(ភ្នំពេញ)៖ សមាជិក-សមាជិកានៃសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ ច្រានចោលការផ្សាយព័ត៌មានមិនពិត របស់វិទ្យុអាស៊ីសេរី មានចេតនាមូលបង្កាច់ថា សណ្ឋាគារ លី យ៉ុងផាត់ សង្ស័យមានការជួញដូរមនុស្ស។

សេចក្តីថ្លែងការណ៍របស់សមាគមឧកញ៉ាកម្ពុជា មានខ្លឹមសារទាំងស្រុងថា៖ «យើងខ្ញុំទាំងអស់គ្នាជាសមាជិក-សមាជិកានៃសមាគមឧកញ៉ាកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ ឱ្យបានជ្រាបថា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ថ្មីៗនេះមានការ ផ្សាយតាមវិទ្យុអាស៊ីសេរី ជាភាសាខ្មែរ នូវព័ត៌មានក្រុមឃ្លាំមើលស្នើឱ្យរដ្ឋាភិបាលស៊ើបអង្កេតសណ្ឋាគារ លី យ៉ុងផាត់ ដែលមានការសង្ស័យថាមានការជួញដូរមនុស្ស...។

ការផ្សាយរបស់អ្នកស្រី ខាន់ លក្ខិណា នេះជាការមូលបង្កាច់មានចេតនាអាក្រក់ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដែលយើងខ្ញុំទាំងអស់គ្នា មិនអាចទទួលយកបានដោយហេតុថា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជានិច្ចកាលប្រកាន់ខ្ជាប់នូវការគោរពច្បាប់, សុច្ចរិតទៀងត្រង់, ប្រកបដោយគុណធម៌, ព្រហ្មវិហារធម៌, ធ្វើសកម្មភាពពាណិជ្ជកម្មស្របច្បាប់, បរិច្ចាគទ្រព្យសម្បត្តិធនធានផ្ទាល់ខ្លួន ដើម្បីជួយជាតិ និងសង្គមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសមិទ្ធផលជាច្រើន, ចូលរួមថវិកាជាមួយ កាកបាទក្រហមកម្ពុជា និងធ្វើសកម្មភាពមនុស្សធម៌ជាច្រើនទៀត ដែលមិនអាចពណ៌នាអស់បាន។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច នៅមូលដ្ឋានខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០២២ និង ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះសមត្ថកិច្ចពិត ជាបានចុះបង្ក្រាបករណីសង្ស័យជួញដូរមនុស្ស នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅលើទីតាំងផ្សេងពិតប្រាកដមែន ប៉ុន្តែមិនមែនលើទីតាំងអាជីវកម្មរបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ នោះទេ។ នេះសបញ្ជាក់ឱ្យឃើញថា វិទ្យុអាស៊ីសេរី ដែលជាសារព័ត៌មានគ្មានវិជ្ជាជីវៈ និងមិនមានច្បាប់ អនុញ្ញាតពីក្រសួងព័ត៌មាន ជានិច្ចកាលតែងតែប្រឌិតព័ត៌មានគ្រប់រូបភាព មានរបៀបវារៈនយោបាយ ចេតនាទុច្ចរិត និង មូលបង្កាច់ខុសពីការពិត ហើយជាទម្លាប់របស់អ្នកសារព័ត៌មាន បម្រើការនៅវិទ្យុអាស៊ីសេរីនេះ តែងតែធ្វើកិច្ចការពុំមាន វិជ្ជាជីវៈ អសីលធម៌ តាមខ្សែញាក់របស់ជនបរទេសមួយក្តាប់តូច។

យើងខ្ញុំទាំងអស់គ្នាសូមស្នើឱ្យសាធារណជនទាំងអស់ ឈប់ជឿ និងស្តាប់ការផ្សាយនានា របស់វិទ្យុអាស៊ីសេរី និងអំពាវនាវឱ្យអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរី ងាកមកគោរពវិជ្ជាជីវៈ មានសច្ចធម៌ ក្រមសីលធម៌ និងលែងបម្រើ តាមខ្សែញាក់របស់ជនបរទេសមួយក្តាប់តូច និងងាកមកគិតគូរពីផលប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា។ យើង ខ្ញុំក៏តម្រូវឱ្យវិទ្យុអាស៊ីសេរីធ្វើការកែតម្រូវព័ត៌មានរបស់ខ្លួន ឱ្យត្រឹមត្រូវឡើងវិញជាបន្ទាន់»៕