(ភ្នំពេញ)៖ ម្ចាស់មេដាយមាសអូឡាំពិកឆ្នាំ២០១៦ ចំនួន៥រូប ដែលមកពីបណ្តាប្រទេសសមាជិកអាស៊ាន ត្រូវបានក្រុមហ៊ុន AirAsia ជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប នៅលើពិភពលោក ប្រកាសផ្តល់ការហោះហើរជូនដោយឥតគិតថ្លៃពេញមួយជីវិតជាផ្លូវការ កាលពីសប្តាហ៍មុននេះ ខណៈដែលម្ចាស់មេដាយប្រាក់ទទួលការហោះហើរ ដោយឥតគិតថ្លៃ៥ឆ្នាំ និងម្ចាស់មេដាយសម្រិត ទទួលបានការហោះហើរដូចគ្នានេះត្រឹម ៣ឆ្នាំ។

អត្តពលិកក្នុងតំបន់អាស៊ាន បានឈ្នះមេដាយសរុប ១៨ ក្នុងនោះថៃ បានឈ្នះមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធិ ២ ឥណ្ឌូនេស៊ី បានឈ្នះមេដាយមាស ១ និងប្រាក់ ២ វៀតណាម បានឈ្នះមេដាយមាស ១ និងប្រាក់ ១ សិង្ហបុរី បានឈ្នះមេដាយមាស ១ ម៉ាឡេស៊ី បានឈ្នះមេដាយប្រាក់ ៤ និងសំរឹទ្ធមួយ និងហ្វីលីពីន បានឈ្នះមេដាយប្រាក់ ១។

ពិធីផ្តល់ការហោះហើរដោយឥតគិតថ្លៃដល់ម្ចាស់មេដាយ អូឡាំពិកឆ្នាំ២០១៦ មកពីបណ្តាប្រទេសអាស៊ាននេះ ត្រូវបានធ្វើឡើងនៅក្នុងកម្មវិធីសមោសរ នាសណ្ឋាគារ JW Marriot Hotel ទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក Tony Fernandes នាយកប្រតិបត្តិ AirAsia Groupនាយកប្រតិបត្តិ AirAsia ក្នុងប្រទេស, អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡា សាស្រ្តាចារ្យរង Chavanee Tongroach ព្រមទាំងមន្ត្រីរាជការ និងមន្ត្រីផ្នែកកីឡា មកពីបណ្តាប្រទេសអាស៊ាន ផងដែរ។

ម្ចាស់មេដាយទាំងអស់ត្រូវបានផ្តល់ជូនកាត AirAsia BIG ពិសេសជាមាសប្រាក់ និងសំរឹទ្ធិ ដែលអាចឱ្យពួកគាត់ធ្វើដំណើរទៅកាន់ទិសដៅជាង១២០ ក្នុងបណ្តាញហោះហើរដ៏ធំទូលាយរបស់ AirAsia និងAirAsia X នៅតំបន់អាស៊ីអូស្ត្រាលីមជ្ឈឹមបូព៌ានិងអាហ្វ្រិក។ (ចុចលើនេះដើម្បីទស្សនាទិដ្ឋភាពនៃពិធីសមោសរ៖​ https://www.youtube.com/watch?v=sxQWAgbjIV4&feature=youtu.be)

នាយកប្រតិបត្តិ AirAsia Group លោក Tony Fernandes បានថ្លែងថា «យើងមានកិត្តិយសណាស់ ដែលអាចផ្តល់ជូនការហោះហើរដោយឥតគិតថ្លៃ ដល់អត្តពលិកដែលបានលើកមុខមាត់តំបន់របស់យើង ជាមួយនឹងឧត្តមភាពរបស់ខ្លួនក្នុងវិស័យកីឡា»

លោកបន្តទៀតថា «អត្តពលិកអាចហោះហើរដោយឥតគិតថ្លៃ បានគ្រប់ពេលហើយប៉ុន្មានដងក៏បានតាមដែលពួកគាត់ចង់។ គ្មាន «ទាល់តែ» គ្មាន «ប៉ុន្តែ» គ្មាន «លក្ខខណ្ឌ» អ្វីទាំងអស់។ យើងសង្ឃឹមថា ពួកគាត់នឹងរីករាយធ្វើដំណើរជាមួយយើង»

AirAsia គឺជាក្រុមហ៊ុនដឹកអ្នកដំណើរតម្លៃទាបធំជាងគេបំផុតនៅអាស៊ី ដោយគិតលើចំនួនអ្នកដំណើរដែលខ្លួន បានដឹកនិងចំនួនយន្តហោះដែលខ្លួន មានជាមួយនឹងចំនួន នៃការហោះហើរច្រើនដាច់គេ។ AirAsia ក៏ជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ផងដែរ ដែលធ្វើការហោះហើរទៅកាន់បណ្តាប្រទេស ក្នុងអាស៊ានទាំង១០ រួមទាំងផ្លូវហោះហើរពិសេសជាង​ ៦០ថែមទៀតនៅក្នុងតំបន់។

ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវមួយ នៅក្នុងការធ្វើដំណើរ និងបច្ចេកវិទ្យា AirAsia ផ្តល់ជូននូវផលិតផលប្រកបដោយភាពច្នៃប្រឌិតដ៏សម្បូរបែប ដូចជាកម្មវិធីសម្រាប់ទូរស័ព្ទជម្រើស នៃការប្រើសេវាកម្មដោយខ្លួនឯង ដ៏ទូលំទូលាយការប្រើ wifi ពេលកំពុងហោះហើរមគ្គុទេសក៍ សម្រាប់ការធ្វើដំណើរកាហ្វេ ដ៏មានឱជារសការទិញទំនិញរួចពន្ធតាមអ៊ីនធើណេត​ Premium Flex និង FlyThru។

FlyThru អនុញាតឱ្យអ្នកដំណើរហោះហើរ ដោយមិនចាំបាច់ប្តូរយន្តហោះ ទៅកាន់គ្រប់ទិសដៅ នៅក្នុងបណ្តាញធ្វើដំណើរដ៏ធំទូលាយរបស់ AirAsia ដោយឈប់តែមួយដងប៉ុណ្ណោះ នៅកូឡាឡាំពួរប្រទេសម៉ាឡេស៊ី ដែលជាមណ្ឌលដឹកជញ្ជូនអ្នកដំណើរតម្លៃទាបនៅអាស៊ី និងមណ្ឌលប្តូរជើងហោះហើរ ដ៏ងាយស្រួលដទៃទៀត នៅក្នុងប្រទេសថៃ និងឥណ្ឌូនេស៊ី ដោយមិនចាំបាច់ឆ្លងកាត់កន្លែង ត្រួតពិនិត្យអន្តោប្រវេសន៍រួមជាមួយការបញ្ជូនឥវ៉ាន់ ទៅកាន់ទិសដៅចុងក្រោយតែម្តង៕