(តាកែវ)៖ លោក អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ នៅព្រឹកថ្ងៃ សុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ដោយមានអ្នកចូលរួមជាង១,៣០០នាក់។

ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការថ្ងៃដំបូង លោក អ៊ូច ភា បានថ្លែងប្រាប់អ្នកចូលរួមថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានមាគ៌ាគោលនយោបាយច្បាស់លាស់ត្រឹមត្រូវ និងបានប្រកាន់ខ្ជាប់ខ្ជួននូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺផ្សាភ្ជាប់រួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងបានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា សម្រេចបានស្នាដៃជាប្រវត្តិសាស្ត្រធំៗជាច្រើន ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

លោក អ៊ូច ភា បានលើកទឹកចិត្តដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សប្រជជនកម្ពុជាទូទាំងខេត្តតាកែវ ដែលជាអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ សូមមេត្តាបន្តពង្រឹងការប្តេជ្ញាចិត្តរួមគ្នាជាធ្លុងមួយ ជុំវិញការដឹកនាំរបស់គណបក្ស ធ្វើការគាំទ្រ និងចូលរួមក្នុងដំណើរការបោះឆ្នោតដ៏មានសារៈសំខាន់នេះ ដោយសូមអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យគណបក្សឈ្នះឆ្នោតបន្តដឹកនាំអភិវឌ្ឍន៍មូលដ្ឋាន ឲ្យកាន់តែរីកចម្រើនតទៅទៀត។

លោកបានរំលឹកដល់អង្គបោះឆ្នោត ត្រូវត្រៀមឯកសាររួចជាស្រេច និងពង្រឹងការថែរក្សាសុខភាពដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា៕