(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបំពេញទស្សនកិច្ចផ្លូវការនៅសាកលវិទ្យាល័យ MGIMO នៃក្រសួងការបរទេសនៃសហព័ន្ធរុស្ស៉ី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ដោយភាគីទាំងពីរក៏បានពិភាក្សាអំពីអាហារូបករណ៍ ដែលមានសម្រាប់និស្សិតកម្ពុជាទៅសិក្សានៅMGIMO។

ក្នុងពេលដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត បានជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ MGIMO ដឹកនាំដោយលោកបណ្ឌិត Andrey Baykov សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ MGIMO ទទួលបន្ទុកកិច្ចការស្រាវជ្រាវ។

នាឱកាសជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន NIDIR និងMGIMO លើការបណ្តុះបណ្តាលរយៈពេលខ្លីសម្រាប់អ្នកការទូតកម្ពុជា ការផ្លាស់ប្តូរអ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និងការផ្តល់បាឋកថាដោយមន្រ្តីការទូត និងបញ្ញាវន្តរុស្ស៊ីនៅNIDIR។

លោកបណ្ឌិត ក៏បានចូលរួមក្នុងពិធីបំពាក់គ្រឿងឥស្សរិយសជូនដល់ លោកបណ្ឌិត Antatoly Torkunov សាកលវិទ្យាធិការ MGIMO សម្រាប់ការរួមចំណែកអស់ជាច្រើនទសវត្សរ៍របស់លោក ក្នុងវិស័យអប់រំនៃព្រះរាជាណាចក្រកម្ពុជា។ គ្រឿងឥស្សរិយសនេះត្រូវបានបំពាក់ដោយ លោក ពេជ្រ ឃុនបញ្ញា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី។

ជាមួយគ្នានេះ លោកបណ្ឌិត អ៊ុន ឃាង ក៏បានផ្លាស់ប្តូរទស្សនៈជាមួយលោកបណ្ឌិត Antatoly Torkunov លើបញ្ហាជាច្រើនរាប់ចាប់ពីការរួមចំណែករបស់ MGIMO ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ផែនការសកម្មភាពសម្រាប់ចក្ខុវិស័យ ដែលបានកំណត់ក្នុងអនុស្សរណៈយោគយល់គ្នារវាងNIDIR និងMGIMO និងចំណាប់អារម្មណ៍របស់លោកបណ្ឌិត Torkunov ក្នុងការធ្វើទស្សនកិច្ចមកកាន់ NIDIR នាពេលអនាគត។

លោក អ៊ុន ឃាង ក៏បានចូលរួមក្នុងកម្មវិធីចំនួនពីរផ្សេងទៀត (១) ការចូលរួមក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នារវាងNIDIR និងMGIMO, (២) លោកបានថ្លែងសុន្ទរកថាគន្លឹះ ក្រោមប្រធានបទ «តួនាទីរបស់កម្ពុជាក្នុងអាស៊ាន» នៅក្នុងកម្មវិធីបើក The ASEAN and EAS Model ដែលរៀបចំដោយមជ្ឈមណ្ឌលអាស៊ាននៃសាកលវិទ្យាល័យ MGIMO។

សូមជម្រាបផងថា បាឋកថានេះមានការចូលរួមពីឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត និងអ្នកការទូតនៃបេសកកម្មរបស់ប្រទេសសមាជិកអាស៊ានប្រចាំសហព័ន្ធរុស្ស៊ី និស្សិត សាស្រ្តាចារ្យ MGIMO ព្រមទាំងអ្នកចូលរួមជាច្រើនរូបផ្សេងទៀត៕