(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយមានកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) បានបង្កើតមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនៅខេត្តចំនួន៣ គឺខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តតាកែវ ដើម្បីបម្រើដល់អ្នកស្រាវជ្រាវ មហាជនទូទៅដែលជាភាគីពាក់ព័ន្ធ ជាពិសេស សិស្សានុសិស្ស និងនិស្សិត ដែលជាយុវជន បានចូលទៅសិក្សាស្វែងយល់ និងទទួលបានព័ត៌មានអំពីការបោះឆ្នោតនៅកម្ពុជា។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតទាំងបីនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប និងមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីជាន់ខ្ពស់ គ.ជ.ប តំណាងទីភ្នាក់ងារ JICA នៃទីស្នាក់ការកណ្ដាលនៃប្រទេសជប៉ុន តំណាងទីភ្នាក់ងារ JICA ប្រចាំនៅកម្ពុជា ប្រធាន និងមន្រ្តីនៃគណៈកម្មការរៀបចំការបោះឆ្នោត និងលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តតាកែវ តំណាងអាជ្ញាធរខេត្តកំពង់ធំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។

នៅក្នុងពិធីនេះ លោក ទេព នីថា បានថ្លែងកោតសរសើរចំពោះអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃ គ.ជ.ប លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តតាកែវ និងលោក តូម៉ូយូគី តាត្ស៊ឺមី អ្នកជំនាញការទីភ្នាក់ងារ JICA ប្រចាំ គ.ជ.ប ដែលបានផ្តួចផ្តើម និងសហការរៀបចំបង្កើតឱ្យលេចចេញជារូបរាងនៃមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោត ដែលមានទីតាំងនៅក្នុងបរិវេណនៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោតនៃខេត្តទាំងបីនេះ។

លោកបានថ្លែងថា ការបង្កើតមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនេះឡើង គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់បម្រើដល់អ្នកសិក្សាស្រាវជ្រាវ សិស្សានុសិស្ស និងសាធា-រណជន ដែលមានបំណងសិក្សាស្រាវជ្រាវ និងស្វែងរកព័ត៌មានអំពីការបោះឆ្នោតនៅកម្ពុជា។

មជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតមានឯកសារជាច្រើន ដូចជា សៀវភៅរដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត សៀវភៅក្រមសីលធម៌ដែលបោះពុម្ពផ្សាយដោយ គ.ជ.ប សៀវភៅណែនាំ សៀវភៅជំនួយស្មារតី សៀវភៅសម្រាប់អ្នកបោះឆ្នោត ខិត្តបណ្ណ ព្រឹត្តិបត្រព័ត៌មាន គ.ជ.ប ព្រឹត្តិបត្រគោលនយោបាយរបស់គណបក្សនយោបាយជាដើម ហើយថែមទាំងមានដាក់តាំងបង្ហាញនូវសម្ភារសម្រាប់បម្រើឱ្យការបោះឆ្នោត មានជាអាទិ៍ ហិបឆ្នោត សន្លឹកឆ្នោត ទឹកខ្មៅ និងបន្ទប់សម្ងាត់។ លើសពីនេះមជ្ឈមណ្ឌលក៏មានកម្មវិធីបង្ហាញដល់សាធារណជន សិស្ស និស្សិតឱ្យបានស្វែងយល់អំពីការប្រព្រឹត្តទៅនៃការបោះឆ្នោត ព្រមទាំងមានទូរទស្សន៍ កុំព្យូទ័រ និងថេបប្លែត (Tablet) ដែលមានភ្ជាប់សេវាអ៊ីនធឺណិត សម្រាប់ឱ្យសាធារណជនបានប្រើប្រាស់ក្នុងការស្រាវជ្រាវ។

មជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតដែលត្រូវបានសម្ពោធនៅថ្ងៃនេះ និងវគ្គអប់រំអ្នកបោះឆ្នោតបន្ត ស្ដីពីសារៈសំខាន់នៃការបោះឆ្នោត ដែល គ.ជ.ប រៀបចំឡើងតាមបណ្ដារាជធានី ខេត្ត ក្រុង ស្រុក គឺជាគម្រោងដែលទទួលបានការគាំទ្រពីទីភ្នាក់ងារ JICA។

នាឱកាសសម្ពោធមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោត អគ្គលេខាធិការ គ.ជ.ប ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងមានជំនឿយ៉ាងមុតមាំថា ទីភ្នាក់ងារ JICA នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយ គ.ជ.ប និងជួយឧបត្ថម្ភគាំទ្រលើការងារអប់រំអ្នកបោះឆ្នោត ទាំងផ្នែកបច្ចេកទេស និងសម្ភារ។

សូមជម្រាបជូនថា ក្រៅពីខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តតាកែវ គ.ជ.ប មានគម្រោងបង្កើតមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនៅតាមរាជធានី ខេត្តផ្សេងៗទៀតផងដែរ៕