(ភ្នំពេញ)៖​ មន្រ្តីជាន់ខ្ពស់ផុតលេខរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសនិងព្រមានខ្លាំងៗបំផុតដល់ការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលគ្រោងនឹងធ្វើនៅពេលខាងមុខនេះ, ដោយសម្តេចតេជោបានព្រមានធ្ងន់ៗថា «ទោះតម្លៃណាក៏ដោយ ពេលវេលាណាក៏ដោយ ទំហំណាក៏ដោយ ទ្រង់ទ្រាយណាក៏ដោយ រាជរដ្ឋាភិបាលមិនអនុញ្ញាតជាដាច់ខាត ព្រោះនេះជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតដល់ប្រជាជន និងប្រទេសជាតិ»

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈ Fresh News ថា ទោះជាប្តូរក្នុងតម្លៃណាក៏ដោយ សម្តេចនឹងមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើមហាបាតុកម្មនោះទេ។ សម្តេចបានបញ្ជាឲ្យសម្តេចក្រឡាហោម ស ខេង និងកម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមបង្ក្រាប មហាបាតុកម្មខុសច្បាប់ របស់គណបក្សសង្គ្រោះជាតិ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដោយចាត់ទុកថា គម្រោងធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលកម្ពុជា និងបង្កអសន្តិសុខដល់ប្រទេសជាតិ ហើយរាជរដ្ឋាភិបាលនឹងកំចាត់ចោល កម្លាំងណាក៏ដោយដែលល្មើសច្បាប់។

មន្រ្តីជាន់ខ្ពស់ផុតលេខសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់អង្គភាព Fresh News យ៉ាងដូច្នេះថា៖ «២ថ្ងៃហើយ គណបក្សសង្គ្រោះជាតិ បានគំរាមកំហែងដល់រាជរដ្ឋាភិបាល និងស្ថេរភាពរបស់ប្រទេស, ដល់ពេលវេលាដែលត្រូវនិយាយត្រឡប់ទៅវិញថា យើងមិនអនុញ្ញាតទេ, សូម្បីតែតម្លៃណាក៏ដោយ ពេលវេលាណាក៏ដោយ ទ្រង់ទ្រាយណាក៏ដោយ គឺមិនអនុញ្ញាតដាច់ខាត គ្មានដំណោះស្រាយណាដែលអាចរកឃើញ ក្រៅពីតុលាការនោះទេ, ប្រព័ន្ធតុលាការ នឹងកាត់ទោសអ្នកដែលធ្វើខុស, ហើយសូមកុំភាន់ច្រឡំថា រាជរដ្ឋាភិបាលមិនមានសិទ្ធិប្រើប្រាស់នូវសមត្ថកិច្ចដើម្បីការពារសន្តិភាពសម្រាប់ប្រទេសជាតិ និងសេចក្តីសុខរបស់ប្រជាជន»។

សម្តេចនាយករដ្ឋមន្រ្តី បានព្រមានខ្លាំងៗថា «រាជរដ្ឋាភិបាលសូមធ្វើការព្រមានទៅអ្នកដែលមានកំហុស សូមកុំធ្វើខុសតទៅទៀត បើមិនដូច្នោះនឹងនាំផលអាក្រក់ ដល់ខ្លួន, កំហុសខ្លួនឯងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។

សូមបញ្ជាក់ថា ការប្រកាសធ្វើមហាបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ ធ្វើឡើងបន្ទាប់ពីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ត្រូវសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ៥ខែ និងពិន័យជាប្រាក់ ៨០ម៉ឺនរៀល ពីបទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ។ ក្រោយការប្រកាសផ្តន្ទាទោសនេះ គណបក្សសង្រ្គោះជាតិ តែងបានធ្វើការជួបជុំអ្នកគាំទ្ររបស់ខ្លួននៅក្នុងទីស្នាក់ការនាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងថ្លែងសារនានាបង្ហាញពីការតស៊ូជាមួយរាជរដ្ឋាភិបាល៕