(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងជួបសំណេះសំណាល ជាមួយសិស្សប្រឡងជាប់និទ្ទេស «A» ឆ្នាំនេះ ទាំង៤០៥នាក់ ក្នុងវិមានសន្តិភាព នៅវេលាម៉ោង ៨៖៣០ព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ។ ក្រៅពីការណាត់ជួបនេះ សម្តេចតេជោ ក៏បានចូលរួមអបអរសាទរ ចំពោះសិស្សដែលប្រឡងជាប់ទាំងអស់ នៅទូទាំងប្រទេស និងសំដែងការសោកស្តាយ ចំពោះសិស្សដែល ប្រឡងមិនជាប់ផងដែរ។ នេះបើយោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះឲ្យដឹងនៅមុននេះបន្តិច។

យោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យឹងថា « ក្មួយៗដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនិទេ្ទស(A) ជាទីស្រឡាញ់។ ដំបូងពូ សូមចូលរួមអបអរសាទរចំពោះក្មួយៗ ដែលទទួលបាននូវលទ្ធផលដ៏ល្អប្រសើរនេះ។ ពូបានកំណត់យក ម៉ោង៨:៣០ព្រឹក ថ្ងៃ ២១ កញ្ញា ២០១៦ ជួបក្មួយៗ នៅវិមានសន្តិភាព។ ឆ្លៀតយកឱកាសនេះ សូមចូលរួមអបអរសាទរ ចំពោះក្មួយៗដែលប្រឡងជាប់ទាំងអស់នៅទូទាំងប្រទេស និងសំដែងការសោកស្តាយចំពោះក្មួយៗដែលប្រឡងមិនជាប់ ហើយសង្ឃឹមថាក្មួយៗនឹងប្រឹងរៀន ដើម្បីប្រឡងនៅឆ្នាំក្រោយទៀត»

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសស្នើឲ្យ ក្រសួងអប់រំយុវជននិងកីឡា ព្រមទាំងអភិបាលរាជធានី-ខេត្ត ទាំងអស់ដែលមានសិស្សប្រឡងជាប់និទ្ទេស «A» រៀបចំឱ្យបានល្អនូវការធ្វើដំណើរ និងការស្នាក់នៅធានាឱ្យបាននូវសុវត្ថិភាព ពិសេសសិស្សមកពីខេត្ត។

គួរបញ្ជាក់ថា ឆ្នាំនេះ មានបេក្ខជនទទួលបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុបចំនួន ៤០៥នាក់ ក្នុងនោះមាន មកពីរាជធានីភ្នំពេញ ១៨៣ នាក់, សៀមរាប ៣៦ នាក់, បាត់ដំបង ៣៤ នាក់, កណ្តាល ២៩ នាក់
, កំពង់ចាម ២០ នាក់, បន្ទាយមានជ័យ ១៦ នាក់, ព្រៃវែង ១៤ នាក់, កំពត ១១ នាក់, ត្បូងឃ្មុំ ១១ នាក់, តាកែវ ១១ នាក់, កំពង់ធំ ១០ នាក់, ក្រចេះ ០៩ នាក់, កំពង់ឆ្នាំង ០៧ នាក់, ព្រះសីហនុ ០៧ នាក់, កំពង់ស្ពឺ ០២ នាក់, ពោធិ៍សាត់ ០២ នាក់, មណ្ឌលគិរី ០១ នាក់, ប៉ៃលិន ០១ នាក់, ឧត្តរមានជ័យ ០១ នាក់៕