(ពោធិ៍សាត់)៖ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសណ្ឋាគារ ពោធិ៍សាត់សេនជូរី បានរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ ក្រោមប្រធានបទ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ក្រោមអធិបតីភាព លោក រុន សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ កម្មករ និយោជក សហគ្រាស សហជីព ធនាគារ សណ្ឋាគារ និងភោជនីយដ្ឋាន សរុបប្រមាណ២៥០នាក់។

មានប្រសាសន៍សំណេះសំណាលនោះដែរ លោក រុន សារី បានលើកឡើងថា ពិធីនេះគឺប្រារព្ធឡើងក្នុងន័យរំលឹកដល់បុព្វហេតុរបស់ពលករ កម្មករ នៅលើពិភពលោកទាំងមូល បានតស៊ូទាមទារសេរីភាព និងយុត្តិធម៌ កាលពី១៣៨ឆ្នាំមុន នៅទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក។ លោកអភិបាលរងខេត្ត បន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយនានា ដើម្បីធានាលើកស្ទួយជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា សម្តៅសម្រេចឱ្យបាននូវចក្ខុវិស័យ ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ជាមួយនឹងចក្ខុវិស័យដែលប្រជាជនកម្ពុជាគ្រប់រូបចង់បាន រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាបន្តអភិវឌ្ឍន៍ ប្រព័ន្ធគាំពារសង្គមឱ្យមានប្រសិទ្ធភាព សមធម៌ និងចីរភាព ដោយឈរលើស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ តាមរយៈការផ្តោតកិច្ចអន្តរាគមន៍ របស់រាជរដ្ឋាភិបាលលើគ្រួសារក្រីក្រ, ក្រុមងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ។ លើសពីនេះទៀត ការអភិវឌ្ឍមូលធនមនុស្ស ជាកត្តាគន្លឹះសម្រាប់ផ្តត់ផ្គង់កម្លាំងពលកម្មជំនាញ ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថល ដើម្បីបន្តជម្រុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និងបរិយាប័ន្ន។ ការមានកម្លាំងពលកម្មជំនាញគ្រប់គ្រាន់ គឺជាភាពចាំបាច់ ដើម្បីគាំទ្រដល់ការបរិវត្តកម្មគ្រប់វិស័យ នៃសេដ្ឋកិច្ច ឆ្ពោះទៅកាន់សកម្មភាពដែលមានតម្លៃបន្ថែមខ្ពស់ ដោយឈរលើជំនាញ និងចំណេះដឹង ជំរុញកំណើនផលិតភាពការងារ ព្រមទាំងផ្តល់ភាពទាក់ទាញអ្នកវិនិយោគមកកម្ពុជា។

ក្នុងនាមរដ្ឋបាលខេត្ត លោកសូមគាំទ្រ និងលើកទឹកចិត្តយ៉ាងពេញទំហឹង លើការបណ្តុះបណ្តាលជំនាញទាំងអស់ ដែលបានឆ្លើយតបទៅនឹងតម្រូវការយ៉ាងពិតប្រាកដ ទៅដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយអត្រានៃភាពក្រីក្រ ការធ្វើចំណាកស្រុកទៅស្វែងរកការងារធ្វើនៅក្រៅប្រទេស ដោយប្រថុយប្រថាន ឬដោយគ្មានជំនាញណាមួយច្បាស់លាស់ ដែលជាហេតុ ធ្វើឱ្យមានការកេងប្រវ័ញ្ចកម្លាំងពលកម្ម ឬអាចក្លាយជាជនរងគ្រោះ ដោយអំពើជួញដូរមនុស្សជាដើម។
លោក រុន សារី អភិបាលរងខេត្ត ក៏បានធ្វើការក្រើនរំលឹក និងជម្រុញដល់អាជ្ញាធរក្រុង ស្រុក ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សំខាន់ស្រទាប់យុវជន ដែលបានបញ្ចប់ការសិក្សា មកចុះឈ្មោះនៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើមី្បបានសិក្សាទទួលបានមុខជំនាញបច្ចេកទេស ដែលជាមុខរបរ ក្នុងការចិញ្ចឹមជីវិតក្រុមគ្រួសារខ្លួន ទៅថ្ងៃអនាគត។ ជាក់ស្តែងរាជរដ្ឋាភិបាល បានកំណត់យក កម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ជាកម្មវិធីគោលនយោបាយអាទិភាព ក្នុងចំណោមកម្មវិធីគោលនយោបាយនានា ដើម្បីជម្រុញការកសាងប្រព័ន្ធជំនួយសង្គម សំដៅកសាងសង្គមកម្ពុជាមួយ មានភាពធន់ និងបរិយាប័ន្ន តាមរយៈការអភិវឌ្ឍន៍ធនធានមនុស្ស និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្រីក្រ គ្រួសារងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ។

លោកបានបន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលប្រជាពលរដ្ឋទូទាំងប្រទេសបោះឆ្នោតគាំទ្រ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយកំណត់យកអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលមានគោលដៅចម្បង រក្សាសុខសន្តិភាព កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍ប្រទេសជាតិ និងរក្សាឧត្តមរបេយោជន៍ប្រជាពលរដ្ឋ៕