(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហោះសារចែករំលែករឿងកម្សាន្ដមួយ ក្រោយក្រុមជំនួយការទិញម៉ូតូធំជ័រ២គ្រឿង ដាក់លើតុធ្វើការ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មុនកាន់តំណែងជានាយករដ្ឋមន្ដ្រី ត្រូវបានគេដឹងថា ចូលចិត្តជិះម៉ូតូធំកម្សាន្ដក្រោយសម្រាកពីការងារ ប៉ុន្ដែពេលនេះដោយកាតព្វកិច្ចដើម្បីជាតិ និងមាតុភូមិនោះ សម្ដេចបញ្ជាក់ថា លែងមានឱកាសជិះបែបនេះទៀតហើយ បានត្រឹមមើលម៉ូតូជ័រដើម្បីបន្ធូរអារម្មណ៍ប៉ុណ្ណោះ។

តាមរយៈ Facebook សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់យ៉ាងដូច្នេះថា «សូមយករឿងពិតមកនិយាយលេងបន្តិច ដើម្បីបានកំសាន្តនិងបន្ធូរអារម្មណ៍!

ម្សិលមិញ ពេលខ្ញុំកំពុងតែពិនិត្យឯកសារ ស្រាប់តែក្រុមជំនួយការយកម៉ូតូជ័រពីរគ្រឿង (BMW R1250 GSA និង Kawasaki Ninja H2R) មកឱ្យ។

ប្រហែលពួកគេដឹងថា ខ្ញុំអស់ឱកាសប្រើរបស់ពិតហើយ បានជាខំទិញកូនម៉ូតូជ័រ ២គ្រឿងនេះមកឱ្យខ្ញុំ ទុកគ្រាន់មើលកំសាន្តអារម្មណ៍ពេលអផ្សុក។

សូមអរគុណក្រុមជំនួយការ ដែលយល់ចិត្ត។ ឥឡូវ ទោះបីជាមិនអាចជិះម៉ូតូមែនទែនកម្សាន្ដទៀត ក៏ខ្ញុំអាចបន្ធូរអារម្មណ៍បាន តាមការមើលរូបថតចាស់ៗ និងម៉ូតូជ័រពីរគ្រឿងនៅលើតុ»៕