(កំពត)៖ លោក អ៊ុង គង្គា តំណាងអង្គការសប្បុរសធម៌ខ្វនថឹម បានដឹកនាំប្រតិភូអង្គការនេះ ចូលរួមពិធីបញ្ចុះបឋមសិលា សាងសង់អាគារសិក្សាថ្មី១ខ្នង ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាព្រៃទប់ ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។

ពិធីបញ្ចុះបឋមសិលានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត តំណាងលោក ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត ដោយមានការចូលរួមពីព្រះសង្ឃ លោកអភិបាលស្រុក លោកមេឃុំ លោកនាយកសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្សជាច្រើនកុះករ។

អាគារសិក្សាថ្មីដែលជាអំណោយរបស់អង្គការសប្បុរសធម៌ខ្វនថឹមមានទំហំ ៣៩០ម៉ែត្រការ៉េ ជាប្រភេទសំណង់ឥដ្ឋប្រកក្បឿង មាន៤បន្ទប់ គ្រោងសាងសង់រយៈពេល៣ខែ ប្រើប្រាស់ថវិការជាង៥ម៉ឺនដុល្លារអាមេរិក។

លោក អាយ បូរ៉ា នាយកសាលាបឋមសិក្សាព្រៃទប់ និងអាណាព្យបាលសិស្សបានសំដែងការត្រេកអរយ៉ាងខ្លាំង។ ដោយពួកគាត់និយាយថា បន្ទាប់ពីទទួលបានអាគារសិក្សា ១ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតា និងសម្តេចយាយ កាលពីឆ្នាំ១៩៩៧រួចមក សាលាដ៏កំសត់មួយនេះ មិនដែលទទួលបានអាគារសិក្សាថ្មីផ្សេងទៀតសោះ ស្របពេលដែលចំនួនសិស្ស មានការកើនឡើងជារៀងរាល់ឆ្នាំ។

លោកតាលោកយាយខ្លះថែមទាំងលាន់មាត់ថា ថ្ងៃនេះ សូម្បីតែមេឃក៏ប្រែជាស្រទុំ ចូលរួមត្រេកអរបើកការដ្ឋានសាងសង់សាលារៀនថ្មី របស់យើងដែរ។

លោកនាយកសាលាបានឱ្យដឹងទៀតថា សព្វថ្ងៃនេះសាលាបឋមសិក្សាព្រៃទប់ មានសិស្សសរុប ៣១០នាក់ ចែកចេញជា៧ថ្នាក់ ពីថ្នាក់មតេយ្យដល់ថ្នាក់ទី ៦ ក្រោមការបង្ហាត់បង្រៀនពីលោកគ្រូអ្នកគ្រូចំនួន ៦នាក់។

លោក អ៊ុង គង្គា បានថ្លែងថា អង្គការលោកមានសេចក្តីរីករាយ ដោយបានចូលរួមចំណែកផ្តល់អាគារសិក្សា ដល់កូនចៅប្រជាពលរដ្ឋនៅទីជនបទ។

លោកបានដឹងថា សាលារៀនបឋមសិក្សាព្រៃទប់មានសិស្សច្រើន ប៉ុន្តែមានថ្នាក់រៀនតែ ២បន្ទប់ ជាហេតុនាំឱ្យលោកគ្រូអ្នកគ្រូត្រូវបង្រៀន ពួកគាត់ដាក់ជា ៣វេន ខុសពីសាលាទូទៅ លោកយល់ពីការលំបាករបស់គ្រូ និងសិស្សទើបនាំគ្នាចូលថវិការម្នាក់ៗ ១០-២០ដុល្លារ រហូតបានសាងសង់អាគារសិក្សា ១ខ្នងនេះ ជូនសាលាបឋមសិក្សាព្រៃទប់នាថ្ងៃនេះ។

លោកសូមលើកទឹកចិត្តអោយកូនៗខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្ស ចូលរួមកសាងសង្គមជាតិទៅថ្ងៃអនាគត។

លោក ខៀវ រិទ្ធិភ័ណ្ឌ បានសំដែងការស្វាគមន៍ និងអរគុណដល់ប្រតិភូអង្គការខ្វនថឹម ដែលបានបរិច្ចាកថវិការសាងសង់អាគារសិក្សាថ្មី១ខ្នង ជូនសាលាបឋមសិក្សាព្រៃទប់។

លោកបានទាំងរៀបចំនំបញ្ចុកជាអាហារថ្ងៃត្រង់ ទទួលប្រតិភូអង្គការសប្បុរសធម៌ខ្វនថឹម នៅផ្ទះចំការរបស់លោកយ៉ាងឆ្ងាញ់ពិសារ។

លោកមានប្រសាសន៍ថា ខេត្តកំពតមានសក្តានុពលធំធេង ទាំងវិស័យសេដ្ឋកិច្ច និងទេសចរណ៍ មានផ្លែទុរ៉េនកំពត ម្រេចកំពតដែលជាទំនិញប្រាប់ទិស មានទាំងចេកអំបូងលឿង ដែលបាននាំចេញទៅទីផ្សារប្រទេសចិន។ ឆាប់ៗខាងមុខនេះខេត្តកំពត នឹងការបើកសម្ពោធប្រើប្រាស់កំពង់ផែទឹកជ្រៅថែមទៀត ដែលនឹងជំរុញពាណិជ្ជកម្ម នាំចេញនាំចូលកាន់តែរីកចំរើន ថែមមួយកំរិតទៀត៕