(ភ្នំពេញ)៖ លោក Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន នឹងដឹកនាំគណៈប្រតិភូសភាតំណាងប្រជាជនចិន មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

នៅក្នុងកំឡុងពេលទស្សនកិច្ចផ្លូវការនេះ លោក Shohrat Zakir នឹងចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ លោក Shohrat Zakir នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

នៅក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូនៃសភាតំណាងប្រជាជនចិន នឹងអញ្ជើញជួបពិភាក្សាការងារជាមួយអភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងទស្សនាប្រាសាទបុរាណនានា ក្នុងខេត្តសៀមរាបផងដែរ៕