(ព្រះសីហនុ)៖ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានដឹកនាំក្រុមការងារ អាជ្ញាធរមានសមត្ថកិច្ច ចុះពិនិត្យផ្លូវបេតុងចំនួន២ខ្សែដែលទើបតែបានបញ្ចប់ការសាងសង់នាពេលថ្មីៗនេះ ស្ថិតនៅភូមិវាលធំ ឃុំវាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកបានបញ្ជាក់ថា ឃុំវាលរិញ ជាឃុំមួយក្នុងចំណោមឃុំទាំង១៥ នៃស្រុកព្រៃនប់ ក្នុងឆ្នាំនេះស្រុកព្រៃនប់ទាំងមូលទទួលបានគម្រោងមូលនិធិឃុំសង្កាត់ ចំនួន១៦ខ្សែ ជាក់ស្តែងសម្រាប់ឃុំវាលរិញទទួលផ្លូវប្រវែង១៤៥៦ម៉ែត្រ ខ្សែទី១បានបញ្ចប់ការសាងសង់រយៈពេល២សប្តាហ៍កន្លងទៅ ហើយសម្រាប់ខ្សែទី២នេះទើបតែបានបញ្ចប់ថ្មីៗនេះ។

លោកបន្តថា ទូទាំងស្រុកព្រៃនប់នេះ គម្រោងដេញថ្លៃសាងសង់បានបញ្ចប់រួចរាល់ ឃុំខ្លះទើបតែទទួលបាន១ខ្សែ រីឯឃុំខ្លះទៀតទទួលបាន២ខ្សែ, ១ពាន់ ទៅ២ពាន់ម៉ែត្រ, តាមកម្រិតថវិការដែលឃុំនីមួយៗទទួលបាន ហើយគម្រោងទាំងអស់នោះគឺកំពុងតែដំណើរការ។

ក្នុងឆ្នាំនេះគម្រោងទាំងអស់ លោកនឹងជំរុញដំណើរការសាងសង់ឲ្យបានលឿនបំផុតមុនរដូវវស្សាចូលមកដល់ ពោលគឺចាប់ពីខែ៦ខាងមុខនេះទៅ សម្រាប់ស្រុកព្រៃនប់ មានភ្លៀងធ្លាក់ច្រើន ដែលអាចបង្កឲ្យមានការរំខាន ដល់ដំណើរការសាងសង់ផ្លូវបេតុង ជាពិសេសប៉ះពាល់ចំពោះគុណភាព ភាពរឹងមាំ ក្នុងការកាយត្រាស់សេបង្ហាប់ដី។

ឆ្លៀតក្នុងឱកាសនោះ លោកបានលើកឡើងបន្ថែមថា ក្នុងនាមរូបលោកផ្ទាល់ជាអភិបាលស្រុក ជាអ្នកគ្រប់គ្រង ថែរក្សា ការពារ ដែលមានការទុកចិត្ត និងមានការតែងតាំងពីរាជរដ្ឋាភិបាល ដូចច្នេះបើប្រជាពលរដ្ឋជួបទុក្ខលំបាកមិនថាយប់ថ្ងៃ ភ្លៀងខ្យល់យ៉ាងណា គឺមន្ត្រីរដ្ឋបាលស្រុកតែងតែចុះពិនិត្យស្ថានភាពជាក់ស្តែង អំពីការរស់នៅរបស់ប្រជាពលរដ្ឋ។

ជាក់ស្តែងកន្លងទៅតាមរយៈការកៀគររកជំនួយ ពីសប្បុរសធម៌ បានធ្វើផ្ទះជូនក្មេងកំព្រា ដែលគ្មានឪពុកម្តាយនៅឃុំព្រៃនប់, ចុះសួសុខទុក្ខគ្រួសារងាយរងគ្រោះ យាយតាចាស់ជរាជាដើម, ជាពិសេសសព្វថ្ងៃអាកាសធាតុក្តៅខ្លាំង ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនជួបបញ្ហាកង្វះទឹកប្រើប្រាស់ ក្នុងនោះមន្ត្រី អាជ្ញាធរមានសមត្ថកិច្ចបាននាំយកទឹកស្អាតទៅចែកជូនពួកគាត់ដល់គេហដ្ឋានដើម្បីសម្រួលក្នុងពេលខ្វះខាត។

លោកបានគូសបញ្ជាក់ថា សកម្មភាព និងទំនួលខុសត្រូវទាំងនេះហើយ គឺជាកាកាព្វកិច្ចដែលថ្នាក់យើងមិនអាចរំលងបាន ក៏ទោះបីថាការចុះសួសុខទុកនេះមិនបានគ្រប់ផ្ទះក៏ពិតមែន តែយើងក៏បានប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយពីសុខទុក្ខរបស់ពួកគាត់ផងដែរ។

លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាពឲ្យបានត្រឹមត្រូវ រស់នៅស្អាត ហូបចុកមានអនាម័យ ជៀសវាងមានជំងឺឈឺថ្កាត់ផ្សេងៗ ជាពិសេសគឺរដូវក្តៅនេះ៕