(ភ្នំពេញ)៖ អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នឹងប្រកាសសាលដីកាស្ថាពរ លើបណ្ដឹងសារទុកក្នុងសំណុំរឿង ០០២/០១ ប្រឆាំងនឹងលោក នួន ជា និងលោក ខៀវ សំផន នៅខែវិច្ឆិកាខាងមុននេះ ពោលគឺនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នាម៉ោង ៩៖០០ ព្រឹក នៅក្នុងសាលសវនាការ របស់ អ.វ.ត.ក។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ អ.វ.ត.ក ដែលអង្គភាព Fresh News ទទួលបាននៅល្ងាច ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ថា សំណុំរឿង ០០២/០១ គឺជាការជំនុំជម្រះលើកទីមួយ នៃការជំនុំជម្រះយ៉ាងតិចពីរប្រឆាំងនឹង លោក នួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និងលោក ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជា ប្រជាធិបតេយ្យ។ បទចោទនៅក្នុងសំណុំរឿង ០០២/០១ នេះគឺផ្តោតលើបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលរងការចោទប្រកាន់ ក្នុងអំឡុងពេលជម្លៀសប្រជាជន នៅទីក្រុងភ្នំពេញ ក្នុងខែមេសា ឆ្នាំ១៩៧៥ និងការផ្លាស់ទីដោយបង្ខំបន្តបន្ទាប់ ពីតំបន់ដទៃទៀត រួមទាំងការកាប់សម្លាប់ ដែលរងការចោទប្រកាន់ នៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់។

សូមរំលឹកថា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤កន្លងទៅអង្គជំនុំជម្រះសាលាដំបូងរកឃើញថា ជនជាប់ចោទមានពិរុទ្ធភាពពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងបានសម្រេចប្រកាសទោសដាក់ពន្ធនាគារ ជនជាប់ចោទទាំងពីរអស់មួយជីវិត។ លោក នួន ជា និងលោក ខៀវ សំផន បានធ្វើបណ្តឹងសាទុក្ខប្រឆាំង នឹងសាលក្រមរបស់ អង្គជំនុំជម្រះសាលាដំបូង ដោយម្នាក់ៗ បានលើកទឡ្ហីករណ៍ បណ្តឹងសាទុក្ខរៀងៗខ្លួនចំនួន ២២៣ និង១៤៨។

បន្ថែមលើនេះ សហព្រះរាជអាជ្ញា បានដាក់បណ្តឹងសាទុក្ខ ដោយកម្រិតត្រឹមតែស្វែងរកដំណោះស្រាយដែលប្រកាស ដោយអង្គជំនុំជម្រះតុលាការ កំពូល ទាក់ទងនឹងភាពអាចអនុវត្តបាន នូវទម្រង់ពង្រីកបន្ថែម នៃសហឧក្រិដ្ឋកម្មរួម ដែលហៅថា «សហឧក្រិដ្ឋកម្មរួមទម្រង់ទី III» (JCE III) នៅចំពោះមុខ អ.វ.ត.ក៕