(ភ្នំពេញ)៖ នាសាលអង្គរវត្ត ទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ មានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលសម្រាប់រៀបចំរបាយការណ៍រយៈពេល៤ឆ្នាំ នៃការអនុវត្តអនុសញ្ញាឆ្នាំ២០០៥ ស្តីពីការការពារនិងការលើកស្ទួយភាពផ្សេងៗគ្នានៃវិញ្ញត្តិវប្បធម៌ ក្រោមអធិបតីភាព លោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

សិក្ខាសាលានេះ ត្រូវបានធ្វើឡើងដោយមានការចូលរួម ពីសំណាក់តំណាងការិយាល័យយូណេស្កូភ្នំពេញ សមាជិកនៃក្រុមជំនាញអនុសញ្ញាឆ្នាំ២០០៥ ក្រសួង/ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល អ្នកជំនាញបច្ចេកទេស ព្រមទាំងមន្ត្រីមកពីអង្គភាពក្រោមឱវាទក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រមាណ ៨០នាក់។

ដោយកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាឆ្នាំ២០០៥ កម្ពុជាត្រូវផ្តល់នូវរបាយការណ៍រៀងរាល់៤ឆ្នាំម្តងទៅអង្គការយូណេស្កូ ស្តីពីគោលនយោបាយ និងវិធានការដែលកម្ពុជាបានអនុម័ត និងបញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងការអនុវត្តអនុសញ្ញានេះ។

គោលបំណងសំខាន់៣ដែលត្រូវរៀបចំសិក្ខាសាលានេះមាន៖

១៖ ផ្សព្វផ្សាយអំពីអនុសញ្ញាឆ្នាំ២០០៥​ ស្តីពីការការពារនិងការលើកស្ទួយភាពផ្សេងៗគ្នានៃវិញ្ញត្តិវប្បធម៌
២៖ ពង្រឹងសមត្ថភាពគ្រប់ភាគីពាក់ព័ន្ធដើម្បីត្រួតពិនិត្យគោលនយោបាយ ជាពិសេសបង្កើតឱ្យមានការសន្ទនាគ្នារវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល
៣៖ ពិគ្រោះយោបល់និងប្រមូលធាតុចូលពីបណ្តាក្រសួងស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល សមាគមន៍នានា ដើម្បីផ្តល់ទិន្នន័យសម្រាប់រៀបចំរបាយការណ៍៤ឆ្នាំ ពាក់ព័ន្ធនឹងការអនុវត្តអនុសញ្ញាឆ្នាំ២០០៥។

នាឱកាសនោះ លោកស្រីអធិបតី ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា មានភារកិច្ចត្រូវបំពេញនិងផ្តល់ជូនអង្គការយូណេស្កូនៅរៀងរាល់ ៤ឆ្នាំម្តង គឺជាសញ្ញាណដ៏សំខាន់សម្រាប់យើងទាំងអស់គ្នាក្នុងការត្រួតពិនិត្យ និងវាយតម្លៃលើការងារដែលយើងសម្រេចបាន និងបញ្ហាប្រឈមដែលយើងជួបប្រទះក្នុងពេលអនុវត្តអនុសញ្ញា និងពិសេស ជាឱកាសក្នុងការពិនិត្យ តាមដាន និងវិភាគលើគោលនយោបាយ យុទ្ធសាស្រ្ត វិធាន និងសកម្មភាពផ្សេងៗពាក់ព័ន្ធនឹងការការពារ និងលើកស្ទួយភាពចម្រុះនៃវប្បធម៌​និងឧស្សហកម្មវប្បធម៌និងច្នៃប្រតិដ្ឋ៕