(សេអ៊ូល, កូរ៉េខាងត្បូង)៖ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Lee Joong Keun ស្ថាបនិកនៃក្រុមហ៊ុន Booyoung Group និងជាប្រធានក្រុមប្រឹក្សា​ភិបាលនៃក្រុមហ៊ុន Booyoung Khmer II Co.,Ltd. ជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមបញ្ជាក់ថា Booyoung Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៣ ជាក្រុមហ៊ុនឯកទេសរបស់កូរ៉េ ក្នុងវិស័យអចលនទ្រព្យ។

នៅកម្ពុជា ក្រុមហ៊ុន Booyoung Group មានគម្រោងចំនួន៦ ក្នុងវិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ ការអប់រំ និងទេសចរណ៍ (សណ្ឋាគារ និងទីលាន វាយកូនហ្គោល) ហើយគម្រោងដែលគួរឱ្យកត់​សម្គាល់​មួយចំនួនមានដូចជា បុរី ប៊ូយ៉ុង ថោន និងធនាគារ ប៊ូយ៉ុង ខ្មែរ។

នាពេលកន្លងមក ក្រុមហ៊ុន Booyoung Group ក៏បានបរិច្ចាគរថយន្តក្រុងចំនួន ១,០០០គ្រឿង ដល់រាជរដ្ឋាភិបាល និងបានជួយសាងសង់អគារសិក្សាចំនួន ៣០០ខ្នង រួមជាមួយការបរិច្ចាគក្តារខៀនចំនួន ៤០,០០០ផងដែរ៕