(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្តេជ្ញាចិត្តធ្វើយ៉ាងណាខិតខំឱ្យអស់លទ្ធភាព ដើម្បីបង្ករលក្ខណៈឱ្យវិនិយោគិននៅកម្ពុជា កាន់តែមានភាពប្រកួតប្រជែង និងកាន់តែជោគជ័យ បន្តទៅទៀត តាមរយៈការជួយអ្នកវិនិយោគនៅកម្ពុជា ឱ្យទទួលបានការរីកចម្រើន និងរក្សាបានឧត្តមភាពនៃការប្រកួតប្រជែង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីប្រកាសបើកឱ្យដំណើរការ ជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី។

សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំនូវ សមាសភាពសមាគមនីមួយៗ រួមគ្នាជាថ្នាលធំមួយពង្រឹង និងពង្រីកសកម្មភាពទាក់ទាញវិនិយោគិន បរទេស មកពីគ្រប់ប្រទេស បណ្តាក់ទុនក្នុងប្រទេសកម្ពុជា រួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ ហើយនឹងប្តេជ្ញាចិត្តដើម្បីធ្វើយ៉ាងណាខិតខំឱ្យអស់លទ្ធភាព ដើម្បីបង្ករលក្ខណៈឱ្យវិនិយោគិននៅក្នុងប្រទេសកម្ពុជា កាន់តែមានភាពប្រកួតប្រជែង និងកាន់តែជោគជ័យបន្តទៅទៀត»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កម្ពុជាបានដាក់ចេញនូវកម្មវិធី និងគោលនយោបាយបុរេសកម្ម ដើម្បីទាក់ទាញបន្ថែមទៀត តាមរយៈការថែរក្សាចាស់ ពង្រីកថ្មីជាអភិក្រម ដើម្បីដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងកែរលម្អរបន្តទៀត។ ប៉ុន្តែសូមឱ្យវិស័យឯកជនចូលរួមជាដៃគូររបស់កម្ពុជា របស់រាជរដ្ឋាភិបាលនៅក្នុងការជម្រុញសេដ្ឋកិច្ច ជាពិសេសអភិវឌ្ឍវិស័យធុរកិច្ចនៅកម្ពុជាឱ្យបានជោគជ័យ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអរគុណណាស់ចំពោះអ្នកវិនិយោគិនទាំងអស់ទាំងវិនិយោគិននៅកម្ពុជា ទាំងវិនិយោគិនមកពីក្រៅប្រទេស ចំពោះការសម្រេចចិត្តមកធ្វើការវិនិយោគនៅកម្ពុជា ហើយទុកចិត្តមកលើកម្ពុជា៕