(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន៦៥នាក់ តំណាងឲ្យប្រជាពលរដ្ឋសរុប៧១គ្រួសារ រស់នៅ ឃុំជ្រៃលាស់ និងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បាននាំគ្នាមកសុំជួបលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ ដើម្បីឲ្យជួយអន្តរាគមន៍ដោះស្រាយជម្លោះដីធ្លី​ របស់ពួកគាត់ប្រមាណ១៥៥ហិកតា ជាមួយអ្នកស្រី លឹក គា ម្ចាស់ក្រុមហ៊ុនសុរាគារខ្មែរ ដែលបានអូសបន្លាយអស់រយះពេលជិត១០ឆ្នាំមកហើយ។

ប្រជាពលរដ្ឋទាំងនេះបានចោទអ្នកស្រី លឹម គា និងអាជ្ញាធរខេត្តកណ្តាលថា បានឃុបឃិតគ្នាទៅរំលោភយកដីរបស់ពួកគាត់ ដែលបានកាន់កាប់ដីនេះតាំងពីអំឡុងឆ្នាំជាង៩០មកម្ល៉េះ។

នៅលើបដារបស់ប្រជាពលរដ្ឋ ដែលអះអាងថាជនរងគ្រោះនោះ បានសរសេរថា «ពលរដ្ឋ៧១គ្រួសារ មកពីឃុំឈ្វាំង និងឃុំជ្រៃលាស់ បានតស៊ូរកយុត្តិធម៌តាមផ្លូវច្បាប់ អស់រយៈពេលជិត១០ឆ្នាំមកហើយ សូមផ្តល់ឲ្យយើងខ្ញុំ នូវយុត្តិធម៌ផង។ យើងខ្ញុំពលរដ្ឋ៧១គ្រួសារ ចង់បានការដោះស្រាយដោយយុត្តិមធ៌ និងតម្លាភាព។ ពលរដ្ឋក្រីក្រត្រូវហូរទឹកភ្នែក ដោយអំណាចទឹកប្រាក់របស់អ្នកមាន? យើងខ្ញុំសូមជឿជាក់លើឯកឧត្តម ជា សុផារ៉ា ថា ឯកឧត្តមនឹងមិនធ្វើឲ្យយើងខ្ញុំស្រក់ទឹកភ្នែក​ ដោយភាពអយុត្តិធម៌ និងភាពក្រខ្សត់ អត់ប្រាក់សូកប៉ាន់នឹងគេទេ»

ជាមួយគ្នានេះ នៅពេលប្រជាពលរដ្ឋមកតវ៉ានោះ តំណាងមន្រ្តីរបស់ក្រសួង ក៏បានចេញមកជួបជាមួយប្រជាពលរដ្ឋ និងទទួលយកពាក្យបណ្តឹងដាក់ជូនលោករដ្ឋមន្រ្តី ដើម្បីចាត់ការតាមក្រោយទៀត។ តំណាងប្រជាពលរដ្ឋបានឲ្យដឹងថា ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋជាមួយអ្នកស្រី លឹម គា បានកើតឡើងជាយូរណាស់មកហើយ ក្នុងអំឡុងឆ្នាំ១៩៩៦ និង៩៧ ក្រោយមកសម្តេចនាយករដ្ឋមន្ត្រី បានសម្រេចប្រគល់ដីនេះមកឲ្យប្រជាពលរដ្ឋកាន់កាប់ និងបង្កបង្កើនផលឡើងវិញនៅអំឡុងឆ្នាំ២០០៨ ក្រោយពីបានធ្វើការសិក្សាស៊ើបអង្កេតរួចមក។

ប៉ុន្តែភាគីអ្នកស្រី លឹម គា នៅតែមិនព្រមអនុវត្តតាមការសម្រេច របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រហូតដល់មានការប្តឹងតំណាងប្រជាពលរដ្ឋ ដាក់គុកទៀតផង។ តំណាងប្រជាពលរដ្ឋបានរៀបរាប់ថា ដីស្រែដែលមានចំនួន១៥៥ហិកតាដែលស្ថិតនៅក្នុង ភូមិឃុំខាងលើនេះ ពួកគាត់បាននាំគ្នាចូលទៅធ្វើការរុករានកាន់កាប់ និងបង្កបង្កើនផលចាប់តាំងពីចន្លោះឆ្នាំ១៩៨២-១៩៨៣ មកម្ល៉េះពោលគឺនៅក្រោយការអនុវត្តរបប ក្រុមសាមគ្គីត្រូវបានរំលាយដីទាំងនោះមានដីសម្រាប់ធ្វើស្រែវស្សា ប្រាំង និងដីចម្ការ។

នៅឆ្នាំ១៩៩៧ មាន អាជា្ញធរភូមិ-ឃុំបានធ្វើការឃោសនាថា បើ អ្នកណាចង់លក់ដីមានគេទិញហើយគេទិញ ទុកសម្រាប់ជាជម្រកត្រី និងទុកឲ្យសត្វជ្រកពេលនោះ ក៏មានប្រជាពលរដ្ឋខ្លះបានលក់ និងខ្លះទៀតមិនបានលក់។ សម្រាប់អ្នកលក់ត្រូវបានមេភូមិតាមភូមិនីមួយៗដើរ យកលុយកក់ឲ្យចន្លោះពី៥ដុល្លារទៅ១០០ ដុល្លារតាមទំហំដី ក្រោយពេលទទួលលុយកក់ហើយប្រជាពលរដ្ឋ ក៏នៅតែកាន់កាប់ និងបង្កបង្កើនផលជាធម្មតាបន្តរហូតមក។

លុះមកដល់ឆ្នាំ ២០០៦ ស្រាប់តែមានក្រុមហ៊ុនសុរាគារខ្មែរ (SKD) បាននាំគ្រឿងចក្រមកធ្វើការកាយទំនប់ព័ទ្ធយកដី របស់ពលរដ្ឋទាំងអ្នកលក់ និងអ្នកមិនលក់ពេលនោះពួកគាត់ បាននាំគ្នាធ្វើការតវ៉ារារាំងមិនឲ្យមានការកាយទំនប់ និងបានធ្វើការប្តឹងសុំអន្តរាគមន៍ ពីអាជា្ញធរមូលដ្ឋានតែគ្មានអើពើ និងដោះស្រាយឡើយ។ ដោយមិនមានការដោះស្រាយពលរដ្ឋទាំងនោះ បានធ្វើពាក្យស្នើសុំអន្តរាគមន៍ទៅអាជា្ញធរខេត្ត និង សម្តេចនាយករដ្ឋមន្ត្រីឲ្យជួយអន្តរាគមន៍រកយុត្តិធម៌។

ក្រោយមកអភិបាលខេត្តបានចុះស៊ើបអង្កេតស្រាវជ្រាវ និងបានធ្វើរបាយការណ៍ដោយសន្និដ្ឋានពីរចំណុចថា ឯកសារលក់ទិញដី របស់ឈ្មោះ លឹម គា និង ឡាយ ហៀង គឺមានភាពមិនប្រក្រតី ក្រោយមកនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០០៨ កន្លងទៅលោក ប្រាក់ សុខុន រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានចុះហត្ថលេខា តាមចំណារសម្តេចនាយករដ្ឋមន្ត្រី ប្រគល់ដីនេះមកឲ្យប្រជាពលរដ្ឋកាន់កាប់ និងបង្កបង្កើនផលថែមទៀត ក្រោយពីបានធ្វើការសិក្សាស៊ើបអង្កេតរួចមក។

ទោះជាមានចំណារពីសម្តេចនាយករដ្ឋមន្ត្រីក៏ដោយ អ្នកស្រី លឹម គា និងបក្សពួកមិនបានគោរពហើយបានរក មធ្យោបាយគ្រប់បែបយ៉ាងដោយសុំការអន្តរាគមន៍ ពីសម្តេចប្រធានរដ្ឋសភា ពីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច និងពីសាលាដំបូងខេត្តកណ្តាល។ ក្រោយមកសាលាដំបូងខេត្តកណ្តាល ជឿទៅតាមបណ្តឹងរបស់អ្នកស្រី លឹម គា ក៏បាន ធ្វើការចោទប្រកាន់ប្រជាពលរដ្ឋចំនួន១១នាក់ថា បានប្រព្រឹត្តបទល្មើសក្លែងឯកសារ ឯកជនហើយបានចេញដីកាកោះហៅ និឈានទៅដល់ចាប់ខ្លួនមនុស្ស៣នាក់ ដាក់ពន្ធនាគារហើយកាត់ទោសឲ្យជាប់គុកម្នាក់២ឆ្នាំ ចំនួន១០នាក់ និងឲ្យសងទៅ អ្នកស្រី លឹម គា ចំនួន៥០លានរៀលទៀតផង។ យ៉ាងណាក៏ដោយ ខាងលើនេះ គ្រាន់តែជាការលើកឡើងរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ ចំណែកអ្នកស្រី លឹម គា អង្គភាព Fresh News មិនទាន់អាចសុំការបកស្រាយបានទេ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ៕