំអំណាចបច្ចុប្បន្ន ក៏មិនអាចនៅសុខដែរ។ 

នេះគឺជាការលេងភ្លើងប្រកបដោយគ្រោះថ្នាក់ ព្រោះរាជរដ្ឋាភិបាលកម្ពុជាមានតួនាទី ក្នុងការការពារព្រៃ និងភពផែនដីនេះ មិនឱ្យមេដឹកនាំ គណបក្សសង្គ្រោះជាតិ ធ្វើផ្គរធ្វើភ្លៀងបានស្រេចតែនឹងចិត្តរបស់ខ្លួន កាប់បំផ្លាញព្រៃ និងដុតបំផ្លាញផែនដីកម្ពុជាឡើយ។ ហេតុដូច្នេះហើយ បានជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីកម្ចាត់ចោលនូវរាល់សកម្មភាពខុសច្បាប់ទាំងអស់ ដើម្បីការពារនូវភាពសុខសាន្តរបស់ប្រជាជន។

ជារួមកាលដែលគណបក្សសង្គ្រោះជាតិ សម្រេចជ្រើសរើសយុទ្ធសាស្ត្រមហាបាតុកម្មនេះ គឺជាជម្រើសដ៏គ្រោះថ្នាក់ និងមានគោលបំណងបំផ្លិចបំផ្លាញប្រជាជន និងប្រទេសជាតិ។ គេអាចនិយាយពីសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យបាន នៅពេលដែលមានសន្តិភាពពេញលេញ។ នៅពេលដែលមាន គ្រោះថ្នាក់ដល់សន្តិភាព ថ្នាក់ដឹកនាំប្រទេស ត្រូវចាត់វិធានចាំបាច់ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីការពារសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជាដោយ កម្ចាត់ចោលនូវឈ្មួញសង្គ្រាម និងជនបង្កចលាចលទាំងឡាយ៕