(ភ្នំពេញ)៖ ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសកល ហើយដើម្បីឆ្លើយតបនឹងបញ្ហាសកលនេះ ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា បានប្តេជ្ញាចិត្តរួមគ្នាជាមួយកម្ពុជា ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ។

ការប្តេជាចិត្តរួមគ្នានេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានថ្លែងអំណរគុណជូនចំពោះ ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួម ដែលបានរួមចំណែកក្នុងការដោះស្រាយបញ្ហាសកលជាមួយក្រសួងបរិស្ថាន និងបានជម្រាបជូនអំពីផែនការយុទ្ធសាស្រ្តនៃវិស័យបរិស្ថាន ដែលជាដំបូងកម្ពុជាទទួលបានជោគជ័យហើយ ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជាង ៣០លានថង់ក្នុង១ថ្ងៃ និងបន្តទៅពង្រីកវិលសាលភាពបៃតង តាមរយៈការដាំដើមឈើយ៉ាងតិចឱ្យបានជាង ១លានដើមក្នុង១ឆ្នាំ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីកម្ពុជាឈានឆ្ពោះទៅសម្រេចបាន គម្របព្រៃឈើជាង ៦០% និងក្លាយជាប្រទេសអាព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។

ស្របតាមការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីនេះ លោកឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា បានសម្តែងនូវការកោតសរសើរ និងជំនឿយ៉ាងមុតមាំថា ក្រសួងបរិស្ថានប្រាកដជាសម្រេចបានទៅតាមយុទ្ធសាស្រ្តរបស់ខ្លួន ហើយនឹងបានរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកលជាមួយនឹងអេមីរ៉ាតអារ៉ាប់រួមដែរ៕