(ភ្នំពេញ)៖ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ថៃរយៈពេល៧ ខែដើមឆ្នាំ២០១៦ មានទំហំទឹកប្រាក់ ៣,១០៨.៦១ លានដុល្លារ ធ្លាក់ចុះ៧.៧៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥ ដែលមានរហូតដល់ ៣៣១៧.១៩លានដុល្លារ នេះបើយោងតាម របាយការណ៍ផ្លូវការ របស់ស្ថានទូតថៃប្រចាំនៅកម្ពុជា។

របាយការណ៍ដដែលបានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ ការនាំចូលរបស់ប្រទេសថៃ មកកាន់កម្ពុជា បានធ្លាក់ចុះ១៧ភាគរយ ធ្លាក់ពី២៩២៥.៦០លានដុល្លារ នៅឆ្នាំ២០១៥ មកនៅត្រឹម២៤២៩.៤១លាន​​ដុល្លារ នៅឆ្នាំ២០១៦នេះ។ ដោយ ឡែកការនាំចេញ របស់កម្ពុជាទៅថៃវិញ បានកើនឡើងគួរឲ្យកត់សម្គាល់ កើនប្រមាណ៥២ភាគរយ កើនពី៤៤៥.៥៩លានដុល្លារ នៅឆ្នាំ ២០១៥ ដល់៦៧៩.២១លានដុល្លារ ក្នុងឆ្នាំ២០១៦។

លោកស្រី ជីរ៉ាណាន់ វង្សមង្គល អគ្គទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតថៃ ប្រចាំនៅកម្ពុជា បានថ្លែងប្រាប់ក្នុងសន្និសីទសារព័ត៌មាន ស្តីពីពិព័រណ៍ ពាណិជ្ជកម្មថៃ ២០១៦ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ បានឲ្យដឹងថា មានមូលហេតុ៣យ៉ាងធំៗ ដែលបណ្ដាលឲ្យទំហំពាណិជ្ជកម្ម នៃការនាំចូលរបស់ថៃ មានការធ្លាក់ចុះ។

មូលហេតុទាំងនោះត្រូវបានលោកស្រីពន្យល់ថា៖ ១-ការនាំចូលប្រេងឥន្ទនៈមានការធ្លាក់ចុះ ដោយសារតម្លៃទាបជាងឆ្នាំមុនតែសម្រាប់ បរិមាណ គឺនៅនាំចូលដដែល, ២- ការថយចុះនៃការនាំចូលស្ករស ពីប្រទេសថៃមកកម្ពុជា ដោយសារកម្ពុជា មានរោងចក្រផលិតស្ករស របស់ខ្លួន, និង៣-មកពីក្រុមហ៊ុនទំនិញតូចៗដែលទំនិញមួយ ចំនួនកម្ពុជាអាចផលិតខ្លួនឯងបាន ដោយមិនចាំបាច់នាំចូលពីប្រទេសថៃ ដូចជាក្រុមហ៊ុនសាប៊ូកក់សក់ជាដើមនេះ ជាហេតុដែលបណ្ដាលឲ្យការនាំចូលមានការធ្លាក់ចុះ។

ដើម្បីជួយជំរុញទំហំពាណិជ្ជកម្មទ្វេភាគីនេះ ស្ថានទូតថៃប្រចាំកម្ពុជា គ្រោងរៀបចំពិព័រណ៍ពាណិជ្ជកម្ម ២០១៦ នេះប្រព្រឹត្តិទៅរយៈពេល ៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១៥ ដល់១៨ ខែកញ្ញា នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។

លោកស្រី ជីរ៉ាណាន់ វង្សមង្គល បញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្ម នឹងមានការចូលរួម ពីសំណាក់ក្រុមហ៊ុនចំនួន២០០ និងមានស្ដង់ចំនួន ២៥០ស្ដង់ ការតាំងពិព័រណ៍នេះ ក៏មានការគាំទ្រពីប្រជាជន និងអតិថិជនព្រមទាំងពាណិជ្ជករទាំងការចាប់ដៃគូពាណិជ្ជកម្មជាមួយ ពាណិជ្ជករថៃ ការទិញផលិតផលថៃ និងទិញផលិតផលថ្មីៗ យកមកប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ។

លោកស្រីបន្ថែមទៀតថា ក្នុងការតាំងពិព័រណ៍នេះ មានការតាំងបង្ហាញនូវទំនិញជាច្រើនដូចជា សំភារៈសំណង់ និងគ្រឿងបន្លាស់ អាហារ និងភេសជ្ជៈ សំលៀកបំពាក់និងវាយនភ័ណ្ឌ សុខភាព និងសម្ភស្ស សំភារៈក្នុងផ្ទះ និងផ្ទះបាយ វត្ថុអនុស្សាវរីយ៍ និងតុបតែងផ្ទះ តំនិញ OTOP ថៃ សំភារៈធ្វើពីស្បែក និងស្បែកជើង សំភារៈអគ្គិសនី និងអេឡិចត្រូនិក៕