(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូចូលគោរពវិញ្ញាណក្ខន្ធសព លោកបណ្ឌិត មិន ឃិន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស នៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។

ក្នុងពិធីចូលរួមគោរពវិញ្ញាណក្ខន្ធនោះ លោកស្រី ពុំ ចន្ទីនី បាននាំយកនូវលិខិតរំលែកទុក្ខរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្រុមគ្រួសារសព និងនាំយកនូវថវិកាមួយចំនួនទៅចូលបុណ្យផងដែរ។

នៅក្នុងលិខិតចូលរួមរំលែកទុក្ខរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចបានសរសេរបញ្ជាក់ដោយក្ដីក្រៀមក្រំថា «ក្នុងនាមខ្ញុំផ្ទាល់ និងក្នុងនាមសហការីនៃកាកបាទ ក្រហមកម្ពុជាទាំងអស់ ខ្ញុំសូមសម្ដែងនូវសមានទុក្ខសោកស្ដាយអាឡោះអាល័យយ៉ាងក្រៃលែងជាទីបំផុត ជាមួយនឹងក្ដីសង្វេគរកទីបំផុតគ្មាន និងសូមចូលរួមរំលែក ទុក្ខជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់ នៃសពដែលបានបាត់បង់ ឯកឧត្ដមបណ្ឌិត មិន ឃិន ដែលត្រូវជា ស្វាមី បិតា បិតាក្មេក ជីតា ជីតាទួត ជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់។ ក្នុងសមាណទុក្ខដ៏ក្ដុកក្ដួលនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ សូមឲ្យ វិញ្ញាណក្ខន្ធ ឯកឧត្ដមបណ្ឌិត មិន ឃិន បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្ត កុំបីឃ្លៀងឃ្លាតឡើយ»