(កំពង់ស្ពឺ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គេបានសង្កេតឃើញ មានប្រជាជនពលរដ្ឋ មកពីតំបន់ផ្សេង មកចាប់ទន្ទ្រានដីយ៉ាងអនាធិតេយ្យ ក្នុងតំបន់ឧទ្យានជាតិគីរម្យ និងឧទ្យានជាតិបូកគោ ហើយភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរពីភ្នំពេញ ទៅខេត្តព្រះសីហនុ និងចេញពីខេត្តព្រះសីហនុទៅភ្នំពេញវិញ ចេះតែឆ្ងល់ថា ហេតុអីក៏នៅម្តុំគីឡូម៉ែត្រលេខ១០២-១០៧ ខាងលិចទីសក្ការៈ លោកយាយម៉ៅពេជ្រនិល ឃើញមានប្រជាជន សមត្ថកិច្ចចម្រុះ និងឧទ្យានុរក្សខាងបរិស្ថាននៅជុំៗគ្នា ច្រើនម្ល៉េះ ក៏បាននាំគ្នាចុះមើលទើបដឹងថា មានមនុស្សកំពុងរំលោភយកដី ឧទ្យានយ៉ាងព្រហើនមិនញញើតច្បាប់ គ្រាដែលពួកគេធ្លាប់ទន្ទ្រាននៅតំបន់ផ្សេង ទទួលបានជោគជយ័កន្លងមក។ ប្រជាពលរដ្ឋបានដង្ហោយរក អន្តរាគមន៍ពីអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ចាត់វិធានការភ្លាមៗ ចំពោះបញ្ហានេះផង។

នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ភ្នាក់ងារ Fresh News បានទៅយកព័ត៌មាននៅតំបន់នោះ ទើបដឹងថា តាមពិតថា មួយរយៈនេះមានប្រជាពលរដ្ឋនៅកំពង់ស្ពឺជាច្រើន បានប្រមូលគ្នា ទៅធ្វើការចាប់ដីខុសច្បាប់ នៅតំបន់ឧទ្យានជាតិបូកគោ ដែលការរំលោភយកដីនេះ ចាប់ពីតំបន់គីឡូម៉ែត្រលេខ១០០-១០៧ ទាំងសង្ខាងផ្លូវជាតិលេខ ៤តែម្តង តាមការដឹងចំណុចខាងលើ គឺជាតំបន់អភិរក្សរបស់ ក្រសួងបរិស្ថានដែលមាន ឧទ្យានជាតិព្រះមុនីវង្សបូកគោ នៅខាងត្បូងផ្លូវជាតិលេខ៤ និងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គីរីរម្យ» នៅខាងជើងផ្លូវជាតិលេខ៤ ដែលកំពុងត្រូវគេរំលោភ យកដីទាំងបំពាន។

បច្ចុប្បន្ននេះឧទ្យានជាតិទាំងពីរ ដែលកំពុងរងនូវការលួចចូលទន្ទ្រានយ៉ាងខ្លាំង ពីសំណាក់ប្រជាជននៅឃុំត្រែងត្រយឹង និងប្រជាជនមកពីឃុំផ្សេងៗទៀត នៃខេត្តកំពង់ស្ពឺ ព្រមទាំងមានប្រជាជន មកពីបណ្តាខេត្តផ្សេងៗទៀត ដែលទាមទារឲ្យសមត្ថកិច្ចដោះស្រាយជាបន្ទាន់មិនអាចបង្អង់យូរបានឡើយ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានលើកឡើងថា «សព្វថ្ងៃនេះមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានធ្វើការទប់ស្កាត់បទល្មើសខាងលើជាប្រចាំដែរ ដោយមន្ទីរបរិស្ថានបានចាត់ឲ្យមន្ត្រីទទួលបន្ទុកការងារអភិរក្ស នៃមន្ទីរបរិស្ថានខេត្ត ចុះដឹកនាំឧទ្យានុរក្សជាច្រើន ធ្វើការទប់ស្កាត់ ដោយសហការជាប់ជាមួយអជ្ញាធរភូមិ ឃុំ ស្រុក និងមានព្រះរាជអជ្ញា ខេត្តចុះអប់រំប្រជាពលរដ្ឋ នូវបញ្ហាច្បាប់ដល់ប្រជាជន នៅទីកន្លែងកំពុងទន្ទានដីទៀតផង»

លោកបន្តទៀតថា ប្រសិនបើប្រជាជនគ្មានដីពិតប្រាកដ ប្រជាជនអាចដាក់ពាក្យទៅរដ្ឋបាលខេត្តកំពង់ស្ពឺ ជាមុនដើម្បីស្នើសុំដីសម្បទានសង្គមកិច្ច និងឲ្យអាជ្ញាធរដោះស្រាយទើបបាន ហើយពួកគាត់មិនត្រូវ មកធ្វើការកាន់កាប់រុករានដីរដ្ឋដូច្នេះទេ ព្រោះវាជាអំពើខុសច្បាប់។ លោកបញ្ជាក់ថា បច្ចុប្បន្ននេះមន្ទីរបរិស្ថានកំពុងស៊ើបរកមុខមេខ្យល់ដែលនៅពីក្រោយ និងមេខ្យល់ដែលបំផុស ឲ្យប្រជាជនមកកាប់ទន្ទ្រាន រានយកដីព្រៃ នៃឧទ្យានជាតិមកធ្វើជាកម្មសិទ្ធិមកផ្តន្ទាទោសតាមច្បាប់។ សូមជំរាបថា បញ្ហារំលោភយកដី មិនជាលើកទីមួយទេ គឺបញ្ហានេះបានកើតជាញឹកញាប់ ដែលទាមទាឲ្យថ្នាក់ដឹកនាំចេញបទបញ្ជាឲ្យតឹងតែងបំផុត ចំពោះការទន្ទ្រានយកដីរដ្ឋយ៉ាងអនាធិបតេយ្យបែបនេះ កុំទុកឲ្យអង្ករក្លាយជាបាយ ទើបនាំគ្នាស្ទុះស្ទា បង្កើតគណៈកម្មាការចុះអង្កេត ខណៈដីរដ្ឋបានបាត់អស់រលីង ហើយនោះ៕