(បន្ទាយមានជ័យ)៖ ​លោក​ អ៊ុង អឿន ​ប្រធានក្រុមប្រឹក្សាខេត្ត​បន្ទាយមានជ័យ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ បាន​រៀបចំបើកឱ្យប្រើប្រាស់​ ព្រមទាំងមានការជួសជុលបន្ថែមនូវផ្លូវលំចំនួន២ខ្សែ ចម្ងាយ១,៤៥០ម៉ែត្រ ​ស្ថិតក្នុងភូមិព្រែកឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជូនប្រជាពលរដ្ឋដែលឆ្លងកាត់ទីនោះ។

ការបើកឱ្យប្រើប្រាស់ និងជួសជុលនេះ ក៏មានការចូលរួមពី លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ​ ​លោក លោកស្រីប្រធានមន្ទីរ-អង្គភាព និងយុវជន CPP ទាំង៩ស្រុក-ក្រុង និងប្រជាពលរដ្ឋប្រមាណ៤៥០នាក់។

ផ្លូវ២ខ្សែចម្ងាយ១,៤៥០ម៉ែត្រខាងលើ មានការខូចខាតខ្លាំង នារដូវភ្លៀងធ្លាក់ម្ដងៗ ដែលត្រូវបានជួសជុល សម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរវិញ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ។

ក្រោយពីបញ្ចប់ពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្រុមការងារថែមទាំងបានឧបត្ថម្ភថវិកា ក្នុងម្នាក់ៗទទួលបានសារ៉ុង១ និងរៀបចំកម្មវិធីទទួលទានអាហារថ្ងៃត្រង់ មាននំបញ្ចុក បង្អែម និងភេសជ្ជៈ ជូនប្រជាពលរដ្ឋទាំង៤៥០នាក់ផងដែរ។

លោកតា លោកយាយ ប្រជាពលរដ្ឋទាំងអស់មានការសប្បាយរីករាយយ៉ាងខ្លាំង ព្រមទាំងថ្លែងអរគុណដល់ក្រុមការងារ CPP ដែលយកចិត្តទុកដាក់ជួយជួសជុលផ្លូវជូនពួកគាត់៕