(ព្រះសីហនុ)៖ ក្រុមអាជីវករដែលមានតូបលក់ដូរ នៅតាមតំបន់មាត់សមុទ្រ អ្នកខ្លះលក់រយៈពេល៥ឆ្នាំ ហើយខ្លះទៀតលក់រយៈពេល១៥ឆ្នាំមកហើយ បានផ្ទុះការតវ៉ា និងសុំឲ្យអង្គភាព Fresh News ចុះផ្សាយ ដើម្បីសុំកិច្ចអន្ដរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បន្ទាប់ពីលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ កោះប្រជុំឲ្យពួកគាត់រុះរើតូបទាំងអស់ មុនថ្ងៃបុណ្យចូលមកដល់ ពោលគឺថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។

ក្រុមអាជីវករ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះថា នៅពេលសង់តូប អភិបាលខេត្តជាអ្នកអនុញ្ញាតឲ្យ សង់ដោយទុកផ្លូវសមុទ្រដើរកំសាន្ត ព្រមទាំងយកលុយពីអាជីវករ ដើម្បីក្រាលការ៉ាឡឲ្យបានស្អាតផង ពេលនោះលោក ឈិន សេងងួន ក៏ជាអភិបាលរងខេត្តដែរ ហើយអាជីវករចូរលុយគ្នា អនុវត្តតាម អស់លុយជាច្រើន ក្នុងតូបនីមួយៗ ដូចនេះប្រជាពលរដ្ឋពុំមានលុយ រុះនឹងរើ មិនឈប់មិនឈរ បត់បែនតាមការដេកយល់សព្វរបស់លោកទេ។

អាជីវករបន្ថែមថា «មានតែសម្តេចតេជោទេ ដែលអាចជួយដោះស្រាយបញ្ហានេះបាន ពីព្រោះនេះជាឆ្នាំងបាយរបស់ពួកយើងទាំងអស់គ្នា បើឲ្យរុរើតើទៅលក់ដូរនៅទីណា មិនបានទេ សូមសម្តេចជួយផង»

ក្រុមអាជីវករទាំងនេះ បានសំណូមពរដល់អាជ្ញាធរខេត្ត​ នូវចំណុចមួយចំនួនរួមមាន៖

ទី១-សូមឲ្យលោក ឈិន សេងងួន រុះរើរៀបចំនៅមុខសាលាខេត្ត មុនគេដើម្បីធ្វើជាគំរូ ដល់អជីវករទាំងអស់ បើធ្វើមិនបានសូមលោកចុះចេញពីអភិបាលរងខេត្ត ព្រោះមុខសាលាខេត្ត ជាមុខមាត់របស់ខេត្ត

ទី២-ការចំណាយថវិការ រុះរើ រៀបចំសង់ថ្មី គឺលោក ឈិន សេងងួន ជាអ្នកចំណាយ ព្រោះអាជីវកររកស៊ីមួយរស់ទេ ហើយរកមួយថ្ងៃសម្រាប់ រស់មួយថ្ងៃ ពុំមានលុយសល់សម្រាប់រុះរើ តាមចិត្តរបស់លោក ឈិន សេង ងួន ទេ សូមយកគំរូតាមលោក ជា សុផារ៉ា ធ្វើក្លោងទ្វរសមុទ្រទាំងអស់ឲ្យស្អាត ពុំចាំបាច់យកលុយពីប្រជាពលរដ្ឋ នេះហើយធ្វើឲប្រជាពលរដ្ឋសប្បាយចិត្ត ស្របតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាថា «ធ្វើអ្វីគ្រប់យ៉ាងដើម្បីប្រជាពលរដ្ឋមានប្រយោជន៍ ប្រជាពលរដ្ឋជាកូន ជាចៅ រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ត្រូវបំរើពលរដ្ឋ»

ទី៣-សំណូមពរដល់លោក ឈិន សេងងួន ដែលកាន់អភិបាលខេត្តរងច្រើនឆ្នាំកន្លងមក កសាងស្នាដៃក្នុងខេត្តព្រះសីហនុ ឲ្យបានល្អមុនពេលបុណ្យសមុទ្រថ្ងៃទៅ កុំចេះតែរុះ និងរើ បើលោក សេងងួន ធ្វើមិនបានទេ ប្រជាពលរដ្ឋនឹងសុំទៅសម្តេចតេជោ ហ៊ុន សែន ពិនិត្យការងាររបស់គាត់ ព្រោះគាត់ចេះរុះ និងរើ គាត់មានឡានច្រើនគ្រឿង និងផ្ទះច្រើនកន្លែងណាស់ ហេតុនេះហើយទើបលោក មិនខ្វល់ពីការលំបាករបស់អាជីវករ មិនខ្វល់ពីកូនចៅរបស់ខ្លួន។

ទី៤-សូមឲ្យលោក សេងងួន ដោះស្រាយបញ្ហា សំរាម ធុងសំរាម កព្ឆោរសំរាមកញ្ចាស់ៗ ទឹកលូ បង្គន់របស់អូតែល ភោជនីយដ្ឋាន ដែលបង្ហូចូលសមុទ្រឲ្យបាន រីឯសត្វគោ ក្របី ដេកជុះអាចម៍តាមផ្លូវ ៣០ឆ្នាំហើយធ្វើមិនបាន កុំមកធ្វើបាបអាជីវករតូចតាច រកស៊ី មួយពោះ រស់បានមួយថ្ងៃនោះ។ យ៉ាងណាក៏ដោយអង្គភាព Fresh News មិនទាន់អាចសុំការបំភ្លឺពីលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងអភិបាលរងរូបនោះបាននៅឡើយទេ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ៕