(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានច្រានចោលការចុះផ្សាយ The Cambodia Daily ដែលចោទប្រកាន់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយគ្មានមូលដ្ឋានពាក់ព័ន្ធដី៤០០ហិកតា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ មានការចុះផ្សាយតាមបណ្តាញគេហទំព័រសារព័ត៌មាន The Cambodia Daily Khmer មានចំណងជើងថា «លោក ហ៊ុន ម៉ាណែត ទទួលបានកាដូជាដី ៤០០ហិកតា ពីលោក ហេង សួរ នៅក្នុងខេត្តបន្ទាយមានជ័យ»

ចំពោះការចុះផ្សាយគ្មានមូលដ្ឋាននេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ជូនថា ពុំមានករណីដូចខាងការចុះផ្សាយរបស់សារព័ត៌មាន The Cambodia Daily Khmer នោះទេ។ រដ្ឋបាលខេត្តចាត់ទុកថា «ការចុះផ្សាយនេះ គឺជាការប្រឌិតនូវព័ត៌មានមិនពិតដែលធ្វើឱ្យមានការយល់ច្រឡំ មួលបង្កាច់បង្អួចកេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ហេង សួរ រដ្ឋមន្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនេះជាទង្វើគ្មានវិជ្ជាជីវៈ គ្មានក្រមសីលធម៌សារព័ត៌មាន និងគ្មានការទទួលខុសត្រូវ»

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្តទៀតថា ការផ្សព្វផ្សាយព័ត៌មានដែលគ្មានការពិត និងបំផ្លើសរបៀបនេះ ដើម្បីយកមកធ្វើជាឈ្នាន់បិទបាំង សកម្មភាពនយោបាយជ្រុលនិយម លាបពណ៌ និងវាយប្រហារមកលើប្រមុខរាជដ្ឋាភិបាលកម្ពុជា ដើម្បី លាភសក្ការៈរបស់ខ្លួនតែប៉ុណ្ណោះ៕