(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានបេតុងមួយកន្លែងប្រវែង ២៤ម៉ែត្រ ស្ថិតនៅភូមិដូនវៀត ឃុំកំពុងហាវ ស្រុកកំពង់លែង ជាអំណោយ របស់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន តាមរយៈជំនួយឥតសំណង ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ។

ពិធីនេះក្រោមអធិបតីភាពលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា, លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងមានការចូលរួមពីមន្ទីរអង្គភាពនៅជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀតផងដែរ។

ស្ពាននេះមានប្រវែងបណ្តោយ ២៤ម៉ែត្រ ទទឹង ៤.៥ម៉ែត្រ ស្ថិតនៅភូមិដូនវៀត ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយចំណាយថវិកាសរុប ១៣៧.២០៧ដុល្លារ ជាអំណោយរបស់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន តាមរយៈជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណ៌)។ ស្ពាននេះដែរចាប់ផ្តើមសាងសង់នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់ការសាងសង់នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។

ក្នុងឆ្នាំ២០២៤នេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បាននិងកំពុងអនុវត្តគម្រោងការងារជួសជុលបន្ទាន់ដោយក្រាលដីល្បាយថ្ម ប្រវែង ២៧០០ម៉ែត្រ ទទឹង៦ម៉ែត្រ ចន្លោះពីគីឡូម៉ែត្រ០០ +០០០ដល់គីឡូម៉ែត្រ ០២+៧០០ លើកំណាត់ផ្លូវខេត្ត១KCH៨ តភ្ជាប់ពីកំពង់ដជ្រោយបបុស្សដល់ភូមិដូនវៀត ឃុំកំពង់ហៅ ស្រុកកំពង់លែង។

លោក ស៊ុន សុវណ្ណារិទ្ធ បានថ្លែងថា ថ្ងៃនេះជាថ្ងៃដ៏វិសេសវិសាលក្រៃលែងដែលលោកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យ ប្រើប្រាស់ជាផ្លូវការស្ពានបេតុងដូនវៀត ទន្ទឹមនោះលោកអភិបាលខេត្ត ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលបានជួយសាងសង់ស្ពានមួយនេះ តាមរយៈជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខ មនុស្សជាតិ(គូសាណូណ៌)។

អគ្គរាជទូតជប៉ុនបានថ្លែងថា ស្ពានបេតុង ដូនវៀត ស្ពាននេះត្រូវបានកសាងឡើងដោយប្រជាពលរដ្ឋក្នុងភូមិដូនវៀត ក្នុងអំឡុងឆ្នាំ១៩៤៩ និងមានសភាពទ្រុឌទ្រោមខ្លាំង ដែលពិបាកដល់ការដឹកជញ្ជូនកសិផល ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ សិស្សានុសិស្ស ជាពិសេសអាចបង្កឱ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ ដោយពិនិត្យឃើញស្ថានភាពដូចនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសុំសាងសង់ស្ពានបេតុង ដូនវៀតនេះទៅកាន់ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានសម្រេចផ្តល់ជូនតាមការស្នើសុំ និងបានរៀបចំពិធីចុះហត្ថលេខាផ្តល់ជំនួយគម្រោងសាងសង់ស្ពានបេតុងដូនវៀតនេះតាមសំណើរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ៕