(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា កងទ័ពរបស់កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុវត្តតាមបទបញ្ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ឱ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់សកម្មភាពទាំងឡាយណា​ ដែលបង្កអសន្តិសុខដល់ប្រទេសជាតិ។

ការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងបន្ទាប់ពី គណបក្សសង្រ្គោះជាតិ បានចេញសេចក្តីសម្រេចមួយ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ កាលពីម្សិលមិញ ដោយបង្គាប់ឱ្យសមាជិករបស់ខ្លួន រៀបចំធ្វើមហាបាតុកម្មទូទាំងប្រទេស នៅពេលខាងមុខ ដើម្បីទាមទារឱ្យមានដំណោះស្រាយនយោបាយ ហើយមិនទទួលយកសម្រេចរបស់តុលាការ ជុំវិញសំណុំរឿងមិនចូលខ្លួនរបស់ លោក កឹម សុខា ឡើយ។

លោក ឈុំ សុជាតិ បានថ្លែងប្រាប់ Fresh News ឱ្យដឹងថា «កងទ័ពត្រៀមលក្ខណៈរួចជាស្រេច ក្នុងការអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពបំផុត ហើយប្រឆាំងរាល់ការប្រមូលផ្តុំ ឬបាតុកម្មណាមួយ របស់គណបក្សសង្រ្គោះជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ បង្កអស្ថិរភាពសង្គម»

កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានព្រមានខ្លាំងៗថា រាជរដ្ឋាភិបាល នឹងចាត់វិធានការគ្រប់បែបយ៉ាងចំពោះការធ្វើបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ ទោះជាត្រូវចំណាយនៅក្នុងតម្លៃណាក៏ដោយ។ សម្តេចថែមទាំងបញ្ជាឱ្យកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ត្រៀមខ្លួនកម្ចាស់បាតុកម្មដែលល្មើសច្បាប់ និងបង្កអសន្តិសុខដល់ប្រទេសជាតិ។

ថ្លែងប្រាប់ Fresh News តាមទូរស័ព្ទ កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ទោះតម្លៃណាក៏ដោយ ពេលវេលាណាក៏ដោយ ទំហំណាក៏ដោយ ទ្រង់ទ្រាយណាក៏ដោយ រាជរដ្ឋាភិបាលមិនអនុញ្ញាតជាដាច់ខាត ព្រោះនេះជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតដល់ប្រជាជន និងប្រទេសជាតិ»។
លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានអះអាងបន្ថែមទៀតថា កងទ័ពប្រឆាំងដាច់ខាត ទៅនឹងមហាបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ ដែលបង្កអស្ថិរភាពសង្គម ហើយអ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចៀសឱ្យឆ្ងាយពីការញុះញង់របស់ គណបក្សសង្រ្គោះជាតិ ក្នុងការប្រមូលផ្តុំធ្វើបាតុកម្មនេះ។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ច និងយោធាប្រមាណ៣០-៤០ឡាន បានចេញល្បាតចល័តនៅក្បែរគណបក្សសង្គ្រោះជាតិ ម្តុំចាក់អង្រែលើ និងចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីគណបក្សនេះ ប្រកាសអំពីផែនការធ្វើបាតុកម្ម ។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា វិធានការនានារបស់សមត្ថកិច្ចនាពេលនេះ គឺជាកាតព្វកិច្ចត្រឹមត្រូវតាមច្បាប់ និងជាយុទ្ធសាស្ត្រការពារសុវត្ថិភាពពលរដ្ឋ និងធានានូវសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងប្រទេស៕